សាលា​រាជធានី​មិន​ឲ្យ​មានការ​ជួបជុំ​ទាមទារ​ដោះលែង កឹម សុខា និង​លើកលែងទោស​សម រង្ស៊ី​

818
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បើសិនជា​មានការ​ប្រមូល​ផ្ដុំ​ជួបជុំគ្នា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ទាមទារ​មានការ ដោះលែង​ជនជាប់ចោទ​គឹម​សុខា​និង​លើកលែងទោស​ទណ្ឌិត​សមរង្ស៊ី​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ ខាងមុខនេះ ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់លោក​ឃួ​ង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ ថ្លែងប្រាប់​រស្មី​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៩​នេះ​។​


​ទាក់ទង​ករណី​ស្នើសុំ​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ស្ដីពី​ការប្រមូលផ្ដុំ​សម្ដែង​មតិ​ដើម្បី​ទាមទារ​មានការ​ដោះលែង​ជនជាប់ចោទ កឹម សុខា និង​លើកលែងទោស​ទណ្ឌិត សម រង្ស៊ី នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៩ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ជម្រាប​ទៅ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ថា ចំពោះ​ការប្រមូលផ្ដុំ​សម្តែង​មតិ​ដើម្បី​ទាមទារ​អោយ​តុលាការ​ដោះលែង​ជនជាប់ចោទ កឹម សុខា និង​លើកលែងទោស​ទណ្ឌិត សម រង្ស៊ី ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ ចាប់ពី​វេលា​ម៉ោង ៨ ដល់​ម៉ោង ១២ថ្ងៃត្រង់ នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម​ប្រមាណ ៧២​នាក់ របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ពុំ​អនុញ្ញាត​ជូន​ទេ ដោយសារ​សកម្មភាព​នេះ​ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​កំពូល​និង​រំលោភ​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ​។​

លោក​ឃួ​ង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ


​អភិបាល​រាជធានី​ភ្នំពេញ​បាន​សង្កត់ធ្ងន់ថា “​ក្នុងករណី​មានការ​ជួបជុំ​រៀបចំ​ពិធី​នៅ​ទីតាំង​ខាងលើ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ហើយ​អ្នកដឹកនាំ​ធ្វើ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះមុខ​ច្បាប់​ជា​ធរមាន​”​។​


​សូម​ជំរាប​ថា​កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ជូនដំណឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អំពី​ការប្រមូលផ្ដុំ​សម្ដែង​មតិ​ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក​កឹម សុខា និង​លើកលែងទោស​លោក​សម រង្ស៊ី ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ក្នុង​គោលបំណង​រក្សា​ការងារ​ជូន​កម្មករ​កម្មការិនី​អត់​មាន​ការងារ​ធ្វើ​បន្តទៀត ។ ការប្រមូលផ្ដុំ​និង​មាន​មនុស្ស​ចូលរួម​យ៉ាងតិច ៧២​នាក់ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ១២​ថ្ងៃត្រង់​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​សរន

អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន សមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ