សាលាឧទ្ធរណ៍ សម្រេច​ឱ្យ​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ជាប់ពន្ធនាគារ​៥​ឆ្នាំ​ដដែល ករណី​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​

452

(​ភ្នំពេញ​)៖​ក្រោយ​បញ្ចប់​ការសួរដេញដោល កាលពី​រសៀល​ថ្ងៃទី​១៧ ខែតុលា លោក ប៉ុល សំអឿន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​ដដែល ករណី​លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែល​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ទូច ថា​រិ​ទ្ធិ អគ្គលេខាធិការរង​និង​ជា​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ ។​

​សូម​រំលឹកថា លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧ ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក សួន សេរី​រដ្ឋា ដាក់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល ពាក់ព័ន្ធ​ការប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​កម្ពុ​ជា ។​

​នៅក្នុង​សារ​របស់ លោក សួន សេរី​រដ្ឋា ដែល​បង្ហោះ​លើ Facebook កាលពី​ថ្ងៃទី​១២​ខែ សីហា ឆ្នាំ​២០១៧ មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «​ពេល​សង្គ្រាម កើតឡើង​ជាមួយ នឹង​ប្រទេស​លាវ​នោះ​លទ្ធផល​វា​ហ្នឹង​មិន​ខុសពី​សង្គ្រាម ដែល​កើតឡើង​ជាមួយនឹង ប្រទេស​សៀម​ទេ ! គឺ​កូន​ខ្មែរ កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា​…​ហើយ​មេទ័ព​ចោរ នឹង​ឡើងបុណ្យ​សក្តិ ប្រមូលបាន​លុយកាក់​សប្បាយ​​ជាមួយ​ស្រី​ញី យ៉ាង​គគ្រឹកគគ្រេង​!​។ ពីព្រោះ​កន្លងមក​ដូច​យើង​ដឹង​ហើយ សង្គ្រាម​ដែល​កើត ឡើង​ជាមួយនឹង​ប្រទេស​សៀម​គឺ​ស្លាប់​តែ​កូន​ខ្មែរ​អ្នកស្នេហាជាតិ ដែល​ចូល​ប្រយុទ្ធ​នៅ​ជួរមុខ​ទេ​។ ចំណែកឯ​ពួក​មេៗ ពាក់​ផ្កាយ និង កូន​លោកធំៗ​ដែល​នៅ​ជួរ​ក្រោយ​ចេញមុខ​​ចេញ​មាត់​នោះ ប្រមូល​លុយ ប្រមូល​លាភ ហើយ​ដេក​តែ​ម៉ាស៊ីនត្រជាក់ ជាមួយ​ស្រី​កំដរ ក៏​ឡើងបុណ្យ​ឡើង​ផ្កាយ​ដែរ​» ។​

​សារ​របស់ លោក សួន សេរី​រដ្ឋា បានធ្វើឱ្យ​មានការ​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​សំណាក់​កងទ័ព និង​មេបញ្ជាការ​កងទ័ព​នៅ​ទូទាំងប្រទេស ហើយ​ពួកគាត់​ចាត់ទុកថា ជា​ទង្វើ​មួយ​ដែល​មិនអាច​អត់ឱន​ឱ្យបាន​៕ ដោយ​៖​ឆាយា​នាថ​/sn

​លោក​សួន សេរី​រដ្ឋា ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​(​ឆាយា​នាថ​)