សាលារៀនអន្ដរជាតិម៉ូឌេន ប្រកាសផ្លាស់ប្ដូរឈ្មោះទៅជា សាលា ហ័រីហ្សូន អ៊ិនធើណេសិនណល អាខេដមី

567
ចែករម្លែក

ដោយ:វិបុល/ភ្នំពេញ ៖ ដើម្បីពង្រឹងវិសាលភាព និងគុណភាព លើការផ្ដល់សេវាបណ្ដុះបណ្ដាលអប់រំដល់សិស្សានុសិស្ស ឲ្យកាន់​តែមានប្រសិទ្ធភាព សាលារៀនម៉ូឌេនអន្ដរជាតិ បានប្រកាសផ្លាស់ប្ដូរឈ្មោះ មកជា សាលា ហ័រីហ្សូន អ៊ិនធើណេសិនណល អាខេដមី ។

នៅក្នុងពិធីសម្ពោធជាផ្លូវការ នូវការផ្លាស់ប្ដូរឈ្មោះថ្មីនេះ លោក អ៊ុន ប៊ុនថន នាយកសាលា ហ័រីហ្សូន អ៊ិនធើណេសិនណល អាខេដមី បានឲ្យដឹងថា មូលហេតុដែលសាលាបានផ្លាស់ប្ដូរឈ្មោះ មកជា សាលា ហ័រីហ្សូន អ៊ិនធើណេសិនណល អាខេដមី គឺក្នុងគោលបំណង ដើម្បីពង្រីកវិសាលភាព និងគុណភាព ដើម្បីផ្ដល់សេវាកម្មបណ្ដុះបណ្ដាលអប់រំដល់សិស្សា​នុសិស្សរបស់ខ្លួន ឲ្យកាន់តែមាន​ប្រសិទ្ធភាព ស្របជាមួយនឹងជោគជ័យជាបន្ដបន្ទាប់ ក្នុងបេសកកម្មអភិវឌ្ឍធនធានមនុស្ស ដែលតែងតែ ទទួលបាននូវទំនុកចិត្តខ្ពស់ពីសំណាក់អាណាព្យាបាលនាពេលកន្លងមក។

លោក អ៊ុន ប៊ុនថន បញ្ជាក់បន្ថែមថា តាមរយៈបទពិសោធ និងភាពជាស់ទុំ ដែល​ឈរលើមូលដ្ឋាន​បណ្ដុះបណ្ដាល និងការគ្រប់គ្រងចាត់ចែងមានលក្ខណៈជាប្រព័ន្ធរឹងមាំ ដើម្បីឧត្តមភាព និងកិត្យានុភាព សាលាបានបំពាក់នូវសម្ភារៈរូបវ័ន្ដ តាមបទដ្ឋានអន្ដរជាតិ ដើម្បីបង្កើតបរិយាកាសរៀនសូត្រល្អ ព្រមទាំង​ប្រើប្រាស់កម្មវិធីសិក្សាខា្នតអន្ដរជាតិ ដោយយកចិត្ដទុកដាក់ខ្ពស់ លើការបង្កើនចំណេះ ជំនាញត្រិះរិះ វិភាគ លេខនព្វន្ដ បំណិនព័ត៌មានវិទ្យាដល់សិស្សានុសិស្ស តាមរយៈវិធីសាស្រ្ដសិក្សាទំនើបៗដូចជា ៖ ការអង្កេត ស្រាវជ្រាវ ការវិភាគ ដោយលោកគ្រូ អ្នកគ្រូ សាស្រ្ដាចារ្យ មានគុណវុឌ្ឍិខ្ពស់ ផ្សារភ្ជាប់​ជាមួយ​នឹង​ទស្សនកិច្ចសិក្សា និងដំណើរកម្សាន្ដ។

អញ្ជើញជាអធិបតីក្នុងពិធីនេះដែរ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា​រាជធានីភ្នំពេញ បានបង្ហាញនូវអំណរសាទរ​ និងការស្វាគមន៍ ចំពោះដំណើរការ និងការចូលរួមរបស់គ្រឹះ​ស្ថានអប់រំឯកជនទាំងអស់និយាយជារួម និងនិយាយដោយឡែក ចំពោះសាលាហ័រីហ្សូន អ៊ិនធើណេសិន​ណល អាខេដមីនេះ ក្នុងការចូលរួមចំណែកបន្ថែមជាមួយគ្រឹះស្ថានអប់រំសាធារណៈ ដើម្បីជំរុញវិស័យ​អប់រំនៅកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង។

ជាមួយគ្នានេះ លោកក៏បានសំណូមពរ ដល់គណៈនាយកសាលា ត្រូវផ្ដោតការយកចិត្តទុកបន្ថែម​ទៀត លើការបណ្ដុះបណ្ដាលថ្នាលអប់រំឲ្យស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងអប់រំ​ យុវជន និងកីឡា តាមរយៈការដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ មាន​កម្មវិធីអប់រំត្រឹមត្រូវ គ្រូមានជំនាញ និងគរុកោសល្យត្រឹមត្រូវ។

គួរបញ្ជាក់ថា សាលា ហ័រីហ្សូន អ៊ិនអឺណេសិនណល គឺជាគ្រឹះស្ថានអប់រំចំណេះទូទៅមួយ ដែលមានកម្មវិធីសិក្សាសំខាន់ៗចំនួន៣គឺ កម្មវិធីចំណេះទូទៅខ្មែរថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ កម្មវិធីចំណេះ​​ទូទៅភាសាអង់គ្លេសចាប់ទីថ្នាក់ទី១ដល់ថ្នាក់ទី៩ និងកម្មវិធីទារកដ្ឋានចាប់ពីអាយុ១ឆ្នាំ ដល់អាយុ៩ឆ្នាំ។ ក្រៅពីការផ្ដោតសំខាន់លើការបណ្ដុះបណ្ដាល ដែលប្រកាន់ខ្ជាប់នូវវប្បធម៌ វិន័យ គុណភាព តម្លាភាព និងសីលធម៌ វិជ្ជាជីវៈ ស្របតាមគតិពេចន៍ ថ្នាលអប់រំដែលលោកអ្នកជឿទុកចិត្ត និងគុណតម្លៃស្នូលគុណភាព សីលធម៌ និងចំណេះដឹង សាលា ក៏មានផ្ដល់ជូននូវសេវាដឹកជញ្ជូនពិសេស ដើម្បីធានាភាពងាយស្រួលដល់មាតាបិតាជាអាណាព្យាបាល ក្នុងការបញ្ជូនកូនមកកាន់សាលារៀន​ថែមទៀតផង៕B/