សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​គណបក្ស​ខ្មែរ​ក្រោក​ធ្វើ​យុទ្ធនា​ការប្រមូល​ស្នាម​មេដៃ​រឿង​កោះត្រល់​

1045
ចែករម្លែក
  • 257
    Shares

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណបក្ស​ខ្មែរ​ក្រោក​បានចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ នៅ​ថ្ងៃទី​១៨ ខែសីហា នេះ នៅក្នុង​ទីស្នាក់ការ​របស់ខ្លួន​ស្ថិតនៅ​ផ្ទះ​លេខ​១១ ផ្លូវ​លេខ​៣៥៣ សង្កាត់​បឹងកក់​១​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​បានអនុញ្ញាត​កាលពី​ថ្ងៃទី​១៧​ខែសីហា​។​ប៉ុន្តែ​ការអនុញ្ញាត​នេះ​គឺ​មិន​ឲ្យ​ធ្វើ​នៅតាម​ទីសាធារណៈ​នោះទេ​គឺ​ដើម្បី​ចៀសវាង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។​

​គោលបំណង​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ឲ្យ​បាន​៥​ម៉ឺន​ស្នាម​មេដៃ​គឺ​ដើម្បី​យកទៅ​ដាក់ជូន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដើម្បី​សើរើ​ដែន​អធិបតេយ្យភាព​របស់​ជាតិ​លើ​ការទាមទារ​កោះត្រល់​។​

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ

យោងតាម​លិខិត​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជម្រាប​ទៅ​លោក​សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​កាលពី​ថ្ងៃទី​១៧ ខែសីហា បាន​ឲ្យ​ដឹងថា ចំពោះ​សំណើសុំ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ក្នុង​ការដាក់​ញ្ញត្តិ​ប្តឹងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​សើរើ​ដែន​អធិបតេយ្យភាព​របស់​ជាតិ​លើ​ការទាមទារ​កោះត្រល់ ចាប់ពី​ថ្ងៃទី​១៨ ខែសីហា នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ស្ថិតនៅ​ផ្ទះ​លេខ​១១ ផ្លូវ​លេខ​៣៥៣ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​អនុវត្ត​ដូចតទៅៈ
. មិន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ន​នៅតាម​ទីសាធារណៈ​
.​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ឧបករណ៍​បំពង​សម្លេង​ផ្សព្វ​ផ្ស​សាយ​ដល់​ប្រជាពលរដ្ឋ​នៅតាម​ទីសាធារណៈ​។​
. ក្នុងករណី​មានការ​បង្ក​ភាពចលាចល ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អសន្តិសុខ​ជាតិ បាត់បង់​សន្តិសុខ សណ្តាប់ធ្នាប់​និង​របៀបរៀបរយ​សាធារណៈ​អាជ្ញា​ធរមាន​សិទ្ធិ​បញ្ឈប់​រាល់​សកម្មភាព​ទាំងនោះ​ភ្លាម​។​
លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ដើម្បី​ចៀសវាង​ប៉ះពាល់​ដល់​សុវត្ថិភាព​សណ្តាប់ធ្នាប់ និង​របៀប​រៀបរយ​សាធារណៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើ​សហការ​ឲ្យ​បានល្អ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​អនុវត្ត​ឲ្យ​បាន​​ម៉ឹងម៉ាត់​តាម​ស្មារតី​អង្គប្រជុំ​កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា ការធ្វើ​អ្វី​គឺ​ត្រូវអនុវត្ត​ទៅតាម​ច្បាប់ ពីព្រោះ​គាត់​ជា​គណបក្សនយោបាយ ត្រូវ​សិក្សា​ច្បាប់​ឲ្យ​បានច្បាស់លាស់ ជៀសវាង​ខុសឆ្គង​អំពី​បញ្ហា​ច្បាប់ វា​ប៉ះពាល់​ទៅដល់​សង្គមជាតិ​។ ដោយ​លោក​បញ្ជាក់ថា “​ប្រទេស​មានច្បាប់ អនុវត្ត​តាមច្បាប់​ទើបត្រូវ អ្នក​មិន​អនុវត្ត​តាមច្បាប់ គឺមាន​កំហុសឆ្គង​ជាមួយ​ផ្លូវច្បាប់ មិនអាច​អត់អោន​ឲ្យ​បានទេ​”​។​

លោក​សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក

ចំណែក​លោក​សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​ថ្លែងប្រាប់​ស​រ្មី​កម្ពុជា​ថា ការធ្វើ​យុទ្ធនា​ការប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ គឺ​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៨ ខែសីហា នេះ គឺ​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​បានអនុញ្ញាត​។ ការអនុញ្ញាត​នេះ គឺ​ស្របទៅតាម​ស្មារតី​នៃ​អង្គប្រជុំ​កាលពី​ថ្ងៃទី​១៦ ខែសីហា ដែល​បាន​ព្រមព្រៀងគ្នា​ទៅលើ​លក្ខខណ្ឌ​ទៅវិញទៅមក​។​

​លោក​បាន​បន្តថា ការធ្វើ​យុទ្ធនា​ការប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ គឺ​ធ្វើ​នៅ​ស្នាក់ការ​គណបក្ស មិនមែន​ធ្វើ​នៅ​ទីសាធារណៈ​។ ក្នុងករណី​ប្រមូលបាន​ស្នាម​មេដៃ​គ្រប់​ចំនួន ៥​ម៉ឺន​ស្នាម​មេដៃ នឹងធ្វើ​ការ​ដង្ហែ​ញ្ញត្តិ​យកទៅ​ដាក់ជូន​ក្រុមប្រឹក្សាធម្មនុញ្ញ​។

​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​បញ្ជាក់ថា “​ស្នាម​មេដៃ​ដែល​ប្រមូល គឺមាន​ចំនួន​៥​ម៉ឺន​ស្នាម​មេដៃ ហើយ​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​ផ្តិតមេដៃ គឺជា​សេរីភាព​របស់គាត់ ជាការ​ពេញចិត្ត​របស់​គាត់ ហើយ​បន្ទាប់ពី​យើង​ប្រមូល​ស្នាម​មេដៃ​បាន​គ្រប់​ចំនួន​ហើយ គឺ​ហែ​ញត្តិ​ទៅ​ដាក់ជូន​ក្រុមប្រឹក្សាធម្មនុញ្ញ ពេលនោះ​បាន​យើង​សុំច្បាប់​៕​សរន​