សាលា​អន្តជាតិ​អាស៊ាន​បញ្ជ្រាប​កម្មវិធី​ទម្លាប់​ល្អ​ទាំង​៧​និង​”​លី​ឌើ​អ៊ី​ន​មី​”​របស់​អាមេរិក​នៅក្នុង​កម្មវិធីសិក្សា​

173
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​សាលា​អន្តរជាតិ​អាស៊ាន​នៅ​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៩​បាន​បើក​ដំណើរការ​សេវាកម្ម​ថែទាំ​អប់រំ​កុមារ​តូច​និង​បញ្ជ្រាប​កម្មវិធី​ទម្លាប់​ល្អ​ទាំង​៧ (The 7HABITS)​និង​លី​ឌើ​អ៊ី​ន​មី​(Leader inME)​។​ដែលជា​កម្មវិធី​អប់រំ​ដ៍​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក​ទៅក្នុង​កម្មវិធីសិក្សា​។​

​ដោយ​សង្កេតឃើញថា​ភាគច្រើន​នៃ​ឪពុកម្តាយ​ក្នុងពេល​បច្ចុប្បន្ន​ត្រូវ​ចេញ​ប្រកប​អាជីវកម្ម​ឬ​ធ្វើការ​ទាំងអស់គ្នា​ដែលជា​ហេតុ​ធ្វើឱ្យ​ពួកគាត់​មានការ​ប្រឈម​និង​បញ្ហា​កង្វះ​ពេលវេលា​ថែទាំ​កូនតូចៗ​។​ដូចនេះ​សាលា​អន្តរជាតិ​អាស៊ាន​សម្រេច​ដាក់​បើក​ដំណើរការ​សេវាកម្ម​អប់រំ​និង​ថែទាំ​កុមារ​តូច​ចាប់ពី​អាយុ​២​ឆ្នាំ​ឬ​២៤​ខែ​។​ដោយ​មិន​ត្រឹមតែ​ជា​កន្លែង​ស្នាក់នៅ​ប៉ុណ្ណោះ​ទេ​សាលា​ផ្តោតទៅលើ​ការអប់រំ​និង​ថែទាំ​កុមារ​តូច​ឱ្យមាន​ការអភិវឌ្ឍ​ទាំង​ផ្នែក​ភាសា​ស្មារតី​ទំនាក់ទំនង​សង្គម​គំនិត​ច្នៃប្រឌិត​បញ្ញា​វាងវៃ​កាយសម្បទា​និង​សុខភាព​។​

​ថ្លែង​ក្នុង​ពិធី​បើក​ដំណើរការ​កម្មវិធី​និង​សេវាកម្ម​ថ្មី​នេះ​អ្នកស្រី​សូ​យ​សុ​មានិត​នាយិកា​រង​សាលា​អន្តជាតិ​អាស៊ាន​បាន​មានប្រសាសន៍ថា​៖​សាលា​អន្តរជាតិ​អាស៊ាន​មិន​ត្រឹម​ជា​សាលារៀន​តែ​គឺជា​ផ្ទះ​ដែល​កុមារ​តូច​គ្រប់រូប​ទទួលបាន​នូវ​ការអប់រំ​ថែទាំ​យ៉ាង​ម៉ត់ចត់​និង​កក់ក្តៅ​ដូច​មាន​ឪពុកម្តាយ​នៅក្បែរ​។ សេវាកម្ម​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​ទៅ​។​

​អ្នកស្រី​នាយិកា​រង​បានលើកឡើង​ទៀតថា​៖​ឆ្លៀត​ក្នុងឱកាស​ជួបជុំ​ជាមួយ​មាតាបិតា​សិស្ស​ក្នុង​វេលា​ព្រឹក​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៩​នោះដែរ​សាលា​ក៏​ធ្វើការ​បញ្ជ្រាប​ដំណើរការ​កម្មវិធី​TheLeaderInMe​ដែល​ទទួលបាន​សិទ្ធិ​បង្ហាត់បង្រៀន​និង​បណ្តុះបណ្តាល​ពី​FranklinCovey​សហរដ្ឋអាមេរិក​។​ដើម្បី​ទទួលបាន​ការសហការ​ពី​សំណាក់​អ្នកអាណាព្យាបាល​សិស្ស​ក្នុងការ​ចូលរួម​ជំរុញ​សិស្សានុសិស្ស​ឱ្យក្លាយ​ជា​បុគ្គល​ឆ្នើម​មានចំណេះ​ជំនាញ​និង​គោលដៅ​ជីវិត​ច្បាស់លាស់​។​​ក្នុងបទបង្ហាញទៅដល់អាណាព្យាបាលសិស្សលោកយែមសំណាងនាយកសាខាច្បារអំពៅ​បានឱ្យដឹងថា​៖​ទម្លាប់​ល្អ​ទាំង​៧​ដែល​ភាសា​អង់គ្លេស​ហៅថា​«7Habits»​បាន​ត្រូវគេ​ចាត់ទុកថា​ជា​វិធីសាស្ត្រ​មួយ​ឆ្ពោះទៅរក​ភាពជោគជ័យ​នៅក្នុង​អាជីវកម្ម​និង​អាជីព​ការងារ​ទម្លាប់​ទាំង​៧​នេះ​។​ក្នុងនោះ មាន​៖​ទី​១,​មាន​ភាពម្ចាស់ការ​លើ​ការងារ​របស់ខ្លួន​។​ទី​២,​គិត​ហើយ​ស៊ឹម​គូរ​,​។​

​ទី​៣,​ធ្វើ​និង​ចាត់ចែង​ការងារ​សំខាន់​មុន​។​ទី​៤,​គិត​បែប​ឈ្នះៗ​ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម​។​ទី​៥,​ស្តាប់​គេ​ឱ្យ​យល់​សិន​មុននឹង​ឱ្យគេ​យល់​ពី​យើង​។​ទី​៦,​សហការ​ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​និង​ទី​៧,​បន្ត​ការអភិវឌ្ឍ​ខ្លួន​។​ចំណែក​កម្ម​វី​ធី​LeaderinMe​គឺជា​ដំណើរការ​នៃ​ការផ្លាស់ប្តូរ​សាលា​ទាំងមូល​ដើម្បី​អភិវឌ្ឍន៍​ភាពជា​ដៃគូ​ជាមួយ​អ្នក​អប់រំ​ដែល​ផ្តល់​អំណាច​ដល់​សិស្ស​នូវ​ភាពជា​អ្នកដឹកនាំ​និង​បំ​ណិ​ន​ជីវិត​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ទទួលបាន​ភាពជោគជ័យ​នៅក្នុង​សតវត្សរ៍​ទី​២១៕S/

​ចំណងជើង​រូបថត​៖​សាលា​អន្តជាតិ​អាស៊ាន​បញ្ជ្រាប​កម្មវិធី​ទម្លាប់​ល្អ​ទាំង​៧​និង​លី​ឌើ​អ៊ី​ន​មី​របស់​អាម៉េរិក​នៅក្នុង​កម្មវិធីសិក្សា​និង​បើក​ដំណើរការ​សេវាកម្ម​ថែទាំ​

#