សាល​មហោស្រព​ណា​បា​នៅ​ណាហ្គា​ទី​២​បាន​ប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ​ដើម្បី​ស្វាគមន៍​ឆ្នាំ​២០១៩

779
ចែករម្លែក
  • 7
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​ទស្សនិកជន​រាប់ពាន់នាក់​បានមក​ជួប​ជុំគ្នា​នៅ​មណ្ឌល​កម្សាន្ត​ចម្រុះ​ណាហ្គា​វើ​លដ៍​ដើម្បី​ទស្សនា​មហា​ព្រឹត្តិការណ៍​តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​កក្រើក​នៅក្នុង​សាល​មហោស្រព​ណា​បា​(NABA)​ដែលជា​សាល​មហោស្រព​បច្ចេកវិទ្យា​វីដេអូ 3D mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។

​តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​មហស្ចារ្យ​នេះ​ចូលរួម​សម្តែង​ដោយ​កំពូល​តារាចម្រៀង​ព្រាប​សុវត្ថិ​ដែល​គាត់​បានធ្វើ​ឲ្យ​ទស្សនិកជន​ប្រមាណ ២.០០០​នាក់​ជាមួយ​បទ​ចម្រៀង​ដ៏​ពេញនិយម​ជាច្រើន​បទ រួមមាន “​ខ្ញុំ​ជា​ខ្មែរ​” “​មាន់​ស្រែ​បន្លែស្រស់​” និង “​តោះ​រាំ​” ។ មិនតែប៉ុណ្ណោះ កំពូល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា បានផ្តល់​នូវ​បទ​ចម្រៀង​ពីរោះៗ​ជាច្រើន​បទ ខណៈ​តារា​ដែល​ទើបនឹង​រះ កញ្ញា “​តី​” ក៏បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ហ៊ោ​ខ្លាំងៗ​ផងដែរ​។

​ការ​បញ្ចាំង​ភ្លើង​៣៦០​ដឺ​ក្រេ​លម្អ​ឆាក​តន្ត្រី​នៅក្នុង​សាល​មហោស្រព​NABA​និង​ការសម្តែង​ដ៏​រស់​រវើក​របស់​តារា​សម្តែង​ប្រចាំ​ណាហ្គា​វើ​លដ៍​បានធ្វើ​ឲ្យ​បរិយាកាស​ឆ្លង​ឆ្នាំ​កាន់តែ​អស្ចារ្យ​និង​មិនអាច​បំភ្លេចបាន​ខណៈ​ការដើរ​បង្ហាញ​ម៉ូដ​ដោយ​កញ្ញាឯក​កម្ពុជា​ឆ្នាំ​២០១៨​ក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ បានធ្វើ​ឲ្យ​ទស្សនិកជន​សរសើរ​មិន​ដាច់​ពី​មាត់​។

​បរិយាកាស​ដ៏​រីករាយ​បាន​ឈាន​មកដល់​នៅពេលដែល​វិនាទី​ទីមួយ​ក្នុង​ឆ្នាំ​២០១៩​បានមក​ដល់​ដោយមាន​ការបាញ់​កម្ទេច​ក្រណាត់​ភ្លឺ​ផ្លេកៗ​ដ៏​ស្រស់ស្អាត​ទៅលើ​ឆាក​តន្ត្រី​ការ​បញ្ចាំង​កាំជ្រួច​ឌីជីថល​នៅលើ​ផ្ទាំង​ក្រណាត់ស​នៅក្រោយ​ឆាក និង​សំឡេង​ទះដៃ​អបអរ​ពី​ទស្សនិកជន​ទាំងអស់​។

​ប្រភព​ណាហ្គា​វើ​លដ៍​បានឱ្យដឹងថា​នៅមាន​ដំណឹង​ល្អជា​ច្រើន​ទៀត​សម្រាប់​ផ្តល់ជូន​ដល់​ពុក​ម៉ែ​បងប្អូន និង​សាធារណជន​ទូទៅ​នោះ​គឺ “​ការសម្តែង​សិល្បៈ​នៃ​ក្តី​ស្រឡាញ់​” ពីថ្ងៃ​ទី ២ កុម្ភៈ ដល់​ថ្ងៃទី ៣ មីនា​។ ចូល​ទស្សនា​ឥតគិតថ្លៃ​សម្រាប់​គ្រប់​វ័យ ចាប់ផ្តើម​ពី​ម៉ោង ៨ យប់ ពី​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃអាទិត្យ​៕S/

ចំណងជើង​រូបថត​៖​ណាហ្គា​វើ​ល​ប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​មហស្ចារ្យ​ដើម្បី​ស្វាគមន៍​ឆ្នាំ ២០១៩ ដោយមាន​ការចូលរួម​ពី​តារាចម្រៀង ព្រាប សុវត្ថិ ឱក សុគន្ធ​កញ្ញា និង​ទស្សនិកជន​ប្រមាណ​២​ពាន់​នាក់​(​រូបថត​៖ ណាហ្គា​)