សាហាវ​មែន​! តារា​សម្តែង​អាមេរិក វ៉ា​យ​ដិ​ន​ស្តេ​ន ក្រោយ​ចាយលុយ​លែងលះ ២,៥ ពាន់​លាន​ដុល្លារ​ម៉ត់ ឥឡូវ​ដាក់ពាក្យ​ក្ស័យធន និង​សុំ​លុយ​រដ្ឋ​ចាយ​

367

​តារា​សម្តែង​អាមេរិក ចូ​សេ​លីន វ៉ា​យ​ដិ​ន​ស្តេ​ន (Jocelyn Wildenstein) បានទទួល​សាច់ប្រាក់​ចំនួន ២,៥ ពាន់​លាន​ដុល្លារ​ក្នុងការ​លែងលះ​របស់​នា​ង​ពី​ប្តី​ឈ្មោះ អា​ឡិ​ក (Alec) ក្នុង​ឆ្នាំ ១៩៩៩ ហើយ ១៩ ឆ្នាំ​ក្រោយមក លុយ​ទាំងអស់នោះ​គឺ​ចាយ​ម៉ត់​អស់ហើយ​។​

​យោងតាម​ឯកសារ​របស់​តុលាការ​សហព័ន្ធ​ដែល​ទទួលបាន​ដោយសារ​ព័ត៌មាន DailyMail.com តារា​សម្តែង​ដើមកំណើត​ស្វី​ស រហស្សនាម Catwoman រូបនេះ បានដាក់​ពាក្យសុំ​សិទ្ធិ​ការពារ​ការ​ក្ស័យធន​តាម​ជំពូក​ទី ១១​។​

​វា​គឺជា​ព្រឹ​ត្ត​ការណ៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​សម្រាប់​នាង​វ៉ា​យ​ដិ​ន​ស្តេ​ន ដែល​ល្បី​ពេញ​សារព័ត៌​មាននៅ​ទីក្រុង​ញូវយ៉ក​អំឡុងពេល​លែងលះ​របស់​នាង នៅពេល​នាង​អួតអាង​អំពី​ការចំណាយ​មិន​សំចៃ​ដៃ​លើ​ការរស់នៅ​ដ៏​ហ៊ី​ហា និង ការវះកាត់​កែ​សម្ផស្ស​របស់​នាង​។​

​ពីរ​ទសវត្សរ៍​ក្រោយមក ស្ត្រី​ដែល​ធ្លាប់​ទិញ​សត្វ​ស្វា​ធ្វើជា​សត្វ​ចិញ្ចឹម​រូបនេះ គ្មានអ្វី​ទាំងអស់​ក្នុង​ខ្លួន សូម្បី​គណនី​ធនាគារ ឬ គណនី​ប្រាក់​សន្សំ មូលនិធិ​ចូលនិវត្តន៍ ឬ ផែនការ​សោធន​និវត្តន៍ និង​សូម្បី​ការវិនិយោគ​លើ​ភាគហ៊ុន ក៏​គ្មាន​ដែរ​។ នេះ​បើ​យោងតាម​ឯកសារ​ដាក់​ទៅ​តុលាការ​របស់​នាង​។​

​ឯកសារ​នេះ​ក៏បាន​ចុះបញ្ជី​នូវ​សាច់ប្រាក់​ចំនួន ៩០០ ដុល្លារ​ដែល​នាង​វ៉ា​យ​ដិ​ន​ស្តេ​ន​ទទួលបាន​ពី​បេឡា​សន្តិសុខ​សង្គម​រៀងរាល់ខែ ជា​ប្រភព​ចំណូល​តែមួយគត់​របស់​នាង​៕ ដោយ៖ កញ្ញាដាលីស

ចូ​សេ​លីន វ៉ា​យ​ដិ​ន​ស្តេ​ន សព្វថ្ងៃ​សុំ​លុយ​រដ្ឋ​ចាយ ៩០០ ដុល្លារ​ក្នុង​មួយខែ ក្រោយ​ចាយ​អស់​លុយ ២,៥ ពាន់​លាន​ដុល្លារ​ពី​ការ​លែងលះ​ប្តី​ឈ្មោះ​អា​ឡិ​ក