សាស្ត្រាចារ្យ មី​ល​តុល អ​ស្បូន ចែករំលែក​បទពិសោធ​ន៍​ទាក់ទង​ជនភៀសខ្លួន​ក្នុងអំឡុង​របប​ខ្មែរក្រហម​ជាមួយ​សាស្ត្រាចារ្យ និង​លោកគ្រូ​អ្នកគ្រូ​

448
ចែករម្លែក

ដោយ​: ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញ​:
លោក​សាស្ត្រ​ចា​រ្យ​បណ្ឌិត មី​ល​តុ​ន អ​ស្បូន បាន​លើកឡើងថា «​អស់​រយៈពេល​៦០​ឆ្នាំ​កន្លងមកហើយ ដែល​ខ្ញុំ​បានមក​ដល់​ប្រទេស​កម្ពុជា​ដំបូង ដោយ​ក្នុង​គោលបំណង​ចូលកាន់​តំណែង​ជា​មន្ត្រីការទូត​វ័យក្មេង នៃ​ស្ថានទូត​ប្រទេស​អូស្ត្រាលី ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ដែលមាន​រយៈពេល​ជាង​ពីរ​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​១៩៥៩​។

លោក​សាស្ត្រ​ចា​រ្យ​បណ្ឌិត មី​ល​តុ​ន អ​ស្បូន

​ខ្ញុំ​បាន​ចំណាយពេល​វេលា​នៅ​ទីក្រុង​ភ្នំពេញ និង​បានធ្វើ​ដំណើរ​ទេសចរ​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើការ​សិក្សា និង​សរសេរ​អំពី​ព្រឹត្តិការណ៍​សោកនាដកម្ម​នៃ​ជម្លោះ​នយោបាយ និង​យោធា​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​៥​ទសវត្សរ៍​។ ចំណង​ពាក់ព័ន្ធ​ដែលមាន​រយៈពេល​យ៉ាងយូរ​របស់ខ្ញុំ គឺជា​ការទទួលបាន​ចំណេះដឹង​យ៉ាង​ជ្រាលជ្រៅ​នៃ​រយៈកាល​អន្ធការ​ដ៏​ខ្មៅ​ងងឹត​នៃ​របប​ផ្តាច់ការ ប៉ុល ពត ចន្លោះ​ពី​ឆ្នាំ​១៩៧៥-១៩៧៩​។ ជាពិសេស នៅក្នុង​អំឡុង​ពេលដែល​ខ្ញុំ​មកដល់​ប្រទេស​កម្ពុ​ជាមុន​ឆ្នាំ​១៩៧៥ ខ្ញុំ​ក៏បាន​បាត់បង់​មិត្តភក្តិ​ជិតស្និទ្ធ​ម្នាក់ ក្នុងចំណោម​មិត្តភក្តិ​ជិតស្និទ្ធ​ជាច្រើន​ផ្សេងទៀត​។ នៅពេលនោះ ក្នុងចំណោម​មិត្តភក្តិ​ទាំងអស់​របស់ខ្ញុំ មាន​មិត្តភក្តិ​ម្នាក់​ដែល​បានធ្វើការ​នៅក្នុង​ប្រទេស​ថៃ​បាន​ស្លាប់បាត់​បង់ជីវិត​ស្របពេល​ដែល​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​ឡើងកាន់​អំណាច​ដែរ​។ ខ្ញុំ​ក៏បាន​ដឹង​យ៉ាងច្បាស់​ដែរ​ថា មាន​មិត្តភក្តិ​របស់ខ្ញុំ​ពីរ​នាក់​ត្រូវបាន​ខ្មែរក្រហម​សម្លាប់ និង​អ្នក​ផ្សេងទៀត​ត្រូវបាន​បាត់​ខ្លួន​។ ដូច្នេះ អំពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា ខ្ញុំ​ពិតជា​មាន​គោលជំហរ​យ៉ាងរឹងមាំ ប៉ុន្តែ​ក៏មាន​ផល​អវិជ្ជមាន​ដែល​ធ្លាប់បាន​កើតឡើង​ចន្លោះ​ឆ្នាំ​១៩៧៥-១៩៧៩​។​

​នៅ​ខណៈពេលដែល​ខ្ញុំ​កំពុង​រៀបរាប់​នាពេល​ឥឡូវនេះ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ក្តុកក្តួល​ចំពោះ​លោកខាងលិច​ដែល​បាន​បិទ​ភ្នែក នៅ​អំឡុង​ពេលដែល​ខ្មែរក្រហម​កាន់អំណាច​។ ប៉ុន្តែ​ខ្ញុំ​ក៏​ទទួលស្គាល់​ចំពោះ​ទុក្ខសោក និង​ទុក្ខព្រួយ​របស់ខ្ញុំ​ដែល​បាន​បាត់បង់​មិត្តភក្តិ​ស្និទ្ធស្នាល​អស់​ជាច្រើន​នាក់ បើ​ប្រៀបធៀប​ទៅនឹង​ការរង​ទុក្ខវេទនា និង​ការបាត់បង់​សាច់ញាតិ​បងប្អូន​របស់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​។ ក្នុងនាម​ខ្ញុំ​ជា​ជនបរទេស​ម្នាក់ ខ្ញុំ​បានត្រឹមតែ​សរសេរ និង​រៀបរាប់​អំពី​ទុក្ខសោក និង​ទុក្ខវេទនា​របស់​ប្រជាជន​កម្ពុជា​ដែល​ធ្លាប់​ទទួលរង​គ្រោះ​នៃ​របប​ខ្មែរក្រហម​ប៉ុណ្ណោះ​។​

​ទោះជា​យ៉ាងណាក៏ដោយ នៅមាន​ហេតុផល​ជាក់លាក់​មួយចំនួន ចំពោះ​ការយល់ដឹង​របស់ខ្ញុំ​អំពី​ការបាត់បង់ និង​ការរង​ទុក្ខ​ដែល​ខ្ញុំ​កំពុងតែ​លើកឡើង​។ ហេតុផល​ទាំងនេះ គឺ​ស្តែងចេញ​មកពី​ការអាន​កាសែត និង​ការអាន​អត្ថបទ​ផ្សេងៗ​។ មិនតែប៉ុណ្ណោះ ខ្ញុំ​ក៏មាន​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់ខ្ញុំ ក្នុង​មុខតំណែង​ជា​ប្រឹក្សា​យោបល់​របស់​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​(UNHCR)​ទាក់ទង​នឹង​«​វិបត្តិ​ជនភៀសខ្លួន​នៅ​កម្ពុជា​»​។ ហេតុដូច្នេះ បានធ្វើ​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​ចំពោះ​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​ក្នុង​របប​ខ្មែរក្រហម​។ បញ្ហា​ទាំងអស់នេះ បានធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ត្រូវ​ប្រឈមមុខ ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ជាមួយ​ជនភៀសខ្លួន​កម្ពុជា​នៅតាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ ដែល​ត្រូវបាន​ហៅ​ជំរំ​ភៀសខ្លួន «​ព្រំដែន​» ឬ​ជំរំ​ក្រៅផ្លូវការ​នៅតាម​កម្ពុជា​-​ថៃ ដែលមាន​ជនភៀសខ្លួន​កម្ពុ​ជាជាង​៣០០.០០០​នាក់ ដែល​បាន​បោះបង់​ផ្ទះសម្បែង​របស់ខ្លួន ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​ពី​រដ្ឋាភិបាល​ដែល​ត្រូវបាន​បង្កើត​ថ្មី​គឺ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​(PRK)​។ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ត្រូវបាន​បង្កើតឡើង​នៅ​ខែមករា នៅ​ឆ្នាំ​១៩៧៩»​។​

​ចំពោះ​បញ្ហា​ដែល​បង្ក​ឲ្យ​មាន​ជនភៀសខ្លួន​នៅ​កម្ពុជា ដោយសារតែ​ឧក្រិដ្ឋកម្ម​ក្នុង​រយៈកាល​កម្ពុជា​ប្រជាធិបតេយ្យ គឺជា​សោកនាដកម្ម​របស់​មនុស្ស​ជាតិ​ដ៏​អាក្រក់​បំផុត​មួយ​ក្នុងចំណោម​សោកនាដកម្ម​ទាំងឡាយនា​សតវត្សរ៍​ទី​២០​។ របប​នេះ​បានសម្លាប់​ប្រជាជន​កម្ពុជា​ប្រមាណ​២​លាន់ ហើយ​បាន​បន្សល់ទុក​នូវ​ស្ត្រី​មេម៉ាយ និង​កុមារកំព្រា​រាប់រយ​ពាន់​នាក់​។ ប្រជាជន​ខ្មែរ​រាប់សែន​នាក់​បាន​រត់​ចេញពី​ប្រទេស ហើយ​បាន​ក្លាយជា​ជនភៀសខ្លួន​។​គ្រាប់មីន​រាប់លាន​គ្រាប់​ត្រូវបាន​បង្កប់​ដោយ​កងទ័ព​ខ្មែរក្រហម និង​កងកម្លាំង​របស់​រដ្ឋាភិបាល​ដែល​បណ្តាល​ឲ្យ​ប្រជាជន​រាប់ពាន់នាក់​ស្លាប់​និង​ពិការ ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​រហូតមក​។​

​លោក​សាស្ត្រាចារ្យ​បណ្ឌិត មី​ល​តុ​ន អ​ស្បូន គឺជា​អ្នកនិពន្ធ និង​ជា​អ្នក​អត្ថាធិប្បាយ​ឯករាជ្យ ដែល​បានធ្វើការ​ជា​អ្នកការទូត​អូស្ត្រាលី អ្នកសិក្សា​ស្រាវជ្រាវ មន្ត្រី​សាធារណៈ និង​ជាម​ន្ត្រី​ប្រឹក្សា​របស់​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR)​។ លោក​សាស្ត្រាចារ្យ​បណ្ឌិត ក៏បាន​និពន្ធ​សៀវភៅ​ចំនួន​១១​ក្បាល​រួចមកហើយ ដែល​ទាក់ទង​នឹង​អាស៊ីអាគ្នេយ៍ ជាពិសេស​ទាក់ទង​នឹង​ប្រទេស​កម្ពុជា រួមមាន​ព្រះ​ជីវប្រវត្តិ​របស់​សម្តេច នរោត្តម សីហនុ ក្រោម​ចំណងជើង​ថា «​ព្រះអង្គម្ចាស់​នៃ​ពន្លឺ​» និង «​ព្រះអង្គម្ចាស់​នៃ​ភាព​ងងឹត​» ដែល​បាន​បោះពុម្ពផ្សាយ​កាលពី​ឆ្នាំ​១៩៩៤​។ ជាងនេះទៅទៀត លោក​សាស្ត្រាចារ្យ​បណ្ឌិត ក៏​ធ្លាប់បាន​បោះពុម្ពផ្សាយ​សៀវភៅ​របស់លោក​ដែលមាន​ចំណងជើង​ថា «​អាស៊ីអាគ្នេយ៍​» គឺជា​សៀវភៅ​ដែល​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​ជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៧៩ ហើយ​នាពេល​ឥឡូវនេះ សៀវភៅ​នេះ​ត្រូវបាន​បោះពុម្ពផ្សាយ​ជា​លើក​ទី​១២ ព្រមទាំង​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅតាម​សាកលវិទ្យាល័យ​និង​សាលារៀន​នៅលើ​សកលលោក​។ ចំពោះ​ស្នាដៃ​នៃ​ការនិពន្ធ​សៀវភៅ​ចុងក្រោយ​របស់លោក​សាស្ត្រាចារ្យ​បណ្ឌិត គឺជា​សៀវភៅ​ដែលមាន​ចំណងជើង​ថា « ប៉ុល ពត បាន​ដោះស្រាយ​បញ្ហា​ជំងឺឃ្លង់​» សៀវភៅ​នេះ​បាន​ផ្តោត​សំខាន់​ទៅលើ​ការចងចាំ​ពី​សម័យ​អាណា​គម​ន៍ និង​ក្រោយ​អណាគម​ន៍​ឆ្នាំ​១៩៥៦-១៩៨១ ដែល​បាន​បោះពុម្ពផ្សាយ​កាលពី​ឆ្នាំមុន​៕ ល​