សាលាឧទ្ធរណ៍​សម្រេច​ឱ្យ លោក សម រង្ស៊ី ជាប់គុក​២០​ខែដដែល ករណី​ចោទប្រកាន់​រាជរដ្ឋាភិបាល សម្លាប់​បណ្ឌិត កែម ឡី​

1109
ចែករម្លែក

(​ភ្នំពេញ​)៖ នៅ​រសៀល ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧​នេះ សាលាឧទ្ធរណ៍​បានសម្រេច​តម្កល់​សាលក្រម​តុលាការ​ក្រុងភ្នំពេញ ដែល​កាត់ទោស អោយ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជាប់ពន្ធនាគារ​១​ឆ្នាំ​៨​ខែ​ដដែល ចំពោះ​ករណី​ចោទប្រកាន់​រាជរដ្ឋាភិបាល​កម្ពុជា​ថា នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​សម្លាប់ លោក​បណ្ឌិត កែម ឡី​។

​ការសម្រេច​រក្សា​ទោស​ជាបគុក​២០​ខែ​នេះ​ធ្វើឡើង​ក្នុង​សវនាការ​កំបាំងមុខ ដោយ​អវត្តមាន​ទាំង​លោក សម រង្ស៊ី និង​មេធាវី​របស់លោក​គឺ​លោក សំ សុ​គង់​។​

​គួររំលឹកថា បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៧ ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក សម រង្ស៊ី ដាក់ពន្ធនាគារ​១​ឆ្នាំ​៨​ខែ ពិន័យ​១០​លាន​រៀល និង​សង​សំណង​១០០​រៀល នោះ លោក​មេធាវី គី តិច មេធាវី អះអាងថា ការផ្តន្ទាទោស​លោក សម រង្ស៊ី​ពាក់ព័ន្ធ​សំណុំ​នេះ​មិនទាន់​សមល្មម ទៅនឹង​ទោសកំហុស​ដែល លោក សម រង្ស៊ី​បាន​ប្រព្រឹត្ត​ចោទប្រកាន់​លើ​ស្ថាប័ន​កំពូល​របស់​​ប្រទេស​នោះទេ​។​

​លោក សម រង្ស៊ី ត្រូវបាន​តុលាការ​ចោទ​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់ ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៣០៥, មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​ក្រោយពី​លោក​បាន​និយាយ និង​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក របស់លោក​ថា ការបាញ់សម្លាប់​លោក កែម ឡី កាលពី​ថ្ងៃ ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ជា​អំពើ​ភេរវកម្ម​មួយទៀត​រៀបចំឡើង​ដោយ​រដ្ឋអំណាច​៕​ដោយ​៖​វាសនា​

លោក សម រង្ស៊ី និងលោកគី តិច មេធាវីតំណាងសម្តេចតេជោ