សាលាបឋមសិក្សា ហ៊ុន សែន ព្រែកឫស្សី ទទួលបានប្រព័ន្ធ ចម្រោះទឹកស្អាត ពីក្រុមស្ម័គ្រចិត្ត សាមសុងកម្ពុជា

211
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត
ភ្នំពេញ៖
រយៈពេល ៤ ឆ្នាំជាប់ៗគ្នាហើយដែលកម្មវិធី“ Samsung Employee Volunteer” បានបង្កើតឡើងហើយឆ្នាំនេះក្រុមហ៊ុនសាមសុងប្រចាំប្រទេស កម្ពុជា បានធ្វើការបរិច្ចាគ “ប្រព័ន្ធចម្រោះទឹកស្អាតបែបជីវខ្សាច់” ដែលផ្តល់គុណប្រយោជន៍ ដល់សុខភាពសិស្សានុសិស្ស ប្រមាណជាង ១០០០ នាក់ ដើម្បីឱ្យពួកគេមានទឹកស្អាត ទទួលទាន បានយ៉ាងងាយស្រួល និងល្អសម្រាប់សុខភាពផងដែរ។

លោកស្រីនាយិកា សាន ស្រីកន្និដ្ឋា បានមានប្រសាសន៍ថាឆ្នាំនេះសាលាបឋម សិក្សា ហ៊ុន សែន ព្រែកឫស្សីដែលស្ថិតក្នុងក្រុងតាខ្មៅពិតជាមានសំណាង ហើយ លោក ស្រីក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ក្រុមហ៊ុន សាមសុង ប្រចាំ ប្រទេសកម្ពុជា ដែលបានជ្រើសរើសសាលាលោកស្រីសម្រាប់កម្មវិធីបុគ្គលិក ស្ម័គ្រ ចិត្ត ក្នុងឆ្នាំ ២០១៩ នេះ!

លោកស្រីបន្ថែមថា “យើងពិតជារំភើបក្រៃលែងពេលដែលឭដំណឹងថាសាលា របស់ យើងនឹងទទួលបាន”ប្រព័ន្ធម្រោះទឹកស្អាតបែបជីវខ្សាច់”។ ប្រព័ន្ធចម្រោះទឹកស្អាតនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិស្សានុសិស្សរបស់យើង ក្នុងការទទួល បានសុខមាលភាពគ្រប់ពេលវេលាបើទោះបីជា ពួកគេស្ថិតនៅក្នុងសាលាក៏ដោយ។

គួរបញ្ជាក់ផងដែរថា ក្រៅពីការបរិច្ចាគប្រព័ន្ធចម្រោះទឹកស្អាតហើយនោះ ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា ក៏បានបរិច្ចាគបន្ថែមនូវដបទឹក និងសម្ភារៈសិក្សាចំនួន ៤០០ ឈុត ទៀត ជូនដល់សិស្សានុសិស្សផងដែរ។ ដើម្បីជាការតបស្នងក្នុងកិច្ច សហការលើកកម្ពស់ផ្នែកសុខភាព និងការអប់រំក្រុមហ៊ុន សាមសុង ក៏ទទួលបាននូវ លិខិតសរសើរពីគណៈគ្រប់គ្រងសាលាបឋមសិក្សាព្រែកឬស្សីផងដែរ។

លោក ស៊ឹងហូ ឆយ ( Seungho Choi) អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃ អេឡិច ត្រូនិចប្រចាំប្រទេសកម្ពុជាបានថ្លែងថា “ សាមសុង គឺជាម៉ាកសញ្ញា ដែល ទទួល ស្គាល់ទូទាំងពិភពលោកក្នុងការធ្វើឱ្យ ជីវិតមានភាពងាយស្រួល និងកាន់តែ ប្រសើរឡើងតាមរយៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យជាច្រើន។ អ្វីដែល កាន់ តែពិសេសបំផុតនោះក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុនដែលឈានមុខគេបំផុត ក្នុងពិភពលោកតែមួយគត់ដែលផ្តល់ជូនផាសុកភាព និងសុខមាលភាពក្នុងការរស់នៅ ជូនដល់យើងទាំងអស់គ្នា។”

លោកក៏បានបន្ថែមទៀតថា ផលិតផលសាមសុង បានផ្សាភ្ជាប់ទំនាក់ទំនងទៅនឹង ជីវិតរស់នៅរបស់ប្រជាជន ហើយបុគ្គលិកយើងក៏បានផ្សាភ្ជាប់ទំនាក់ទំនង យ៉ាងស្អិត រមួត ជាមួយសកម្មភាពមនុស្សធម៌ សប្បុរសធម៌ និងមេត្តាធម៌ មិនថាពួកគេស្ថិតក្នុង ស្ថានភាពបែបណាក៏ដោយ។ម្យ៉ាងវិញទៀត យើងតែងតែចាត់ទុកកុមារ និងក្មេងៗ ជំនាន់ក្រោយជាទំពាំស្នងឬស្សី និងជាអនាគតរបស់ប្រទេសកម្ពុជា។ នៅថ្ងៃណាមួយ កុមារៗនៅសាលារៀនរបស់យើងក្នុងថ្ងៃនេះនឹងជួយអភិវឌ្ឍប្រទេសកម្ពុជា។ជាមួយ នឹងចក្ខុវិស័យបែបនេះយើងតែងតែសួរសំណួរសាមញ្ញទៅខ្លួនឯងថា តើយើងអាច ធ្វើអ្វីបាន ដើម្បីជម្រុញលើកទឹកចិត្តពួកគាត់ និងឱ្យពួកគាត់អាចធ្វើការអភិវឌ្ឍន៍ពិភព លោកដែលពួកគេកំពុងរស់នៅនេះ?

ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពី កញ្ញា មាន សូនីតា ដែលតំណាងឲ្យ ផលិតផល សាមសុង ក៏បានស័គ្រ្មចិត្ត និងចំណាយពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ដើម្បីផ្ដល់ជាកម្លាំងចិត្ត និងគំនិតវិជ្ជមានដល់សិស្សានុសិស្សផងដែរ។ កញ្ញាបាន បញ្ជាក់ថា “នាងខ្ញុំពិតជារីករាយក្រៃលែងដែលបានក្លាយជាផ្នែកមួយនៃគ្រួសារ សាមសុង។ ហើយថ្ងៃនេះគឺពិតជាផ្តល់នូវភាពរំភើបរីករាយដល់នាង ខ្ញុំដែលបាន មកចូលរួម និងចែកសម្ភារៈសិស្សាជូនដល់ប្អូនៗកុមារទាំងអស់នាព្រឹក នេះហើយ សម្រាប់ សកម្មភាពនេះ នាងខ្ញុំមានមោទនភាពក្នុងការធ្វើជាតារា តំណាងឲ្យ សាមសុង។”

គួរបញ្ជាក់ផងដែរថាកម្មវិធី“ Samsung Employee Volunteer” គឺជាសកម្មភាព ស្ម័គ្រចិត្តជា សកលមួយប្រចាំឆ្នាំរបស់ក្រុមហ៊ុនសាមសុង ហើយសម្រាប់ឆ្នាំនេះ បុគ្គលិកស្ម័គ្រចិត្តចំនួន ៥០ នាក់ មកពីសាមសុងប្រចាំប្រទេសកម្ពុជា បានចូលរួម ក្នុងព្រឹត្តិការណ៍នេះ ដោយពោរពេញជាមួយភាពរីករាយ និងស្នាមញញឹមគ្រប់ៗគ្នា៕