សាហាវ​មែន​! ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង ម្ចាស់​ក៏​បុក​ក្បាល​គ្នា​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

1012
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និង​ម៉ូតូ​ជិះ​បញ្ច្រាសទិស​គ្នា​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ម្ចាស់​និង​ម្ចាស់ ជ្រុល​ទៅបុក​ក្បាល​គ្នា ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ងន់ធ្ងរ​។ ករណីនេះ កើតឡើង​នៅលើ​ផ្លូវ​ទៅ​ទំនប់រលក​ចាស់​ម្តុំ​អ៊ូ​ទូក ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​/​ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨​។​

​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់ថា ម៉ូតូ​១​គ្រឿង​ម៉ាក HONDA WAVE ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ អ្នកបើកបរ​ឈ្មោះ ចាប ឆុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះសីហនុ មាន​ទិសដៅ​ពី​ជើង​ឆ្ពោះទៅ​ត្បូង បាន​បើក​រំលោភ​ទៅខាង​ឆ្វេង​ដៃ​បុក​ជាមួយ ម៉ូតូ​១​គ្រឿង​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1E 1274 បើកបរ​ដោយ​ឈ្មោះ ជ័រ ក្រៀម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​នេសាទ ស្នាក់នៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះសីហនុ បញ្ច្រាសទិស​គ្នា​។​

​គ្រោះថ្នាក់​នេះ បណ្ដាល​ឲ្យ​ឈ្មោះ ចាប ឆុង ស្លាប់​នៅ​កន្លែងកើតហេតុ រីឯ​ឈ្មោះ ជ័រ ក្រៀម រងរបួស​ធ្ងន់ បញ្ចូនទៅ​សង្គ្រោះ​នៅ​ភ្នំពេញ​។ ម៉ូតូ​ទាំងពីរ​គ្រឿង ត្រូវ​សមត្ថកិច្ច​យកមក​រក្សាទុក នៅ​កា​រិ​យា​ល​យ័​ចរាចរណ៍​ផ្លូវគោក​ខេត្ត រង់ចាំ​ការដោះស្រាយ​៕ ល​