សាហាវ​ណាស់​ផឹកស៊ី​ទាស់សម្តី​គ្នា​ចាក់​មួយ​កំបិត​ចំ​ចុងដង្ហើម​ស្លាប់​

228

(​ស្ទឹងត្រែង​)៖ បុរស​ម្នាក់​បាន​ដេកស្លាប់​នៅក្រោម​ដើម​ចន្ទី ត្រូវគេ​ប្រទះឃើញ នៅ​ព្រឹក​ថ្ងៃទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០១៧ កើត​មាននៅ​ភូមិ​ឆ្វាំង​ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​។​

​សមត្ថកិច្ច​បាន​ប្រាប់ថា ជនរងគ្រោះ​ឈ្មោះ ហួត កិះ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​។ ចំណែក​ជនដៃដល់​ឈ្មោះ ចក់ សារ៉ាន ហៅ​ខូ​ល ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ឆ្វាំង​ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ជាមួយគ្នា​និង​ជនរងគ្រោះ​។​

​បើតាម​សាក្សី​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុនពេល​កើតហេតុ​មានការ​ជួបជុំ​ក្នុងភូមិ​ផឹកស៊ី​ពីរ​ទៅ​បីនាក់ ប៉ុន្តែ​ពេលយប់​ជ្រៅ​អ្នកផឹកស៊ី​បាន​ចែកផ្លូវ​ទៅផ្ទះ​រាងខ្លួន គឺ​នៅសល់តែ​ពីរ​នាក់​ជនដៃដល់​និង​ជនរងគ្រោះ​។ ផឹកស៊ី​តាំងពី​ម៉ោង​៨​យប់​ថ្ងៃទី​១៦​វិច្ឆិកា​រហូតដល់​យប់​អា​ធ្រា​ត្រ​។ នៅពេលនោះ មានការ​ទាស់សម្តី​គ្នា ពី​រឿង​រកស៊ី​ដឹកឈើ​និង​រឿង​ជាច្រើន​ទៀត​រហូត​បណ្តាលឱ្យមាន​ការចាក់សម្លាប់​គ្នា នៅវេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៧​ខែវិច្ឆិកា​ឆ្នាំ​២០១៧​។​

​សាក្សី​អ្នក​សង់ផ្ទះ​ថ្មី​(​លើក​ផ្ទះ​)​បាន​និយាយថា អ្នកភូមិ​បាន​ប្រមូលគ្នា​ប្រមាណ​ជាង​១០​នាក់ ទៅ​លើក​ផ្ទះមួយ​ខ្នង​តាំងពី​ម៉ោង​៤​ទាបភ្លឺ តាម​ពេលវេលា​ល្អ​ដល់​ម្ចាស់ផ្ទះ​។ ខណៈពេល​នោះ មេឃ​មិនទាន់​ភ្លឺ​ច្បាស់ ក៏​គ្មាន​អ្នក​ដឹងថា​មាន​មនុស្ស​ស្លាប់​នៅក្បែរ​កន្លែង​លើក​ផ្ទះ​ថ្មី មាន​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ​នោះទេ​។ ពេល​នាំគ្នា​លើក​ផ្ទះ​ថ្មី​បាន​មួយ​ផ្ទាំង​ថ្ងៃ​រះ ក៏​ស្រាប់តែ​អ្នក​ឡើង​ដុំ​ដែកគោល​ភ្ជាប់​សសរផ្ទះ​ចោល​កន្ទុយភ្នែក ទៅខាង​ដើម​ចន្ទី​ក្បែរ​នោះ​ឃើញ​មាន​មនុស្ស​ស្លាប់ ក៏​ផ្អើល​អស់​មួយ​ភូមិ និង​បាន​រាយការណ៍​មក​ខាង​សមត្ថកិច្ច ដើម្បី​ពិនិត្យ​សព​។​

​ជំនាញ​ខាង​ពិនិត្យ​សព នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់ថា ជនរងគ្រោះ​ត្រូវគេ​ចាក់​មួយ​កាំបិត សំប៉ែត​ចុង​ស្រួច ចំ​ចុងដង្ហើម​ខាងឆ្វេង​ហូរឈាម​ទើប​ស្លាប់​។ ជនដៃដល់​ក្រោយពី​ធ្វើ​សកម្មភាព​បាន​រត់គេច​ខ្លួន​បាត់​។ សមត្ថកិច្ច​បានប្រគល់​សព ជនរងគ្រោះ​ទៅឱ្យ​ក្រុមគ្រួសារ និង​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​ជន​ដែល​រត់គេចខ្លួន​នោះ​៕L ដោយៈ សុខុម​