សាស្ត្រាចារ្យ​និង​គ្រូ​ភាសា​បារាំង​ជួបជុំគ្នា​ជជែក​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការបង្រៀន​

995

(ភ្នំពេញ)៖គ្រូ​និង​សាស្ត្រាចារ្យ​បង្រៀន​ភាសា​បារាំង​នៅតាម​សាកលវិទ្យាល័យ​បាន​ជួប​ជជែក​គ្នា​អំពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ក្នុងការ​បង្រៀន​ស្រាវជ្រាវ​និង​បង្កើត​នូវ​ភាពងាយស្រួល​ដល់​អ្នកសិក្សា​ភាសា​បារាំង​នៅ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ហ្វ្រ​ង់​កូ​ហ្វូ​ន​ភ្នំពេញ​។​

​សិក្ខាសាលា​ដែល​ផ្តើម​ពីថ្ងៃ​ទី​១៤​ដល់​១៦​ខែធ្នូ​នេះ​បាន​បើក​កម្មវិធី​ដោយ​លោក អ៊ឹម ក្រា​វង្ស ប្រធាន​ទីភ្នាក់ងារ​ឧ​ត្ត​មសិ​ក្សា​ប្រើប្រាស់​ភាសា​បារាំង​(AUF)​ប្រចាំ​នៅ​កម្ពុជា ដោយមាន​ការចូលរួម​ពី​លោកគ្រូ​អ្នកគ្រូ​សាស្ត្រាចារ្យ​ភាសា​បារាំង​ប្រមាណ​ជាង​ដប់​នាក់​មកពី​សាកលវិទ្យាល័យ​ចំនួន​បី​រួមមាន​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​និង​តំណាង​មកពី​អង្គការ​ភាព​ញញឹម​នៃ​កុមារ​ដែលមាន​ការអប់រំ​ជា​ភាសា​បារាំង​។​

​លោក អ៊ឹម ក្រា​វង្ស មានប្រសាសន៍ថា​កម្មវិធី​បណ្តុះបណ្តាល​នេះ​រៀបចំឡើង​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ក្រោម​ការឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​ឧ​ត្ត​មសិ​ក្សា​ប្រើប្រាស់​ភាសា​បារាំង​(AUF)​និង​ដឹកនាំ​ដោយ​លោក​ប្រ៊ុ​យ​ណូ ម៉ាក​ហ្សា​ល​(Bruno MARCHAL)​សាស្ត្រាចារ្យ​ភាសា​បារាំង​នៃ​សាកលវិទ្យាល័យ​ថា​ម៉ា​សាត (​ប្រទេស​ថៃ​)​និង​សាកលវិទ្យាល័យ​រូ​អង់​(​ប្រទេស​បារាំង​)​។

​លោក​ប្រធាន​ទីភ្នាក់ងារ​ឧ​ត្ត​ម​សិក្សា​ប្រើប្រាស់​ភាសា​បារាំង បានឱ្យដឹង​ទៀតថាៈ​សិក្ខាសាលា​មាន​គោលបំណង​បង្កើន​នូវ​ចំណេះដឹង​ថ្មីៗ​បន្ថែម​ដើម្បី​លើក​កំពស់​សមត្ថភាព​សាស្ត្រាចារ្យ​បង្រៀន​ភាសា​បារាំង​នៅ​កម្ពុជា​ជាពិសេស​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​បញ្ចូល​ក្នុង​ការរៀន​និង​បង្រៀន​ស្របទៅតាម​បរិបទ​នៃ​ការរីកចំរើន​នៃ​ឧ​បករ​ណ៏​ទំនើប ស្មា​ត​ហ្វូ​ន​(SMART PHONE)​និង​ព័ត៌មាន​តាម​បណ្តាញ​សង្គម​។​

​សូមបញ្ជាក់ថា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ហ្វ្រ​ង់​កូ​ហ្វូ​ន​នេះ​បំពាក់​ឡើង​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មីៗ​ភ្ជាប់​បណ្តាញ​អ៊ី​ន​ធើ​ណិ​ត វីដេអូ​កង់​ហ្វេ​រ៉ង់ និង​ឯកសារ​ផ្សេងៗ បង្កើតឡើង​ដើម្បី​បំរើ​ប្រយោជន៍​ដល់​អ្នកសិក្សា​ស្រាវជ្រាវ សាស្ត្រាចារ្យ សិស្ស​និង​និស្សិត​ដែលមាន​តម្រូវការ​ប្រើប្រាស់​ទីតាំង​មួយ​នេះ​សំរាប់​ការស្រាវជ្រាវ សិក្ខាសាលា ការបណ្តុះបណ្តាល ការការពារ​និក្ខេបបទ​ពី​ចំងាយ និង​ការពិភាក្សា​ណាមួយ​ដែល​ស្នើឡើង​ដោយ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ជា​សមាជិក​នៃ​ទីភ្នាក់ងារ​ឧ​ត្ត​មសិ​ក្សា​ប្រើប្រាស់​ភាសា​បារាំង​(AUF)៕​ដោយៈ​សុផល​/sn

​សិក្ខាសាលា​ស្តីពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ក្នុងការ​បង្រៀន​(​រូប សុផល​)