អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលត្រូវបានស្គាល់ថាជាសាលាក្តីខ្មែរក្រហម បានជូនដំណឹងទៅកាន់ភាគីនានាថាដោយអនុលោមតាមវិធាន១០២ នៃវិធានផ្ទៃក្នុងអង្គជំនុំជម្រះសាលាដំបូងនឹងប្រកាសសេចក្តីសំអាងហេតុ និងផ្នែកនៃសេចក្ដី សម្រេចនៃសាលក្រមក្នុងសំណុំរឿង ០០២/០២ ដែលពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅថ្ងៃសុក្រទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះនៅសាលសវនាការនៃ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា វេលាម៉ោង៩ និង ៣០ នាទីព្រឹក។
ជនជាប់ចោទ ដែលត្រូវជំនុំជម្រះក្នុងសំណុំរឿង ០០២/០២ គឺ នួន ជា ដែលជាអនុលេខាបក្ស កុម្មុយនីស្តកម្ពុជា និង ខៀវ សំផន ជាអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត។
ព្រឹត្តិការណ៍សំខាន់ៗទាមទារឲ្យមានការយល់ដឹងជជែកពិភាក្សា និងឆ្លើយតបជាសាធារណៈ ប៉ុន្តែខ្ញុំចង់លើកទឹកចិត្តឲ្យមានការយល់ឃើញយ៉ាងទូលំទូលាយនៃសារសំខាន់របស់ព្រឹត្តិការណ៍នាថ្ងៃសុក្រខាងមុខនេះ។ យើងបានចំណាយពេលវេលាអស់ជាច្រើនដើម្បីបង្កើតតុលាការកាត់ ទោសមេដឹកនាំខ្មែរក្រហមនិងរយៈពេលជាង១០ឆ្នាំបានកន្លងផុតទៅហើយចាប់តាំងពីការ បង្កើតតុលាការនេះ។ ជាការពិតណាស់ រយៈពេលជាង៧ឆ្នាំបានកន្លងផុតទៅហើយដែរ ចាប់តាំងពី ការចាប់ផ្តើមនៃសវនាការដំបូងក្នុងសំណុំរឿង០០២ ហើយក្នុងអំឡុងពេលនោះដែរ មានជនជាប់ចោទមួយចំនួនបានបាត់បង់ជីវិត និងបានគេចផុតពីប្រព័ន្ធយុត្តិធម៌។ ជនរងគ្រោះ ជាច្រើនក៏បានស្លាប់ ចំណែកឯគ្រួសារជាច្រើនទៀតនៅតែមិនដឹងថាតើមានរឿងអ្វីដែលបាន កើតឡើងទៅលើមនុស្សជាទីស្រឡាញ់របស់ខ្លួនហើយ មូលហេតុទាំងនេះអាចបង្កឲ្យ ប្រជាជនជាច្រើននៅមានការឈឺចាប់ដោយសារតែការគិតទៅលើអ្វីដែលមនុស្សជាទីស្រឡាញ់ របស់ខ្លួនបានរងទុក្ខ និងជាញឹកញាប់នោះគឺវាអាចអាក្រក់ជាងការដឹងឮអំពីអ្វីដែលបានកើតឡើងទៅទៀត។
ការយល់ឃើញដ៏ទូលំទូលាយរបស់យើងនៅក្នុងខណៈពេលនេះគឺត្រូវតែទទួលស្គាល់ថាតើការស្វែងរកយុត្តិធម៌បានចំណាយអស់រយៈពេលប៉ុន្មាន និងបានចំណាយអស់ថវិកាចំនួនប៉ុន្មាន។ ប៉ុន្តែយើងមិនគួរបណ្តោយឲ្យកំហុសរបស់តុលាការ លុបបំបាត់សារសំខាន់របស់ដំណើរការ តុលាការនោះទេ។ សាលាក្ដីខ្មែរក្រហម បាននាំមកនូវចំណាប់អារម្មណ៍ និងការយល់ដឹងពី ប្រជាពលរដ្ឋកម្ពុជានូវគោលគំនិតសំខាន់ៗអំពីយុត្តិធម៌ និងសាររសំខាន់នៃនីតិរដ្ឋ។ ជនរងគ្រោះ ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានចូលរួមក្នុងអង្គជំនុំជម្រះ មានអំណរគុណ ចំពោះគុណតម្លៃទាំងនេះ។ ទោះបីជាការស្វែងរកយុត្តិធម៌ដែលជារឿយៗទទួលបានលទ្ធផល មិនល្អឥតខ្ចោះយ៉ាងណាក៏ដោយក៏អ្នករស់រានមានជីវិតទាំងនោះដឹងឮអំពីការរកខុសត្រូវចំពោះ ទុក្ខវេទនារបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅពេលដែលសង្គមទទួលស្គាល់ និងបន្តស្វែងរកយុត្តិធម៌ប្រឆាំងនឹងជនល្មើសដែលបានបង្កបទឧក្រិដ្ឋដ៏គួរឲ្យរន្ធត់ដែលប្រជាជនបានទទួលរងនាពេលនោះ។
សេចក្តីសន្និដ្ឋាននៃសំណុំរឿង ០០២ នឹងបង្កឲ្យមានការឆ្លើយតប និងការឆ្លុះបញ្ចាំងជាច្រើន ក្នុងចំណោមប្រជាជនកម្ពុជា។ ទោះបីជាយ៉ាងណា វានឹងបញ្ជាក់អំពីសមូហភាពនៃមនុស្សជាតិ របស់ជនរងគ្រោះដែលនៅរស់រានមានជីវិត និងបញ្ជាក់អំពីការឈឺចាប់និងការបាត់បង់ដ៏សែន ខ្លោចផ្សារបស់ប្រជាជន។ សម្រាប់ក្មេងជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជាដែលមិនបាន ជួបប្រទះនឹងភាពភ័យតក់ស្លុតនៃសង្គ្រាម ការអត់ឃ្លាន អំពើប្រល័យពូជសាសន៍ ឬអំពើឃោរ ឃៅទ្រង់ទ្រាយធំ ដំណើរការទាំងនេះនឹងក្លាយទៅជាការរំឭកដ៏គួរឲ្យរន្ធត់មួយអំពីសក្តានុពល របស់មនុស្សចំពោះភាពអមនុស្សធម៌ ដែលបង្កឲ្យមានស្នាមរបួសជាច្រើនទាំងកាយសម្បទា និងសតិអារម្មណ៍ និងកំពុងតែបន្តលងបន្លាចនៅក្នុងសង្គមកម្ពុជា។ សំណុំរឿង ០០២ ដែលបញ្ជាក់ពីអំណាចនៃយុត្តិធម៌កំពុងតែផ្តល់ឲ្យនូវសេចក្តីបញ្ចប់នៃជំពូកដ៏អាក្រក់នៅក្នុង ប្រវតិ្តសាស្ត្ររបស់ប្រទេសកម្ពុជា ទោះបីជាស្នាមរបួសទាំងនោះ បានមុតចូលជ្រៅយ៉ាង ណាក៏ដោយ។ សំណុំរឿង ០០២ ក៏មានសារសំខាន់ផងដែរ សម្រាប់ផ្តល់ជាមធ្យោបាយ មួយក្នុងការបង្កើនការយល់ដឹង និងការប្រុងប្រយ័ត្ននៅក្នុងគំនិត និងដួងចិត្តរបស់មនុស្ស ជំនាន់ក្រោយ តាមរយៈការបញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សាលា និងតាមសាកលវិទ្យា ល័យនានា។ វាបង្ហាញអំពីសេចក្តីរន្ធត់នៃភាពអមនុស្សធម៌ ដែលអាចកើតមានឡើងនៅពេល ដែលប្រជាជនមិនបានអនុវត្តដោយការព្យាយាមការពារផលប្រយោជន៍ និងអាទិភាពរបស់ខ្លួន និងជំនួសទៅវិញដោយចុះចូលខ្លួនឯងជាមួយនឹងអ្នកផ្តាច់ការ និងគំនិតមនោគមវិជ្ជាជ្រុល និយមរបស់គេ។ មេរៀនជាច្រើន អាចទទួលបានពីកង្វះខាត កំហុស និងភាពខ្វះចន្លោះ នៃដំណើរការរបស់តុលាការ និងលទ្ធផលរបស់វា។ កិច្ចការងារ និងមេរៀនពីតុលាការ ខ្មែរក្រហម និងតុលាការព្រហ្មទណ្ឌអន្តរជាតិដទៃទៀតផ្តល់ឲ្យនូវការគិតអំពីសារសំខាន់ នៃការប្រុងប្រយ័ត្ន និងការចូលរួមក្នុងដំណើរការនយោបាយដោយមិនត្រឹមតែសម្រាប់ ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រព័ន្ធច្បាប់អន្ដរជាតិ និងការទន្ទឹងរង់ចាំមើល ព្រមទាំងការឆ្លើយតបចំពោះអំពើឃោរឃៅទ្រង់ទ្រាយធំនេះ។
យើងត្រូវផ្តល់តម្លៃទៅលើសារសំខាន់នៃពេលវេលានេះ ដោយទាញយកឱកាសមួយដើម្បី បញ្ជាក់អំពីការប្តេជ្ញាចិត្តជាបុគ្គល និងជាសមូហភាពរបស់យើងចំពោះការចូលរួមឲ្យ បានសកម្មនៅក្នុងសង្គម និងការការពារទុកជាមុន នៅពេលដែលការប៉ះទង្គិចនៃព្រឹត្តិការណ៍នា ពេលអនាគតចាប់ផ្តើមបង្ហាញខ្លួន។ តុលាការគឺជាអ្នកអនុវត្តយុត្តិធម៌ ការពារនីតិរដ្ឋ និងឈរជាអ្នកថែរក្សានៅមុខច្រក យុត្តិធម៌ ប៉ុន្តែកាតព្វកិច្ចនៃការស្ថាបនា និងការពង្រឹងសង្គម ក្រោយជម្លោះឡើងវិញគឺជាការទទួលខុសត្រូវរបស់ប្រជាជន។ ជនរងគ្រោះដែលរស់រាន មានជីវិតពីអំពើឃោរឃៅទ្រង់ទ្រាយធំនេះ អាចរង់ចាំដោយអត់ធ្មត់ចំពោះភាពធូរស្បើយ ការទទួលស្គាល់ និងជំនួយ ប៉ុន្តែស្របពេលជាមួយគ្នានេះដែរ យើងត្រូវធានាឲ្យបានថា ដំណោះស្រាយត្រូវតែកើតមានជាមុនសិនជាជាងអូសបន្លាយទុកនៅពេលក្រោយ។ យុត្តិធម៌ដែលទទួលបានក្រោយជម្លោះ មិនមែនសុទ្ធសឹងតែធ្វើឡើងនៅក្នុងប្រព័ន្ធតូច ចង្អៀតនៃដំណើរការនៃការកាត់ទោស និងការវិនិច្ឆ័យទោសឲ្យបានត្រឹមត្រូវទៅតាមច្បាប់ របស់តុលាការនោះទេ។ ដើម្បីយល់ដឹងឲ្យកាន់តែទូលំទូលាយ យើងទទួលស្គាល់ថា ដំណើរការទាំងនោះ ត្រូវតែកែលម្អតាមរយៈការប្ដេជ្ញាចិត្តយ៉ាងទូលំទូលាយចំពោះ ការអប់រំទប់ស្កាត់ ការទទួលស្គាល់ជនរងគ្រោះ និងគំនិតផ្តួចផ្តើមរំឭក និងការព្យាបាល សុខភាព ការផ្តល់ប្រឹក្សា និងសេវាកម្មសង្គមផ្សេងៗទៀតស្របពេលដែលមានការកាត់ក្តី និងការវិនិច្ឆ័យទោស។
រូបថតខាងក្រោមគឺ នួន ជា ខៀវ សំផន តា ម៉ុក និង មេដឹកនាំកម្មាភិបាលខ្មែរក្រហមដទៃទៀត នៅក្នុងជំនួបប្រជុំនៅផ្ទះរបស់ តាម៉ុក ស្ថិតនៅស្រុកអន្លង់វែង ក្នុងឆ្នាំ១៩៩៨។ តាម៉ុក បានស្លាប់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៦ ដោយសារតែជំងឺបេះដូងប្រហែលជាអាចបណ្តាល មកពីភាពតានតឹងពីការកាត់ទោសរបស់តុលាការខ្មែរក្រហម។ រក្សាសិទ្ធិ និងរូបថតដោយ ៖ ជេម៍ ជឺរាណ (Jame Jerrand)។ រូបថតខាងលើ គឺជាស្បែកជើងរបស់អតីតកម្មាភិបាល ខ្មែរក្រហម ថតដោយ ៖ អ៊ូច មករា។ (កំណត់ចំណាំ៖ រូបថតទាំងនេះ និងរូបថតផ្សេងៗ ទៀតនឹងជាផ្នែកមួយនៃការតាំងពិពណ៌នាពេលខាងមុខរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា៖ “អន្លង់វែង ៖ ទីក្រុងនៃការយោគយល់រវាងមិត្តនិងសត្រូវ” ក្នុងខែធ្នូ ២០១៨)៕ ដោយ: ឆាំង យុ នាយក មជ្ឈមណ្ឌលឯកសារកម្ពុជា