សាលា​បាយ​ចែក​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​ជំនា​ន់ទី​១៦ ឆ្នាំ​សិក្សា ២០១៧-២០១៨

1298
ចែករម្លែក

ដោយ: គូលែន / ​សៀមរាប: កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ សាលា​បាយ​បានរៀបចំ​ពិធី​ចែក​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​របស់​សិស្ស ជំនា​ន់ទី​១៦ ឆ្នាំ​សិក្សា ២០១៧-២០១៨ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប លោក តុ​ប សុភ​ក្រ អនុរដ្ឋលេខាធិការ ក្រសួង​ទេ​ចរណ៍​និង​លោក ស៊ឹម សំណាង ទីប្រឹក្សា​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​

​សិស្ស​ដែល​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ ហើយនឹង​ត្រូវ​ទទួល​វិញ្ញាបនបត្រ​ថ្ងៃនេះ​គឺមាន​ចំនួន ១២០​នាក់ ស្រី ចំនួន ៧៣​នាក់​។​

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​បញ្ជាក់ថា ក្នុងនាម​រដ្ឋបាលខេត្ត​សៀមរាប សូម​គាំទ្រ និង​លើកទឹកចិត្ត​យ៉ាង​ពេញទំហឹង ចំពោះ​សាលា​បាយ​ដែលជា​អង្គការ​សប្បុរសធម៌ ជួយ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដល់​យុវជន​ក្រី​ក្រពេញ​មួយឆ្នាំ ដោយ​មិន​គិត​ប្រាក់កំរៃ ការមិន​គិត​ប្រាក់កំរៃ​នេះ​បូក​រួមទាំង​បណ្ដុះបណ្ដាល ការ​ស្នាក់នៅ អាហារ​ហូបចុក មធ្យោបាយ​ធ្វើដំណើរ និង​ថ្នាំពេទ្យ​ជាដើម ដែល​គ្មាន​លទ្ធភាព​បន្ត​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​។​

លោក​អភិបាលរង បាន​បន្តថា ក្នុង​ឪ​កាស​នោះ​លោក​សូម​អបរ​អរសាទ​ចំពោះ​សិស្សសាលា​បាយ​ទាំង​១១៨​នាក់ ដែល​បានទទួល​ជោគជ័យ​ក្នុងការ​បណ្ដុះបណ្ដាល​រប​ស់​ខ្លួន ហើយ​ប្រើប្រាស់​នូវ​ចំណេះដឹង​ទាំងនេះ​ទៅរក​ចំណូល​ដើម្បី​ផ្គត់ផ្គង់​ខ្លួនឯង និង​គ្រូ​សារ​ផង​។​

​លោក​ក៏បាន​សំណូមពរ​ដល់​អស់លោក លោកស្រី ដែលជា​មាតាបិតា និង​សិស្សានុសិស្ស ដែល​ទទួល​វិញ្ញាបនបត្រ​នៅថ្ងៃនេះ សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើ​រើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នា​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

​សូមបញ្ជាក់ថា សាលា​បាយ​គឺជា​សាលា​សណ្ឋាគារ បាន​ពង្រីក​ជំនាញ​របស់ខ្លួន​បាន​០៥​ជំនាញ ហើយ​ក្នុង​រយៈពេល​៣​ជំនាន់​ចុងក្រោយ​នេះ​គឺ ជំនាញ​ការិយាល័យ​ជួរមុខ ជំនាញ​គេហកិច្ច ជំនាញ​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ជំនាញ​ចុងភៅ និង​ជំនាញ​ថែទាំ​សម្ផស្ស​៕ ល​