សាលាក្តី​ខ្មែរក្រហម ចាក់​បញ្ចាំង​ខ្សែភាពយន្ត​រឿង “​បុប្ផា​ណា​”

266

​(ភ្នំពេញ)​៖ សាលាក្តី​ខ្មែរក្រហម សហការ​ជាមួយ​មជ្ឈមណ្ឌល​សោតទស្សន៍ បុប្ផា​ណា នឹង​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​រឿង “​បុប្ផា​ណា​” នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧នេះ នៅ​សាល​សវនាការ​របស់​សាលាក្តី​ខ្មែរក្រហម ដោយមាន​ការចូលរួម​ទស្សនា​ពី​ប្រជាពលរដ្ឋ និង​យុវជន​ជាង ៣០០​នាក់ មកពី​ខេត្តព្រៃវែង​។

​សេចក្តីប្រកាស​បង្ហាញថា ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​ការងារ​ផ្សព្វផ្សាយ​របស់​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរក្រហម​ក្រោម​ប្រធានបទ “​ការចងចាំ​”​។

​លោក ក្រាញ់ តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី​នៃ​សាលាក្តី​ខ្មែរក្រហម នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​មួយ និយាយ​ពី​ការងារ​របស់​តុលាការ​ខ្មែរក្រហម ក្នុងការ​ជំនុំជម្រះ​ក្តី​លើ​អតីត​មេដឹកនាំ​ខ្មែរក្រហម ដើម្បី​នាំយក​នូវ​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម មុននឹង​ពិធី​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះ​។

​ការ​លើកយក​ខ្សែភាពយន្ត​បុប្ផា​ណា មកចាក់​បញ្ចាំង​នេះ គឺ​ដើម្បី​បង្ហាញ​នូវ​រឿងរ៉ាវ​របស់​នារី​ជនជាតិខ្មែរ​ម្នាក់ ដែល​បាន​រងគ្រោះ​ជាប់ឃុំ​នៅ​មន្ទីរ​សន្តិសុខ​ស​-២១​។

​សេចក្តីប្រកាស លើកឡើងថា សមិទ្ធ​ករ​ភាពយន្ត រិទ្ធី ប៉ាន់ បានធ្វើ​សម្ភាសន៍​បងប្អូន​របស់​ស្ត្រី​ឈ្មោះ “​បុប្ផា​ណា​” និយាយ​ពី​ជីវិត​របស់​ស្ត្រី​រូបនេះ នៅមុន​ពេល​របប​ខ្មែរក្រហម ឡើងកាន់​អំណាច ហើយ​រឿងរ៉ាវ​មួយផ្នែក បាន​និយាយ​ពី​ចម្លើយសារភាព​របស់​ស្ត្រី​បុប្ផា​ណា ដែល​ត្រូវបាន​សួរចម្លើយ​នៅ​គុក​ទួលស្លែង ដែល​គ្រប់គ្រង​ដោយ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច​។ ឌុ​ច ដែល​ត្រូវបាន​អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​សាលាក្តី​ខ្មែរក្រហម សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត ចំពោះ​បទ​ចោទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម​កម​សង្គ្រាម ដែល​ធ្វើឱ្យ​មនុស្ស​ជាង ១៥០០០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​។

​លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​ថ្លែងថាការចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការចងចាំ​ជាពិសេស​សម្រាប់​យុវជន​ចងចាំ​ពី​ប្រវត្តិសាស្ត្រ និង​រឿងរ៉ាវ ដែល​បានកើត ឡើង​នៅក្នុង​របប​ខ្មែរក្រហម​។

​លោក​បាន​គូសបញ្ជាក់ថា កិច្ចសហការ​រវាង​សាលាក្តី​ខ្មែរក្រហម និង​មជ្ឈមណ្ឌល​សោតទស្សន៍​បុ​ប្ជា​ណា​នេះ បានធ្វើ​ឡើង តាំងតែ​ពី​ឆ្នាំ​២០០៩ មកម្ល៉េះ ក្រោម​ប្រធានបទ “​រាត្រី​នៃ​ការចងចាំ​” ដោយបាន​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​ទាក់ទង​នឹង​របប​ខ្មែរក្រហម និង​ដំណើរការ​ជំនុំ​ជម្រះក្តី​នៅ​សាលាក្តី​ខ្មែរក្រហម ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ភូមិ​ឃុំ​បាន​ទស្សនា ហើយ​រហូត​មកទល់ពេលនេះ មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ជិត៧ម៉ឺន​នាក់​៕​ដោយ​៖ ម៉េង​ឆៃ​/sn