សាលាឧទ្ធរណ៍​តម្កល់​ទោស​៧​ឆ្នាំ​លើ​លោក ហុង សុខ​ហួរ ដដែល

905
ចែករម្លែក

(​ភ្នំពេញ​) ៖ បន្ទាប់បី​បើកសវនាការ​ពេញ​មួយ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា សាលាឧទ្ធរណ៍​បានសម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​ពោលគឺ លោក ហុង សុខ​ហួរ ត្រូវ​ជាប់ទោស​៧​ឆ្នាំ​ដដែល រឿង​ក្លែង​និង​ប្រើប្រាស់​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​។​
​ ​
​លោក ទូច ថា​រិ​ទ្ធិ អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ បាន​ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ​ថា លោក សេង ស៊ី​វុត្ថា អនុប្រធាន​សាលាឧទ្ធរណ៍​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បាន​​ការ​ដដែល ។​
​ ​
​សូម​បញ្ចា​ក់ថា សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ បាន​ផ្តន្ទាទោស​លោក ហុង សុខ​ហួរ​ដាក់ពន្ធនាគារ​​រយៈពេល​៧​ឆ្នាំ​។ លោក ហុង​សុខ​ហួរ ជាប់ចោទ​ពីបទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញង់​​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា ៦២៩ មាត្រា ៦៣០ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា វៀតណាម ឆ្នាំ​១៩៧៩ ត្រង់​មាត្រា​៤ រួច​យក​ឯកសារ​ក្លែង​នេះ ទៅ​បង្ហោះ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់ លោក សម រង្ស៊ី ដែលជា​ដើមចម​នាំ​ឲ្យ​តុលាការ​ចោទប្រកាន់ លោក សម រង្ស៊ី ពីបទ​សមគំនិត​ក្នុង​បទល្មើស​នេះ​៕ ដោយ ៖វិបុល

លោក ហុង សុខ​ហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី