សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​កិច្ចប្រជុំ​ស្តីពី​ការងារ​ពន្ធនាគារ​នៅ​ព្រឹក​ថ្ងៃទី​៣​មករា​ខាងមុខនេះ​

603
ចែករម្លែក
  • 8
    Shares

​ដោយៈ​ស​រិ​ទ្ធ៊​/​ភ្នំពេញ​៖​អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​និង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការងារ​ពន្ធនាគារ​រវាង​ស្ថាប័ន​តុលាការ​និង​ស្ថាប័ន​ពន្ធនាគារ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០១៩​ខាងមុខនេះ​។​

​លោក​អ៊ី​រិន្ទ​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៨​ថា​នៅ​ព្រឹក​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០១៩​ខាងមុខនេះ​លោក​អ៊ុក​សាវុធ​អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​នឹងចូលរួម​ជា​គណៈអធិបតី​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការងារ​ពន្ធនាគារ​រវាង​ស្ថាប័ន​តុលាការ​និង​ស្ថាប័ន​ពន្ធនាគារ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ប្រភពពី​តុលាការ​បាន​ឲ្យ​ដឹងថា​ក្នុង​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​លោក​ចាន់​គឹម​សេង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ​និង​លោក​អគ្គនាយករង​ចំនួន​៣​រូប​ដែល​ទទួលបន្ទុក​មណ្ឌល​អប់រំ​កែប្រែ​ទី​១ និង ទី​២ នៃ​ក្រសួងមហាផ្ទៃ និង ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ផងដែរ​។​

​ប្រភព​ដដែល​បាន​បន្តថា​ក្រៅពីនេះ​ក៏មាន​ការចូលរួម​ពី​លោក​កែវ​សុធា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​លោក​តាំង ស៊ុន​ឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ និង ទី​២​នៃ​ក្រសួងមហាផ្ទៃ​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​។

​ប្រធានការិយាល័យ​ប្រតិបត្តិ​នៃ​ពន្ធនាគារ​ទាំង​៣​ប្រធាន​នាយកដ្ឋាន​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​នៃ​ក្រសួងមហាផ្ទៃ​ប្រធានការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​រាជធានី​ភ្នំពេញ ព្រមទាំង​គ្រូពេទ្យ​ប្រចាំ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ប្រភព​ដដែល​បាន​អះអាងថា​ការបើក​កិច្ចប្រជុំ​នេះ​បានកំណត់​ឡើង​ក្រោយ​ពេលដែល លោក​សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចុះ​ធ្វើ​អធិការកិច្ច​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១​។​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ប៉េ​ហ្ស៊ី​កាលពី​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៨​និង​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២​នៅ​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៨​តាម​បញ្ជា​របស់លោក​កែវ សុធា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

​ប្រភពព័ត៌មាន​បន្តថា​ការចុះ​ធ្វើ​អធិការកិច្ច​មើលឃើញថា​មាន​បញ្ហា​ស្មុគស្មាញ​និង​បញ្ហា​ប្រឈម​ជាច្រើន​ដែល​បានកើត​ឡើងជា​យូរ​មកហើយ​ត្រូវការ​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​ជាបន្ទាន់​។​ក្នុងនោះ​រកឃើញ​ជាក់ស្ដែង​មាន​ជន​ត្រូវ​ចោទ​និង​ជនជាប់ចោទ​ដែល​បាន​ឃុំខ្លួន​ហួស​ថិរវេលា​៣​ខែ​៦​ខែ​១២​ខែ​ព្រមទាំង​មាន​ពិរុទ្ធជន​និង​ទណ្ឌិត​ដែល​មានតែ​សម្រង់​សាលក្រម​,​។​សាលក្រម​និង​សាលដីកា​ដែល​ពុំទាន់​បាន​ចូល​ជា​ស្ថាពរ​នៅឡើយ ។

​លើសពីនេះទៅទៀត រកឃើញ​ជាក់ស្ដែង​នូវ​ជន​ជាប់ឃុំ​ទាំង​៤​ប្រភេទ​រួមមាន ជន​ត្រូវ​ចោទ ជនជាប់ចោទ ពិរុទ្ធជន និង ទណ្ឌិត ត្រូវបាន​ឃុំខ្លួន​រហូតមកដល់​ស​ព្វ​ថ្ងៃ​គ្មាន​ឯកសារ​បញ្ជាក់​ច្បាស់លាស់ ដែល​បញ្ហា​នេះ គឺជា​ការ​បង្ខាំង​មនុស្ស​ខុសច្បាប់​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​និង​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​២៥៣​នៃ​ក្រមព្រហ្មទណ្ឌ ។

​ប្រភពព័ត៌មាន​បន្តទៀត​ថា ដើម្បី​អនុវត្ត​ឱ្យបាន​សម្រេច​ដាច់ខាត​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល ស្តីពី​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធតុលាការ​ព្រមទាំង​លុបបំបាត់​ឱ្យបាន​ទាំងស្រុង​។​នូវ​ការឃុំខ្លួន​ហួស​ថិរវេលា​,​លុប​ឱ្យបាន​ទាំងស្រុង​នូវ​ការចេញ​សម្រង់​សាលក្រម​ដែល​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​បាន​ចូល​ជា​ធរមាន និង ប្រកាស​ឱ្យប្រើ​តាំងពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០០៧ ។

​ក្រោយ​ការប្រកាស​សាលក្រម​រួច ច្បាប់​បានកំណត់​ត្រូវ​ចេញ​សាលក្រម​ក្នុង​រយៈពេល​យ៉ាងយូរ​៨​ថ្ងៃ ឱ្យមក​ពន្ធនាគារ​ដើម្បី​អនុវត្ត​ជា​ប្រយោជន៍​ទូទៅ​ដល់​ទណ្ឌិត​ក្នុងការ​ស្នើសុំ​បន្ធូរ​បន្ថយទោស​និង​លើកលែងទោស​តាមច្បាប់​ស្តីពី​ពន្ធនាគារ​។

​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម ក៏ដូចជា​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សុខុមាលភាព ជន​ជាប់ឃុំ ពិសេស​ដើម្បី​អនុវត្ត​ស្របតាម​បទដ្ឋាន​គតិយុត្ត​ជាតិ និង អន្តរជាតិ ព្រមទាំង​បញ្ចៀស​ឱ្យបាន​ទាំងស្រុង​នូវ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​របស់​ជន​ជាប់ឃុំ​ទាំង​៤​ប្រភេទ​ស្ទើរ​គ្រប់​ពន្ធនាគារ​ទូទាំងប្រទេស ៕S/​