សាលាខណ្ឌ​ពោធិ​សែន​ជ័យ​សូត្រមន្ត រាប់បាត្រ​ព្រះសង្ឃ​២៨​អង្គ សុំ​សី​រី​សួស្ដី​ទេវតា​ឆ្នាំ​ថ្មី

1399
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨ នេះ​សាលាខណ្ឌ​ពោធិ​សែន​ជ័យ បានធ្វើ​ពិធី​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​លើករាសី សុំ​សី​រី​សួស្ដី និង​សូម​ពរជ័យ​ទេវតា​ឆ្នាំ​ថ្មី ច​សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ គឺ​ត្រូវ​ថ្ងៃទី​១៤-១៥-១៦ ខែមេសា ឆ្នាំ​២០១៨ ខាងមុខនេះ​។

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​ចូលរួម​ពី​លោក ហែម ដា​រិ​ទ្ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ និង​ភរិយា លោក​អភិបាលរង លោក លោកស្រី ទូទាំង​ខណ្ឌ រួម​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱវាទ​របស់​សាលាខណ្ឌ និង​បងប្អូន​ប្រជាពលរដ្ឋ​ជុំវិញ ក្នុង​គោលបំណង​ផងដែរ ដើម្បី​បួងសួង​សុំ​សេចក្ដីសុខ​ចម្រើន និង​ពរជ័យ​ពី​ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម “​ម​ហោ​ទរា​ទេវី​”​សូម​ព្រះអង្គ​តាម​ជួយ​ថែរក្សា​អភិបាល​ប្រោះព្រំ​ពរជ័យ​ដល់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល គ្រប់​ជាន់ថ្នាក់ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ពិសេស ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​ទាំងមូល បាន​ជួបតែ​សេចក្ដីសុខ​គ្រប់ប្រការ និង​រួម​សាមគ្គី​គ្នា ដើម្បី​អភិវឌ្ឍន៍​ឲ្យ​បាន​កាន់តែ​រីកចម្រើន​ថែមទៀត ក្រោម​ម្លប់ នៃ​សុខសន្តិភាព​បានយូរ​អង្វែង​តរៀង​ទៅ​អើយ​។​

​បន្ទាប់មក​ឆ្លៀត​ក្នុងឱកាស​នោះ លោក ហែម ដា​រិ​ទ្ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏បាន​ជួប​សំណេះសំណាល ដើម្បី​ស្វែងយល់ នូវ​សុខទុក្ខ មន្ត្រីក្រោមឱវាទ ប្រជាពលរដ្ឋ រួមទាំង​ចែក​នូវ​ថវិកា និង​ភេសជ្ជៈ​ផងដែរ ដើម្បី​លើកទឹកចិត្ត​និង​អបអ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​៕ ល​