សាស្ត្រាចារ្យ​ឧទ្ទាម​ស្ថិត​ចំណោម​មនុស្ស​១០​នាក់​ដែល​ត្រូវបាន​សម្លាប់​នៅ​កា​ស្មៀ​

669

​ទាហាន​ឥណ្ឌា​បាន​បាញ់សម្លាប់​ពួក​សកម្មប្រយុទ្ធ​កា​ស្មៀ រួម​មាន​គ្រូបង្រៀន​សកល​វិទ្យាល័យ​ម្នាក់​នៅ​ក្នុង​ការបាញ់​គ្នា​ដោយ​កាំភ្លើង​កាលពី​ថ្ងៃអាទិត្យ​ទី​៦​ឧសភា ដែល​​បង្ក​ការតវ៉ា​ហិង្សា​ដែល​បានសម្លាប់​ជន​ស៊ីវិល​៥​នាក់​បន្ថែមទៀត​។​

​មនុស្ស​រាប់ពាន់​នាក់​បាន​ចេញ​មក​តាម​ដងផ្លូវ​នៅ​កា​ស្មៀ​ខាងត្បូង​ដើម្បី​បង្ហាញ​ការគាំទ្រ​ពួក​សកម្មប្រយុទ្ធ​ដែល​ត្រូវ​សម្លាប់​ហើយ​កងកម្លាំង​រដ្ឋាភិបាល​បាន​បាញ់​បំបែកហ្វូង​បាតុកម្ម​។​

​យោង​តាម​គ្រូពេទ្យ មនុស្ស​រាប់រយ​នាក់​បាន​រងរបួស​។​

​ការតវ៉ា​ហិង្សា​បាន​កើត​ឡើង​បន្ទាប់ពី​កងកម្លាំង​រដ្ឋាភិបាល ឆ្មក់​ចូល​ភូមិ​មួយ​ដែល​គេ​ដឹង​ថា​ពួក​សកម្មប្រយុទ្ធ​ប្រដាប់អាវុធ​លាក់ខ្លួន​នៅ​ទីនោះ ។​ពួក​ឧទ្ទាម​មិន​បាន​ប្រគល់​​ខ្លួន ជាហេតុ​នាំ​អោយ​មាន​ការ​ផ្ទុះអាវុធ​ដាក់គ្នា​។​

​គ្រូ​ចិត្តសាស្ត្រ​សកល​វិទ្យាល័យ​ម្នាក់ បាន​ទៅសម្ងំ​ជាមួយ​ពួក​ឧទ្ទាម​តាំងពី​ពី​ថ្ងៃ​សុក្រ និង​ការអំពាវនាវ​ពិសេស​មួយ​ត្រូវបាន​ធ្វើឡើង​។​

​បើ​តាម​មេ​ប៉ូលិស ឪពុក​របស់​សាស្ត្រាចារ្យ​នេះ​ក៏​ត្រូវបាន​នាំ​មក​បញ្ចុះបញ្ចូល តែ​គាត់​មិន​ព្រម​ចេញ រហូត​ដល់​ការផ្ទុះអាវុធ​សម្លាប់​ពួក​ឧទ្ទាម​៥​នាក់ ក្នុងនោះ​មេក្រុម​ឧទ្ទាម​​ម្នាក់​ក៏​ត្រូវបាន​សម្លាប់​។​

​ព័ត៌មាន​ស្តីពី​ការឡោមព័ទ្ធ​ក្រុម​ឧទ្ទាម​ត្រូវបាន​ផ្សព្វផ្សាយ ពួក​អ្នកស្រុក​នាំគ្នា​ចេញ​មក​តាម​ដងផ្លូវ​នៅ​ពេញ​តំបន់​កា​ស្មៀផ​ខាងត្បូង ដោយ​ស្រែក​ពាក្យស្លោក​ទាមទារ​អោយ​​បញ្ចប់​ការគ្រប់គ្រង​របស់​ឥណ្ឌា​។​

​កាលពី​ថ្ងៃ​សៅរ៍ ពួក​ឧទ្ទាម​៣​នាក់​និង​ជន​ស៊ីវិល​ម្នាក់​បាន​ស្លាប់​ក្នុងការ​ប្រយុទ្ធ​គ្នា​មួយ​នៅ​ក្រុង​ស្រ៊ី​ណាហ្គា​របស់​កា​ស្មៀ​។​បំរាម​គោចរ​ត្រូវបាន​បញ្ជា​ឡើង​នៅ​ថ្ងៃអាទិត្យ​នៅ​​ក្នុង​រដ្ឋធានី​ស្រ៊ី​ណាហ្គា និង​សេវា​អ៊ិន​ធឺ​ណិតត្រូវ​បានបិទ​។​

​ការប្រយុទ្ធ​គ្នា​នៅ​កា​ស្មៀនៅ​ឆ្នាំនេះ បាន​បណ្តាលអោយ​មនុស្ស​ជាង​១២០​នាក់​ស្លាប់ រួម​មាន​ជន​ស៊ីវិល​២២​នាក់ ជន​សកម្មប្រយុទ្ធ​៦៧​នាក់ និង​កងកម្លាំង​សន្តិសុខ​២៨​នាក់​។​

​ឥណ្ឌា​ដាក់ពង្រាយ​ទាហាន​ជាង​៥០០.០០០​នាក់​នៅក្នុង​តំបន់​ជួប​ចលាចល​នេះ​ដើម្បី​ដោះស្រាយ​សកម្មប្រយុទ្ធ​ភាព ខណៈ​ជន​ស៊ីវិល​គាំទ្រ​ពួក​ឧទ្ទាម​កាន់តែ​ច្រើនឡើង​។​​ឥណ្ឌា​ចោទប្រកាន់​ប៉ា​គី​ស្ថាន​ថា​បញ្ឆេះ​ការបះបោរ ជា​ការចោទប្រកាន់​ដែល​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាត​បដិសេធ​៕ដោយ៖វាសនា


​អ្នក​ប្រឆាំង​តវ៉ា​នៅ​កា​ស្មៀ​ស្រែក​ពាក្យស្លោក​សេរីភាព ចំ​ពេល​ទាហាន​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​នៅ​ក្រុង​ស្រ៊ី​ណាហ្គា​កាលពី​ថ្ងៃ​សៅរ៍​

​ឥណ្ឌា​ដាក់ពង្រាយ​ទាហាន​ជាង​៥០០.០០០​នាក់​នៅ​កា​ស្មៀ​ដើម្បី​ដោះស្រាយ​កំណើន​សកម្មប្រយុទ្ធ ខណៈ​ជន​ស៊ីវិល​គាំទ្រ​ពួក​ឧទ្ទាម​ចេះតែ​កើន​