សាហាវណាស់! ស្ត្រីជនជាតិចិនម្នាក់ត្រូវបានក្រុមឃាត្តករចាប់អូសឡើងរថយន្ត មិនសម្រេចក៏បាញ់សម្លាប់

746
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ស្ត្រីជនជាតិចិនម្នាក់ ត្រូវឃាតកមិនស្គាល់មុខបាញ់សម្លាប់យ៉ាងព្រៃផ្សៃបំផុត ដោយមិនដឹងពីមូលហេតុច្បាស់លាស់ នៅកណ្តាលទីក្រុងព្រះសីហនុ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចតំបន់ឧតុនិយម ក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។

នគរបាលក្រុងព្រះសីហនុបានប្រាប់ថា ជនរងគ្រោះឈ្មោះ Zhang Dan ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូអ៊េសវី ផ្នែកនាំភ្ញៀវ ស្នាក់នៅជិតកន្លែងកើតហេតុខាងលើ ត្រូវបានឃាត្តករបាញ់សម្លាប់ ពេលអូសដៃនាងឡើងលើរថយន្ត។

សមត្ថកិច្ចបានបន្តរថាមុនពេលកើតហេតុ នារីរងគ្រោះនិងមិត្តភក្តិប្រុស ដើរចេញពីកន្លែងធ្វើការក៏ឃើញមានជនជាតិចិន២នាក់ ភេទប្រុស ចុះពីរថយន្តហើយបម្រុងចាប់អូសជនរងគ្រោះ និងមិត្តប្រុសចូលក្នុងរថយន្ត តែពេលនោះជនរងគ្រោះបានរើបម្រាស់ ក្រោយមកក៏មានការផ្ទុះអាវុធ បណ្តាលឲ្យត្រូវជនរងគ្រោះត្រង់កញ្ចឹងកខាងឆ្វេង សំដៅមកគល់ដោះខាងស្តាំ ធ្វើឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយពីផ្ទុះអាវុធបាញ់សម្លាប់ជនរងគ្រោះហើយ ជនសង្ស័យក៏បានជិះរថយន្តរត់គេចខ្លួនបាត់ស្រមោល។

ករណីនេះសមត្ថកិច្ចបានធ្វើការអន្តរាគមន៍តាមនីតិវីធី និងកំពុងធ្វើការសាកសួរមិត្តប្រុសរបស់ជនរងគ្រោះដើម្បីដឹងពីដំណើរដើមទង ព្រមទាំងស្វែងរកមុខសញ្ញាដើម្បីតាមចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់។

រំលឹកថា ករណីស្រដៀងគ្នានេះបានកើតឡើងចំនួនពីរលើករួចមកហើយ នៅក្នុងទឹកដីក្រុងព្រះសីហនុ លើកទី១ នៅមុខសណ្ឋាគារវិមានសេះ ស ក៏មានចាប់អូសដៃបុរសជនជាតិចិនម្នាក់ឡើងលើរថយន្ត មិនសម្រេចក៏ឃាត្តករបាញ់សម្លាប់ផងដែរ ។

ប៉ុន្តែករណីនោះសមត្ថកិច្ចបង្ក្រាបបាន ដោយចាប់ខ្លួន អ្នកពាក់ពន្ធ័និងឃាត្តករដៃឆៅ មកផ្តន្ទាទោសផងដែរ។ ដោយឡែកករណី ខាងលើនេះ ពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចនឹងស្រាវជ្រាវ រកមុខសញ្ញា ដើម្បីចាប់ខ្លួនមកផ្តន្ទាទោសយ៉ាងរហស័ផងដែរ៕B/