សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​មេដឹកនាំ​សហជីព​៦​រូប រួច​ពី​ការចោទប្រកាន់​ករណី​បាតុកម្ម​ផ្លូវ​វេងស្រេង​

830
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/ ​ភ្នំពេញៈ សាលាឧទ្ធរណ៍​បាន​បើកសវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍ របស់​មេដឹកនាំ​សហជីព និង​សមាគម ៦​រូប​រួមមាន​៖ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា , អ្នកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ , លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា , លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា , អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា និង​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ​។​
​ក្រោយពី​បញ្ចប់​ការសួរដេញដោល សភា​ព្រហ្ម​ទ​ណ្ឌ័ នៃ​សាលាឧទ្ធរណ៍ បានសម្រេច​ឲ្យ​ថ្នាក់ដឹកនាំ​សហជីព​ទាំង​៥​នាក់ និង​ប្រធាន​សមាគម ដោយ​សម្រេច​៖ ១- ទទួល​បណ្តឹង​របស់​ថ្នាក់ដឹកនាំ​សហជីព​ទុកជា​ត្រឹមត្រូវ តាម​ទម្រង់ និង​គតិ​ច្បាប់​។ ២- បដិសេធ​សាលក្រម សាលាដំបូង​រាជធានី​ភ្នំពេញ​ចោល​។ ៣- ឱ្យឈ្មោះ អាត់ ធន់ , ម៉ម ញឹម , ប៉ាវ ស៊ីណា , ជា មុនី , យ៉ាង សោ​ភ័​ណ្ឌ និង រ៉ុង ឈុន រួច​ខ្លួ​ច​ពីបទ​ចោទ​។
​ការសម្រេច​នេះ កំបាំងមុខ​អ្នកស្រី ម៉ម ញឹម លោក​ប៉ាវ ស៊ីណា លោក​ជា មុនី អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ និង​លោក រ៉ុង ឈុន​។​
​សូមជម្រាបថា កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ តុលាការក្រុង​ភ្នំពេញ​បាន​កាត់ទោស​មេដឹកនាំ​សហជីព ៦​រូប ក្នុងនោះ​រួមមាន​លោក អាត់ ធន់ លោក ជា មុនី អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ លោក ប៉ាវ ស៊ីណា លោក រ៉ុង ឈុន និង​អ្នកស្រី ម៉ម ញឹម ឲ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំកន្លះ តែ​ទោស​នេះ​ត្រូវ​ព្យួរ ហើយ​បង្គាប់​ឲ្យ​មេដឹកនាំ​សហជីព​ទាំង ៦​រូបនេះ បង់​សំណង​ជំងឺ​ចិត្ត ៣៥​លាន​រៀល ស្មើនឹង​ប្រមាណ​ជិត ៩​ពាន់​ដុល្លារ​អាមេរិក ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រព្រឹត្តិ​អំពើហិង្សា​ដោយ​ចេតនា កាលពី​អំឡុង​ឆ្នាំ​២០១៤ នៅមុខ​សួន​កាណាឌីយ៉ា ផ្លូវ​វេ​ង​ស្រេង​៕សរន

លោកអាត់ធន់
​លោក ជា មុនី​
លោកស្រីយ៉ាងសុភ័ណ្ឌ
លោក ប៉ាវ ស៊ីណា​
លោក រ៉ុង ឈុន
អ្នកស្រី ម៉ម ញឹម​