សាលា​ឃ្មួញ​អំពាវនាវ​សប្បុរសជន​មេត្តាជួយ​លើ​ការចាក់ដី​បំពេញ​ចៀសវាង​ទឹក​ជន់​លិច​នា​រដូវរ​ស្សា​

809
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: នាយក​សាលាបឋមសិក្សា​មិត្តភាព​កម្ពុជា​-​ចិន ឃ្មួញ មាន​ទីតាំង​ស្ថិតនៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ធ្វើការ​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក មេត្តាជួយ​ឧបត្ថម្ភ​ការចាក់ដី​បន្ថែម​ក្នុង​បរិវេណ​សាលា គ្រា​ដែល​សាលា​នេះ​តែងតែ​រងគ្រោះ​ទឹក​ជន់​លិច​ជា​រៀងរាល់ឆ្នាំ​។​

​លោក សេង តូ នាយក​សាលា​ឃ្មួញ​ខាងលើ​បាន​រៀបរាប់​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា សាលា​នេះ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩០​និង​១៩៩១ មាន​ផ្ទៃដី​សរុប​ទំហំ​ជាង​៨.០០០​ម៉ែត្រការ៉េ និង​មាន​ថ្នាក់រៀន​សរុប​ចំនួន​០៦ ចាប់ពី​ថ្នាក់​ទី​០១ ដល់​ថ្នាក់​ទី​៦ និង​ចែកចេញ​ពីរ​វេន (​ព្រឹក​និង​រសៀល​) ដែល​គិត​មកដល់ពេលនេះ​មាន​សិស្ស​កំពុង​សិក្សា​សរុប​ជិត​៤០០​នាក់​។ លោក​បន្តថា នា​រដូវវស្សា​ម្តងៗ​សិស្សានុសិស្ស​តែងតែ​ជួប​ការលំបាក​ក្នុង​សិក្សា ដោយ​មូលហេតុ​ក្រោយពេល​ភ្លៀង​ធ្លាក់ ពីរ​ថ្ងៃ​បន្ទាប់​ទើប​ទឹក​ស្រក​ទៅវិញ​។​

​លោកនាយក​សាលា​លើកឡើង​បន្តថា នៅក្នុង​សាលា​នេះ​មានការ​ខ្វះខាត​ច្រើនណាស់​ប៉ុន្តែ​ក៏​ធ្លាប់មាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក​ផងដែរ ដូចជា​ការជួយ​សាងសង់​បណ្ណាល័យ សម្រាប់​សិស្ស​មានឱកាស​ចូល​អាន​សៀវភៅ ក៏ដូចជា​សប្បុរសជន​ស្ថិតក្នុង​តំបន់​ឃ្មួញ​នេះ​ជួយ​ការសាងសង់​អគារ​ថ្មី ដែលមាន​ចំនួន​០៤​បន្ទប់​។ លោក​បាន​ប្រាប់​បន្ថែម​ពី​បំណង​ដែល​សាលា​ចង់បាន​នាពេលនេះ ចង់​ឲ្យ​សប្បុរសជន​នានា​ជួយ​ចាក់ដី​បំពេញ​ទីធ្លា​សាលា ព្រោះ​ជា​រៀងរាល់ឆ្នាំ​ទឹក​ដែល​ជន់​លិច​ក្នុង​សាលា គឺមាន​កម្ពស់​រហូតដល់​កន្លះ​ម៉ែត្រ​ដែល​ធ្វើ​ឲ្យ​ពិបាក​ដល់​ក្មេង​តូចៗ​មក​រៀន​។

​លោកនាយក​សាលា​បញ្ជាក់​ទៀតថា បើ​គិត​ជា​តម្លៃ​សរុប​នៃ​ការអំពាវនាវ​ខាងលើនេះ​មាន​ចំនួន​ប្រមាណ​៤.៤០០​ដុល្លារ​អាម៉េរិក ស្មើនឹង​ដី​សរុប​ចំនួន​២០០​ឡាន ដោយ​ក្នុង​មួយ​ឡាន​តម្លៃ​២២​ដុល្លារ​។

លោកនាយក​សាលា​បាន​ឲ្យ​ដឹង​ទៀតថា ទាក់ទង​នឹង​បញ្ហា​នេះ​កន្លងមក​អភិបាលខណ្ឌ​សែន​សុខ​ធ្លាប់បាន​ឧបត្ថម្ភ​ដី​ចំនួន​៦០​ឡាន​ដើម្បី​ចាក់​បំពេញ​ក្នុង​ទីធ្លា​សាលា ប៉ុន្តែ​ការងារ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ដោយ​ស្នើសុំ​ពី​សំណាក់​សប្បុរសជន​នានា​បន្ថែមទៀត​ដើម្បី​ចៀសវាង​ពី​ការ​ជន់​លិច​នា​រដូវវស្សា​ម្តងៗ​៕ ល​