សាលារៀន​ទូទាំងប្រទេស​ថៃ នឹងត្រូវ​ហាមឃាត់​មិនឱ្យ​បណ្តេញ​សិស្ស​ដែលមាន​ផ្ទៃពោះ​

598
ចែករម្លែក

យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យដឹងថា សាលារៀន និង​វិទ្យាស្ថាន​កម្រិត​ឧ​ត្ត​ម​សិក្សា​នានា​នៅ​ទូទាំងប្រទេស​ថៃ នឹងត្រូវ​ហាមឃាត់​មិនឱ្យ​បណ្តេញ​សិស្ស​ឫ​និស្សិត​ដែលមាន​ផ្ទៃពោះ​ពី​ការសិក្សា​ឡើយ ដោយ​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ពី​ខែមេសា ឆ្នាំ​២០១៩ ទៅ​។

​កាសែត​បាងកក​ប៉ុស្តិ៍ បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែតុលា​ថា បទបញ្ជា​ថ្មី​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ថៃ ខាងលើនេះ​ត្រូវបាន​ចុះផ្សាយ​តាម Royal Gazette ដែលជា​ព្រឹ​ត្ត​ប័ត្រ​អន​ឡាញ​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​សុក្រ ទី​១២ ខែតុលា ហើយនឹង​ត្រូវអនុវត្ត​នៅ​រយៈពេល ១៨០ ថ្ងៃក្រោយ​។

​បទបញ្ជា​ដែល​ចេញ​ក្រោម​ច្បាប់​ស្តីពី​ការ​គាំពារ និង​ការដោះស្រាយ​បញ្ហា​ក្មេងស្រី​ជំទង់​មានផ្ទះ​ពោះ​នេះ មាន​ប្រសិទ្ធភាព​អនុវត្ត​លើ​បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ស្ថាប័ន​ផ្តល់​កម្មវិធី​អប់រំ​កម្រិត​ឧ​ត្ត​ម​សិក្សា​ទូទៅ​។​

​បទបញ្ជា​នេះ​ថែមទាំង​តម្រូវឱ្យ​គ្រឹះស្ថាន​អប់រំ​នានា បង្កើត​ប្រព័ន្ធ​មួយ​សម្រាប់​ថែទាំ​សិស្ស​មាន​ផ្ទៃពោះ និង​ធានាថា ពួកគេ​អាច​បន្ត​ការសិក្សា​របស់ខ្លួន​រហូត​ដល់​ចប់​ចុង​ចប់​ដើម​ទៀតផង​៕ ប្រែ​សម្រួល​: ខុម