សាលា​អេ​ស៊ី​អ៊ី រៀបចំ​កម្មវិធី​សប្បុរសធម៌​ក្នុងឱកាស​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ រក​មូលនិធិ​ជូន​ទៅដល់​សហគមន៍​ដែល​ខ្វះខាត​

1525
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ភាព​រំភើប​រីករាយ និង​ការទន្ទឹងរង់ចាំ​របស់​សិស្សានុសិស្ស បុគ្គលិក​ការងារ មាតាបិតា​របស់​សិស្ស និង​ពី​សំណាក់​មហាជន កំពុងមាន​សន្ទុះ​យ៉ាងខ្លាំង ដោយសារ​ពួកគេ​នឹង​បាន​ជួប​ជាមួយនឹង​តារា​ល្បីៗ​ដែល​ពួកគេ​ស្រលាញ់​ពេញចិត្ត ទស្សនាការ​សម្តែង​ពី​សំណាក់​ក្រុម​រាំ​របាំ​ប្រពៃណី​ខ្មែរ និង​ធ្វើដំណើរ​ទៅកាន់​បណ្ដា​ខេត្ត​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​កម្មវិធី​សប្បុរសធម៌​ក្នុងឱកាស​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​របស់​សាលា អេ​ស៊ី​អ៊ី​ដែល​ធ្វើ​នឹង​ឡើង​នៅ​ថ្ងៃអាទិត្យ​ទី ៨ ខែ មេសា ឆ្នាំ ២០១៨ នៅ​សាលា ACE ទីតាំង​ទួលគោក​។

​ក្រោម​ការរៀបចំ​របស់​គណៈកម្មការ​សង្គមរ​បស់​អាយ​ឌី​ភី និង អេ​ស៊ី​អ៊ី និង​ចូលរួម​ដឹកនាំ​ដោយ​អគ្គរាជទូត​សុ​ឆន្ទៈ​សិស្ស និង​បុគ្គលិក​របស់​សាលា​អេ​ស៊ី​អ៊ី​ទាំងអស់ កម្មវិធី​សប្បុរសធម៌​ក្នុងឱកាស​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​រយៈពេល​កន្លះ​ថ្ងៃ ក្នុង​គោលបំណង​រក​មូលនិធិ​ជូនទៅ​ដល់​សហគម​ន៏​ដែល​ខ្វះខាត​។​

​កំពូល​តារាចំរៀង​ល្បីៗ និង​តារាចំរៀង​និពន្ធ​ស្នាដៃ​ដើម បាន​ស្ម័គ្រចិត្ត​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​សប្បុរសធម៌​ដ៏​មហោឡារិក​នេះ ហើយ​ដែល​រំពឹងទុក​ថា​នឹងមាន​អ្នកចូលរួម​កម្មវិធី​ប្រមាណ​ជាង ២០០០​នាក់ រួមមាន​៖ Adda, Niki Niki, Sam Rocker, Kan Pich, The Mustache, Hin Lida, the Tomorrow Band, EDM  ជាមួយ DJ RXTHY និង DJ Benzz និង​តារា​មាន​ទេពកោសល្យ​ជាច្រើនរូប​ទៀត​។​

​លោកស្រី ជា ចិន្តា​មុនី ប្រធាន​គណៈកម្មាធិការ​សង្គម IDP-ACE បាន​មានប្រសាសន៍ថា “​វា​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ដែល​សិស្សសាលា​អេ​ស៊ី​អ៊ី​ទាំងអស់ មាតាបិតា បុគ្គលិក មិត្តភក្ដិ​និង​ក្រុមគ្រួសារ របស់​ពួកគេ​មក​ចូលរួម​ដើម្បី​អបអរ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​សម្រាប់​កម្មវិធី​សប្បុរសធម៌​” ។​

​ចៀន មុន្នីនាថ ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​សិស្ស​របស់​សាលា​អេ​ស៊ី​អ៊ី​ដែល​ផ្តួចផ្តើម​កម្មវិធី​នេះ​ម្នា​ក់បាន​មានមតិ​ថា​: “​វា​នឹងមាន​លក្ខណពិសេស​សម្រាប់​គ្រប់គ្នា​ដែល​មក​ចូលរួម​កម្មវិធី​នេះ​”​។​
​ព្រឹ​ត្ដិ​ការណ៍​នេះ​នឹង​បង្ហាញ​ពី​វប្បធម៌​នៃ​ការចែករំលែក និង​លើកស្ទួយ​ល្បែង​ប្រជាប្រិយ​និង​ក្បាច់​រាំ​ប្រជាប្រិយ​របស់​ខ្មែរ​យើង​។

​គួរកត់សម្គាល់​ផងដែរ​ថា នឹងមាន​ការតុបតែង​បន្ទប់​ចំនួន​៦ ដែល​តំណាង​ឲ្យ​បណ្ដា​ខេត្ត​មួយចំនួន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើ​ឲ្យ​អ្នកចូលរួម​មាន​អារម្មណ៍​ថា ពួកគេ​បានធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​ដោយ​មិនចាំបាច់​ជិះ​ទ្បាន​ទ្បើ​យ​។ លើសពីនេះទៅទៀត នឹងមាន​ការតាំងពិព័រណ៍​ស្ដង់​ជាច្រើន​រួមមាន​ស្តង់​មកពី​ស្ថាប័ន ដែល​បាន​ឧបត្ថម្ភ​កម្មវិធី​ស្តង់​លក់​ម្ហូបអាហារ​ភេសជ្ជៈ និង​វត្ថុ​អនុ​ស្សោ​រី​យ៍​ដើម្បី​ជួយ​គាំទ្រ​ដល់​សកម្មភាព​សប្បុរស​ធម៌​នេះ​។​

​លោក ម៉ៅ ស្រេង នាយក​អាយ ឌី ភី និង អេ ស៊ី អ៊ី ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសា​ស​ន៏​ថា​៖ “​យើង​រង់ចាំ​ស្វា​គម​ន៏​អ្នក​រាល់គ្នា ដើម្បី​ចូលរួម​កម្មវិធី​សប្បុរសធម៌​រៃអង្គាស និង​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ខ្មែរ​ក្នុងឆ្នាំនេះ​។ យើង​មាន​ក្ដី​សោមនស្ស​យ៉ាងខ្លាំង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​បុគ្គលិក​របស់​យើង ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​សិស្ស​និង​គ្រួសារ​របស់​ពួកគេ​នៅក្នុង​ការរៀបចំ និង​គាំទ្រ​កម្មវិធី​សប្បុរសធម៌​ដ៏​មាន​សារសំខាន់​នេះ​”​។​

​ក្រុមហ៊ុន​និង​ស្ថាប័ន​ដែល​ចូលរួម​ឧបត្ថម្ភ​កម្មវិធី​នេះ​រួមមាន​៖ IDP Education ជា Diamond Sponsor OPPO ជា Silver Sponsor,  Holmesglen, Three6 , United Knowledge ជា Bronze Sponsors,  MyTEB , Click Printing, Baby Care, Family Printing និង Advertising ជា In-kind Sponsors និង​ចូលរួម​គាំទ្រ​ដោយ​សាលា ACE ផ្ទាល់​។​

​សំបុត្រ​ចូលរួម​កម្មវិធី​មាន​លក់​នៅ​គ្រប់​ទីតាំង​សាលា ACE ទាំងអស់​នៅ​ភ្នំពេញ (​ទីតាំង​សម្ដេច​ប៉ាន ទីតាំង​សន្ធរម៉ុក ទីតាំង​ទួល​ទំពូង និង​ទីតាំង​ទួលគោក​)​។​សំបុត្រ​ចូលរួម​មួយ​តម្លៃ​តែ ២៤ ០០០​រៀល ប៉ុណ្ណោះ (​ទទួលបាន​ក្រ​ម៉ា​ដ៏​ស្រស់ស្អាត​មួយ​)​ថវិកា​ដែល​ទទួលបាន​ពី​កម្មវិធី​នឹង​យកទៅ​បរិច្ចាក​ដល់​សហគម​ន៏​ដែលមាន​តម្រូវ​ការចាំបាច់​និង​ខ្វះខាត​៕ ល​