សាលាដំបូង​ខេត្តកំពត​ដោះលែង​ជន​ត្រូវ​ចោទ​ពាក់ព័ន្ធ​ការរួម​គំនិត​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ពីរ​នាក់​

186
ចែករម្លែក

ដោយ:បូកគោ​/កំ​ពត ៖ សាលាដំបូង​ខេត្តកំពត​បានសម្រេច​ដោះលែង​ជន​ត្រូវ​ចោទ​ពីរ​នាក់​ពាក់ព័ន្ធ​នឹង​បទ​សង្ស័យ​រួមគំនិត​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា បន្ទាប់ពី​បញ្ចប់​ការសាកសួរ​តាម​នីតិវិធី និង​មាន​សំណើសុំ​ពី​សាមីខ្លួន​។ ព្រឹត្តិការណ៍​នេះ​ស្របទៅនឹង​បទបញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​តម្រូវឱ្យ​ក្រសួងយុត្តិធម៌​ធ្វើការ​ជាមួយ​ព្រះរាជអាជ្ញា​ដើម្បី​ដោះលែង​អ្នកមាន​ដីកាចាប់ខ្លួន​ដោយសារ​ចាញ់បោក​ក្រុម​ជន​ឧទ្ទាម​កន្លងមក​។​

លោក ខា ដែន​ណា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ផ្អែក​តាម​កំណត់ហេតុ​របស់​ចៅក្រម​ស៊ើបសួរ និង​ការស្នើសុំ​របស់​សាមីខ្លួន នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ សាលាដំបូង​ខេត្តកំពត​បានសម្រេច​ដោះលែង​ជន​ត្រូវ​ចោទ​ចំនួន​ពីររូប​ពាក់ព័ន្ធ​កនុង​បទ​សង្ស័យ​រួមគំនិត​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា​។ ជន​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ទាំងពីរ​នាក់ រួមមាន ១. ឈ្មោះ​ប៉ែន មុំ ភេទ​ស្រី អាយុ ៣៩​ឆ្នាំ រស់នៅ​ភូមិ​ទឹក​ក្រហម ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត​។ ២. ឈ្មោះ​នុត ពេជ្រ ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រងែ ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្តកំពត​។ លោក​ព្រះរាជអាជ្ញារង​បានបញ្ជាក់​ថា​ជន​ទាំងពីរ​ជាប់​កាតព្វកិច្ច​ដោយ​មិនត្រូវ​ចេញ​ក្រៅពី​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិនត្រូវ​ផ្លាស់ប្តូរ​លំនៅស្ថាន​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ​មិនត្រូវ​ទទួល ឬ​ចូលរួម​ប្រមូលផ្តុំ​ដោយ​ខុសច្បាប់ និង​ត្រូវ​បង្ហាញខ្លួន​រាល់​ការកោះហៅ​របស់​តុលាការ​។​

សូមបញ្ជាក់ថា​ជន​ត្រូវ​ចោទ​ទាំងពីរ​នាក់​មាន​ដីកា​ឱ្យចូល​ខ្លួន​ដើម្បី​សាកសួរ​ក្នុង​បទ​សង្ស័យ​រួមគំនិត​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា​។ ដោយសារ​ខកខាន​មិនបាន​អនុវត្តតាម​ដីកា និង​ព្យាយាម​គេច ខ្លួន​ទើប​សមត្ថកិច្ច​តាម​ចាប់​បានជា​បន្តបន្ទាប់ រួច​បញ្ជូនទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ដើម្បី​ចាត់ការ​បន្ត​។

ព្រឹត្តិការណ៍​នេះ​ក៏​ស្របទៅនឹង​អនុសាសន៍​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​បញ្ចេញ​នាឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ង​តិ៍​ថៃ​ប៊ុន​រ៉ុង​ស្ថិតនៅ​ឃុំ​ល្អាង ស្រុក​ដងទង់​ខេត្តកំពត​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤​។ សម្តេច​បានដាក់​បទបញ្ជា​ថា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ គួរ​ពិនិត្យ​លទ្ធភាព​ជាមួយ​ព្រះរាជអាជ្ញា​ដើម្បី​ដោះលែង​អ្នក​ត្រូវ​ចាប់ខ្លួន​ដោយសារ​ចាញ់បោក​គេ ឱ្យបាន​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។ ការអនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​នេះ​ក៏ត្រូវ​ធ្វើតាម​រយៈ​នៃ​ការស្នើសុំ​របស់​សាមីខ្លួន ឬ​របស់​មេធាវី ឬ​របស់​ក្រុមគ្រួសារ ព្រោះ​បើ​គ្មាន​ការស្នើសុំ​ទេ​ក៏​មិនអាច​ដោះលែង​បានដែរ​។ ប៉ុន្តែ​ក៏ត្រូវ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​មើល​របស់​តុលាការ ពោលគឺ​បើ​តុលាការ​កោះហៅ​ត្រូវតែ​បង្ហាញខ្លួន ។ ក្នុងនោះ​នៅ​ខេត្តកំពត​មាន​មនុស្ស​ពីរ​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ អ្នកសម្របសម្រួល​អង្គ​ការ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្តកំពត លោក​យន់ ផល្លី​បាន​មានប្រសាសន៍ថា​ការដោះលែង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​សាលាដំបូង​ខេត្តកំពត​នេះ​ជា​សញ្ញាណ​មួយ​ដ៏​ល្អ​សម្រាប់​ពួកគាត់ ហើយ​ស្ថានភាព​នយោបាយ​ក៏​នឹងមាន​លក្ខណៈ​ធូរស្រាល​ផងដែរ​។ ម្យ៉ាងទៀត​ចំណាត់ការ​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ដែល​លោក​មានប្រសាសន៍​ឱ្យមាន​ការដោះលែង​ជនសង្ស័យ​ទាំងអស់​នៅ​ទូទាំងប្រទេស សង្ឃឹមថា​គ្រប់​ខេត្ត​រាជធានី​នឹងមាន​យុទ្ធនាការ​នេះ​។ អ្នកសម្របសម្រួល​ដដែល​បាន​បន្តថា សាលាដំបូង​ខេត្តកំពត​ហាក់ដូច​ជាមាន​ចំណាត់ការ​ប្រញាប់ប្រញាល់ និង​បន្ទាន់​បំផុត​ក្នុង​ការដោះលែង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីររូប​ឱ្យ​មា​នា​េ​រី​ភាព​បន្ទាប់ពី​បទបញ្ជា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ដែល​បាន​ដាក់ចេញ​ភ្លាមៗ​៕​B/