សាលា​ពុទ្ធិកបឋមសិក្សា​វត្ត​ត្រាំ​នាគ បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៩-២០២០

494
ចែករម្លែក

ដោយ​: គូលែន​
​សៀមរាប​:
សាលា​ពុទ្ធិកបឋមសិក្សា​វត្ត​ត្រាំ​នាគ បាន​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៩-២០២០ ក្រោម​ព្រះ​អ​ធិ​តី​ភាព​ព្រះ​តេជគុណ ព្រះ​ធម្ម​សិរី​អាភាក​រោ ជុំ គឹម​ឡេង ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ជា​ព្រះ​សុ​មង្គល​សីលាចា​រ្យ និង ជា​ព្រះ​មេគណ​ខេត្តសៀមរាប នា​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​សាលា​ពុទ្ធិកបឋមសិក្សា​វត្ត​ត្រាំ​នាគ ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

សាលា​ពុទ្ធិកបឋមសិក្សា​វត្ត​ត្រាំ​នាគ បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៩-២០២០៕​គូលែន​

​ព្រះគ្រូ សាសន​វរោ ស រ៉ា ព្រះគ្រូ​ចៅអធិការ​វត្ត​ត្រាំ​នាគ បាន​ឲ្យ​ដឹងថា សរុប​សមណៈ​សិស្សសាលា​ពុទ្ធិកបឋមសិក្សា​ត្រាំ​នាគ ដែល​បាន​បើក​ដំណើការ​ចាប់ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៨ មាន​ចំនួន​៤៩៥​អង្គ ប្រឡង​ជាប់​វិញ្ញាបនបត្រ​ពុទ្ធិកបឋមសិក្សា ចំនួន​១២៦​អង្គ ប្រឡង​ចូល​សាលា​ពុទ្ធិកវិទ្យាល័យ​វត្ត​រាជ​បូ​ណ៌ ចំនួន​៨១​អង្គ ហើយ​ឆ្នាំ​សិក្សា​បើក​បវេសនកាល​ថ្មី ២០១៩-២០២០ មាន​សមណ​សិស្ស​និង​សិស្ស ចំនួន ៥៩ អង្គ​-​នាក់ ។​

​ព្រះ​តេជគុណ ជុំ គឹម​ឡេង មាន​សង្ឃដីកា​ថា វិស័យ​ពុទ្ធិ​ចក្រ និង វិស័យ​អាណាចក្រ គប្បី​ធ្វើដំណើរ​ឲ្យ​បាន​ទន្ទឹមគ្នា​ជា​រៀងរហូត ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់​លើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា ដែល​ដើរតួនាទី​យ៉ាងសំខាន់​មិនអាច​ខ្វះ​បាន ក្នុង​ការកសាង​សីលធម៌​សង្គម ប្រកប​តាម​គន្លង​នៃ​សាមគ្គីធម៌ រក្សាបាន​វប្បធម៌​សន្តិភាព ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រទេសជាតិ ដូច្នេះ​មន្ត្រី​សង្ឃ​គ្រប់​អង្គ ត្រូវយក​ព្រះទ័យ​ទុកដាក់​កសាង​គ្រប់គ្រង​ទី​អារាម​ឲ្យ​បានល្អ​ប្រពៃ ព្រមទាំង​ពង្រឹង​ធម្ម​វិន័យ ដើម្បី​បាន​ឆ្លើយតប​ទៅនឹង​ការគោរព​បូជា និង ជំនឿ​របស់​ពុទ្ធបរិស័ទ ។​

​ព្រះ​តេជគុណ​បាន​មាន​សង្ឃដីកា​ទៀតថា បើទោះជា​ការរីកចម្រើន​នៃ​វិស័យ​អប់រំ​ផ្នែក​ពុទ្ធិ​ចក្រ មាន​គម្លាត​ឆ្ងាយ​ពី​វិស័យ​អប់រំ​ផ្នែក​អាណាចក្រ​យ៉ាងណាក៏ដោយ តែ​សូម​ឲ្យ​មន្ត្រី​សង្ឃ ខិតខំ​យក​ព្រះទ័យ​ទុកដាក់ ខិតខំ​ជំរុញ​ឲ្យ​មានដំណើរ​ទៅមុខ​ដោយ​រលូន ទោះ​ក្នុង​ល្បឿន​ណាក៏ដោយ ដើម្បី​បណ្តុះបណ្តាល​ធនធាន​ព្រះសង្ឃ ឲ្យ​បានល្អ​ប្រសើរ ដោយ​ត្រូវ​ធៀប​ជាមួយ វិស័យ​អប់រំ​ផ្នែក​អាណាចក្រ ដែល​កំពុងមាន​ល្បឿន​នៃ​រីកចម្រើន ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

​សូមបញ្ជាក់ថា នៅក្នុង​ទូទាំង​ខេត្តសៀមរាប មាន​វត្ត​អារាម​ព្រះពុទ្ធសាសនា​ចំនួន ២៤៣​វត្ត មាន​ព្រះសង្ឃ​សរុប ៤ ៦៩៧ អង្គ , មាន​សាលា​ពុទ្ធិកបឋមសិក្សា​ចំនួន​៤៤​កន្លែង , សាលា​ពុទ្ធិកសិក្សា​បឋមភូមិ ២​កន្លែង និង​មាន​សាលា​ពុទ្ធិកសិក្សា​ទុតិយភូមិ ១​កន្លែង ដែល​ចំនួន​សាលា​ពុទ្ធិកសិក្សា​ទាំងអស់នេះ ពុំទាន់​ឆ្លើយតបបាន ទៅនឹង​តម្រូវការ​បណ្តុះបណ្តាល​ធ​ន​ធាន​សង្ឃ នៅឡើយ នោះទេ​៕ ល​