សាលា​អន្តរជាតិ​វេ​ស្ទ​លេន​ដ៍​ចែក​វិញ្ញាបនបត្រ​ដល់​សិស្ស​ជិត​២០០​នាក់​ប្រឡង​ជាប់​មធ្យមសិក្សា​បឋមភូមិ​និង​ទុតិយភូមិ​ឆ្នាំ​២០១៨=២០១៩

266
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្នុង​ឆ្នាំ​សិក្សា​២០១៨២០១៩​សិស្សសាលា​អន្តរជាតិ​វេ​ស្ទ​លេន​ដ៍​ជិត​២០០​នាក់​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​ថ្នាក់​បឋមភូមិ​និង​ថ្នាក់​ទុតិយភូមិ​ជា​ស្ថាពរ​១០០​ភាគរយ​។​នៅ​រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​បាន​ប្រា​ព្ធ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បឋមភូមិ​។​ថ្នាក់​ទុតិយភូមិ ផ្តល់​រង្វាន់​លើកទឹកចិត្ត​សិស្ស ទិ​ន្ទេ​ស A សិស្ស​ឆ្នើម និង​លោកគ្រូ អ្នកគ្រូ​បង្រៀន​ថ្នាក់​ទី​១២ ដែលមាន​ស្នាដៃ​ឆ្នើម​លើ​ការបង្រៀន និង​ការអប់រំ​ណែនាំ​សិស្ស​ឱ្យ​ទទួលបាន​និទ្ទេស​ល្អ​ផងដែរ​។​

​ពិធី​ចែក​វិញ្ញាបនបត្រ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​លោក​គីម​រិទ្ធី​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ណ្តា​ល​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកណ្តាល លោក ថន សុក​លីម នាយក សាលា​អន្តរជាតិ វេ​ស្ទ​លែ​ន​ដ៍ តំណាង​ក្រសួង​អប់រំ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​។​

​លោក​ថន​សុក​លីម​នាយក​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​បាន​ថ្លែងថា​៖​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​ជា​គ្រឹះស្ថាន​អប់រំ​ឯកជន​មួយ​ដែលមាន​ការទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ។​ជាការ​ពិតណាស់​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​មាន​កម្មវិធីសិក្សា​ធំៗ​ចំនួន​៣​ដែល​កំពុងតែ​ដំណើរការ​នាពេល​បច្ចុប្បន្ន​នេះ​គឺ​កម្មវិធីសិក្សា​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​ថ្នាក់​ទី​១២,​កម្មវិធីសិក្សា​ចំណេះ​ទូទៅ​អន្តរជាតិ​(​ថ្នាក់បឋមសិក្សា​)​។​កម្មវិធីសិក្សា​ភាសា​អង់គ្លេស​ទូទៅ​(​ពេញ​ម៉ោង​និង​ក្រៅ​ម៉ោង​ពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​មនុស្សពេញវ័យ​)​។​

​លោកនាយក​បាន​បន្តថា​៖​ដើម្បី​ចូលរួមចំណែក​ធ្វើកំណែទម្រង់​ប្រព័ន្ធ​អប់រំ​ស៊ី​ជំរៅ​ក្នុងការ​ពង្រឹងគុណភាព​អប់រំ​ថ្នាក់មធ្យមសិក្សា​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​បាន​ពង្រឹង​លើ​ការធ្វើ​តេស្ត​សិស្ស​យ៉ាង​តឹងរ៉ឹង​។​ដោយ​ផ្អែកលើ​ពាក្យស្លោក​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​មួយ​ឃ្លា​គឺ​“​អ្នកចេះ​គឺជា​ប់​”​និង​បានរៀបចំ​កម្មវិធីសិក្សា​ផ្សាភ្ជាប់​ទ្រឹស្តី​ទៅនឹង​ការអនុវត្ត​ជាក់ស្តែង​រួមមាន​ការធ្វើ​ពិសោធន៍​វិទ្យាសាស្ត្រ​មុខវិជ្ជា ជីវវិទ្យា រួប​វិទ្យា និង​គីមីវិទ្យា នៅក្នុង​ថ្នាក់រៀន​ដោយផ្ទាល់ ។

​លើសពីនេះ​សាលា​ក៏បាន​រៀបចំ​កម្មវិធី​ចុះ​កម្មសិក្សា​ខ្លីៗ​តាម​ស្ថាបន​រដ្ឋ​ក៏ដូចជា​ស្ថាប័នឯកជន​មួយចំនួន​ដើម្បី​សិក្សា​ស្វែងយល់​។​ទន្ទឹមនឹងនេះ​សាលា​ក៏បាន​ធ្វើការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅតាម​តំបន់​ប្រវត្តិសាស្ត្រ ដំណើរ​កម្សាន្ត​នៅតាម​ទី​រម្យ​ណី​ដ្ឋា​ន​នានា​ដើម្បី​សិក្សា​ពង្រីក​ចំណេះដឹង​លើ​វប្បធម៌ និង​អរិយធម៌​ខ្មែរ​និង​ការរៀបចំ​កម្មវិធី​ពិ​ព័ណ៌​វិទ្យាសាស្ត្រ​បង្ហាញ​ស្នាដៃ​សិស្ស​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ផ្តល់ឱកាស​ឱ្យ​សិស្សានុសិស្ស​បញ្ចេញ​សមត្ថភាព​ទេពកោសល្យ​និង​ស្នាដៃ​។​

​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​មិន​ត្រឹមតែ​ចូលរួមចំណែក​កែទម្រង់​ការអប់រំ​ស៊ីជម្រៅ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ចូលរួមចំណែក​ក្នុង​សកម្មភាព​សង្គម​មួយចំនួន​រួមមាន​៖​កម្មវិធី​ទិវា​បរិស្ថាន​ស្អាត​របស់​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​កម្មវិធី​បរិច្ចាគ​ឈាម​ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដើម្បី​ជួយសង្គ្រោះ​ជីវិត​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​និង​ចូលរួម​ក្នុង​កម្មវិធី​មនុស្សធម៌​ផ្សេងៗ​ទៀត​។​ទាក់ទង​នឹង​លទ្ធផល​ប្រឡង​សញ្ញាបត្រ​ថ្នាក់​ប​ឋ​មិ​ភូមិ​និង​ទុតិយភូមិ​នោះ លោក​ថន សុក​លីម​បានឱ្យដឹងថា នៅក្នុង​ឆ្នាំ​សិក្សា ២០១៤ – ២០១៩​សិស្ស​ថ្នាក់​ទី​៩​មាន​ចំនួន​សរុប​៣៦៨​នាក់​ស្រី​ចំនួន​១៦៤​នាក់​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​បឋមភូមិ​ជា​ស្ថាពរ ១០០​ភាគរយ​។

ចំណែក​ថ្នាក់​ទី​១២​ឆ្នាំ​សិក្សា​២០១៥=២០១៩​មាន​ចំនួន​សិ​ស្សរុប​១៥៨​នាក់​ស្រី​ចំនួន​៧៥​នាក់​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ ៩៣.៣៣​ភាគរយ​ដែល​ក្នុងនោះ ឆ្នាំ​២០១៥-២០១៦ ជាប់​១០០​ភាគរយ ,​ឆ្នាំ​២០១៦-២០១៧ ជាប់ ៩៣.៦២​ភាគរយ​, ឆ្នាំ​២០១៧-២០១៨ ជាប់​១០០​ភាគរយ​និង ក្នុង​ឆ្នាំ​២០១៨-២០១៩ ជាប់​១០០​ភាគរយ (​ទទួលបាន​និទ្ទេស A= ៣​នាក់ និទ្ទេស B= ៦​នាក់ និទ្ទេស C=១៣​នាក់ និទ្ទេស D= ១៧​នាក់ និង និទ្ទេស E= ២៨​នាក់​)​។

​លោកនាយក​បាន​បន្ថែម​ទៀតថា​ដើម្បី​អបអរ​នឹង​លទ្ធផល​ដ៏​ល្អ​នេះ​ក្រុមប្រឹក្សាភិបាល​សាលា​ក៏បាន​សម្រេច​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត​សិស្ស និង​លោកគ្រូ អ្នកគ្រូ​ថ្នាក់​១២ ដែលមាន​ស្នាដៃ​ឆ្នើម​លើ​ការបង្រៀន និង​ការអប់រំ​ណែនាំ​សិស្ស​ឱ្យ​ទទួលបាន​និទ្ទេស​ល្អ​ផងដែរ​។ ដូច្នេះ​រង្វាន់​លើកទឹកចិត្ត​សិស្ស​ទិ​ន្ទេ​ស A ចំនួន​៣​នាក់​ក្នុង​ម្នាក់​ទទួលបាន​(​ដំណើរ​ទស្សនកិច្ច​សិក្សា​ក្រៅប្រទេស​១០០​ភាគរយ​,​អាហារ​រូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង ១០០​ភាគរយ ១​ឆ្នាំ​, ថវិកា ២​លាន​រៀល​)​។​

សិស្ស​និទ្ទេស B ចំនួន ៦ ក្នុង​ម្នាក់ៗ ទទួលបាន (​អាហារ​រូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង ១០០​ភាគរយ​១​ឆ្នាំ​និង​ថវិកា​១​លាន​រៀល​)​និទ្ទេស​C.D.E​ចំនួន​៥៨​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​(​អាហារ​រូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង ៥០​ភាគរយ​១​ឆ្នាំ​)​។​ចំណែក​លោកគ្រូ​អ្នកគ្រូ​ឆ្នើម​ថ្នាក់​ទី​១២​រួមមាន លោកគ្រូ ជ ឈាង​ហ័​រ លោកគ្រូ​អ៊ី​ម​អ៊ិន​អ្នកគ្រូ​សៀក​ប៊ុន​ណេ​ត​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​១​លាន​រៀល លោកគ្រូ មុយ ផាត ទទួលបាន ១​លាន ១០​ម៉ឺន​រៀល និង​លោកគ្រូ ស៊ិន ទ្រី ទទួលបាន​ថវិកា ១​លាន ២០​ម៉ឺន​រៀល​។

​ក្នុងឱកាស​ថ្ងៃនេះ​ដែរ​សាលា​ក៏មាន​កម្មវិធី​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ជូន​លោកគ្រូ​អ្នកគ្រូ​ឆ្នើម​ថ្នាក់បឋមសិក្សា​ក្នុង​ឆ្នាំ​សិក្សា ២០១៨-២០១៩ សិស្ស​ពូកែ​ទូទាំងប្រទេស​មុខវិជ្ជា រូបវិទ្យា ចំណាត់ថ្នាក់​លេខ ៥ និង​សិស្ស​ឆ្នើម​ថ្នាក់​ទី​១០​ទី​១១​និង​ទី​១២​សម្រាប់​ឆ្នាំ​សិក្សា​២០១៩=២០២០​។​លោក​គីម​រិទ្ធី​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ណ្តា​ល​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកណ្តាល​បាន​ថ្លែង​អបអរសាទរ​ចំពោះ​សិស្សសាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​ចំនួន​ជិត​២០០​នាក់​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​ថ្នាក់​បឋមភូមិ និង​ថ្នាក់​ទុតិយភូមិ​ជា​ស្ថាពរ ១០០​ភាគរយ ក្នុង​ឆ្នាំ​សិក្សា ២០១៨=២០១៩​។​

​លោក​បាន​បន្តថា​៖​តាមរយៈ​លទ្ធផល​នេះ​បង្ហាញថា​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​គឺជា​គ្រឹះស្ថាន​អប់រំ​ឯកជន​មួយ​ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​កែទម្រង់​ប្រព័ន្ធ​អប់រំ​ស៊ីជម្រៅ​យ៉ាងពិត​ប្រាកដ​និង​ការអភិវឌ្ឍ​សង្គម​និង​ប្រទេសជាតិ​របស់​យើង​លើ​វិស័យ​អប់រំ​ដោយមាន​ការយកចិត្តទុកដាក់​និង​ទទួលខុសត្រូវ​ខ្ពស់​លើ​ការបណ្តុះបណ្តាល​ក្មួយៗ​ប្អូនៗ​សិស្សានុសិស្ស​ដែលជា​ធនធានមនុស្ស​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​នាពេល​អនាគត​ពិតប្រាកដ​ដូច​ពាក្យស្លោក​មួយ​ឃ្លា​បាន​ពោលថា​“​យុវជន​ជា​ទំពាំង​ស្នង​ឬ​ស្សី និង សរសរ​ទ្រូង​របស់​ប្រទេសជាតិ​”​។

​លោក​អភិបាលរង​ក៏បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍ដែល​បាន​ចូលរួម​ក្នុង​បុព្វហេតុ​សង្គម​ជាច្រើន​រួមមាន​ការធ្វើ​កម្មវិធី​ទិវា​បរិស្ថាន​ស្អាត​ក្នុង​ក្រុង​តាខ្មៅ​ជា​រៀងរាល់ឆ្នាំ​ដើម្បី​លើកកម្ពស់​និង​បំផុសស្មារតី​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យចូល​រួម​ធ្វើការ​សម្អាត​ទីក្រុង​តាខ្មៅ​ឱ្យបាន​ស្អាត​។​កម្មវិធី​បរិច្ចាគ​ឈាម​ជូន​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​និង​កម្មវិធី​អប់រំ​ផ្លូវចិត្ត​សិស្សានុសិស្ស​ឱ្យខិត​ខំប្រឹង​រៀនសូត្រ​ប្រព្រឹត្ត​អំពើ​ល្អ​ស្រលាញ់​អ្នកមានគុណ​និង​ជៀសឱ្យផុត​ពី​ការសេព​គ្រឿងញៀន​តាម​មាគ៌ា​របស់​ព្រះពុទ្ធសាសនា​។

​យោងតាម​សកម្មភាព​ទាំងអស់នេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញថា​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​ក្រសួង​អប់រំ​និង​ក្នុង​សកម្មភាព​សង្គម​ទាំង​ផ្នែក​មនុស្សធម៌​សង្គម​ធម៌​វប្បធម៌​ប្រវត្តិសាស្ត្រ​និង​ប្រពៃណី​។​លើសពីនេះទៅទៀត​លោក​សូម​កោតសរសើរ​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍ដែល​មានគំនិត​រៀបចំ​កម្មវិធី​តម្រង់ទិស​សិស្សានុសិស្ស​ពី​ថ្នាក់​ទី​៩​ដល់​ថ្នាក់​ទី​១២​។​

ដើម្បីឱ្យ​សិស្ស​សម្រេចបាន​នូវ​គោលបំណង​ក៏ដូចជា​មុខជំនាញ​ដែល​ប្អូនៗ​សិស្សានុសិស្ស​ចង់​សិក្សា​នៅ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​និង​ផ្តល់ឱ្យ​សិស្ស​ទាំងអស់​មាន​សមត្ថ​ភាព​គ្រប់គ្រាន់​ក្នុងការ​ប្រ​គួ​ត​ប្រជែង​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​និង​មាន​សមត្ថភាព​ពេញលេញ​នៅក្នុង​សង្គម​ការងារ​។

​ជាក់ស្តែង​សតវត្ស​ទី​២១​គឺជា​សម័យ​ឧស្សាហកម្ម​៤.០​ដែល​ពិភពលោក​មានការ​ប្រ​គួ​ត​ប្រជែង​លើ​ការអប់រំ​បច្ចេកវិទ្យា​(Ai)​។​ដូច្នេះ​ប្រសិនបើ​ប្អូនៗ​សិស្សានុសិស្ស​មិនមាន​ការរៀបចំ​ខ្លួន​ឱ្យទាន់​សម័យកាល​នេះ​ទេ​ប្អូនៗ​នឹង​ជួប​ផល​លំបាក​ទាំង​ក្នុងការ​សិក្សា​និង​ការប្រកប​ការងារ​។​ដើម្បីឱ្យ​បានសម្រេច​បំណងប្រាថ្នា​របស់​ប្អូនៗ លោក​សូម​លើកទឹកចិត្ត​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​អង្គពិធី​នេះ ចូលរួម​និង​គោរព​ធ្វើតាម​ការណែនាំ​និង​ការតម្រង់ទិស​របស់​សាលា​ពីព្រោះ​កម្មវិធី​នេះ​ល្អ​សម្រាប់​ប្អូនៗ​ក្នុង​ការបន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​និង​សង្គម​ការងារ​នាពេល​អនាគត​។​

​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ខេត្ត​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកណ្តាល​និង​ខ្លួន​លោក​ផ្ទាល់​លោក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍ដែល​តែងតែ​យកចិត្តទុកដាក់​ពង្រឹង​គុណភាព​អប់រំ​វិន័យ​សីលធម៌​របស់​សិស្សានុសិស្ស​។​ដើម្បីឱ្យ​ក្លាយខ្លួនជា “​សិស្ស​ល្អ​កូន​ល្អ​មិត្ត​ល្អ​និង​ពលរដ្ឋ​ល្អ​”​ក្នុងសង្គម​និង​ដើម្បី​ត្រៀមខ្លួន​ប្រ​គួ​ត​ប្រជែង​ក្នុង​សហគមន៍​អាស៊ាន​។​លើសពីនេះ​ខ្ញុំ​សូមឱ្យ​ថ្នាក់ដឹកនាំ​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​បន្ត​ធ្វើការ​បំផុសគំនិត​ដល់​ក្មួយៗ​សិស្សានុសិស្ស​ចូលរួម​ឱ្យបាន​សកម្ម​ក្នុង​កម្មវិធី​មនុស្សធម៌​និង​វប្បធម៌​បន្តទៅទៀត​និង​ចូលរួម​លេង​កីឡា​ដើម្បី​សុខភាព​។

​លោក​សូម​លើកទឹកចិត្ត​ដល់​ប្អូនៗ​ដែល​ប្រឡង​ជាប់​ជា​ស្ថាពរ​ឱ្យខិត​ខំប្រឹងប្រែង​រៀនសូត្រ​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។​ចំណែកឯ​ប្អូនៗ​សិស្សានុសិស្ស​ដែល​ប្រឡង​ធ្លាក់​សូម​ប្អូនៗ​កុំ​អស់សង្ឃឹម​អនាគត​ប្អូនៗ​នៅ​វែងឆ្ងាយ​ប្អូនៗ​អាច​ចូលរៀន​បរិញ្ញាបត្ររង​នៅ​សាកលវិទ្យាល័យ​តាម​ជំនាញ​ដែល​ខ្លួន​ចង់បាន​។​តំណាង​សិស្ស​ជ័យលាភី​និទ្ទេស​A​នៃ​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​បាន​សម្តែង​ចំណាប់អារម្មណ៍​ថា​៖​ការសិក្សា​នៅ​សាលា​អន្តរជាតិ វេ​ស្ទ​លែ​ន​ដ៍​បានផ្តល់​គុណភាព និង​ការជឿទុកចិត្ត​នៅ​គ្រប់​ស្រទាប់វណ្ណៈ​។

​ជាការ​ពិតណាស់​ជោគជ័យ​របស់ខ្ញុំ​ផ្ទាល់​ពិតជា​មិនអាច​កាត់ផ្តាច់​បាន​ពី​ការគ្រប់គ្រង​និង​ការដឹកនាំ​របស់​គណៈ​គ្រប់គ្រង​ការខិតខំ​ប្រឹងប្រែង​បង្ហាត់បង្រៀន​ប្រកបដោយ​ប្រសិទ្ធិភាព​និង​មនសិការ​វិជ្ជាជីវ​ខ្ពស់​របស់​លោកគ្រូ​អ្នកគ្រូ​និង​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ជាពិសេស​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​មាតាបិតា អ្នកអាណាព្យាបាល​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​នាំមក​នូវ​ជោគជ័យ​ដល់​រូបខ្ញុំ​។

​ម្យ៉ាងវិញទៀត​ប្រសិនបើ​អ្នកអាណាព្យាបាល​និង​រូបខ្ញុំ​ផ្ទាល់​សម្រេចចិត្ត​ជ្រើស​រើសយក​សាលា​ដែល​គ្មាន​ការយកចិត្តទុកដាក់​លើ​គុណភាព​អប់រំ​នោះ​ខ្ញុំ​ក៏​គ្មាន​ថ្ងៃនេះ​ដែរ​ហើយ​លទ្ធផល​ការសិក្សា​ក៏​ផ្ទុយ​ពី​ការរំពឹងទុក​ផងដែរ​។​ចំណុច​៤​យ៉ាង​ដែល​ធ្វើឱ្យ​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រឡង​នោះ​គឺ​កត្តា​ខ្លួនឯង​កត្តា​គ្រួសារ កត្តា​សាលារៀន​និង​កត្តា​សង្គម​៕S/

​ចំណងជើង​រូបថត​៖​សាលា​អន្តរជាតិ​វេ​ស្ទ​លេន​ដ៍​ចែក​វិញ្ញាបនបត្រ​ដល់​សិស្ស​ជិ​២០០​នាក់​ប្រឡង​ជាប់​ជា​ស្ថាពរ​មធ្យមសិក្សា​បឋមភូមិ​និង​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨=២០១៩(​រូប​៖​សុផល​)