សាឡា​ចុះ​កុងត្រា​រយៈពេល​វែង​ជាមួយ​ហង្ស​ក្រហម Liverpool

876
ចែករម្លែក

​កីឡាករ​ស៊ុត​ចូល​ច្រើនជាងគេ​នៅ​ក្របខ័ណ្ឌ English Premier League ម៉ូ​ហា​ម៉េ​ត សាឡា បាន​ចុះកិច្ចសន្យា​រយៈពេល ៥ ឆ្នាំ​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool ។​

​ខ្សែប្រយុទ្ធ​អេ​ហ្ស៊ី​ប​រូបនេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​មួយឆ្នាំ​បន្ទាប់ពី​បាន​មកដល់​ក្លិប Liverpool ពី​ក្លិប Roma ហើយ​ចំពេល​ដែល​រូបគេ​កំពុង​ព្យាយាម​ស្តារឡើងវិញ​ពី​មហន្តរាយ​រយៈពេល ៦ សប្តាហ៍ ដែល​ក្នុងនោះ​រួមមាន​ទាំង​បញ្ហា​របួស​ស្មា និង ការ​ជ្រុះ​ចេញពី​វើ​ល​ខាប់​។ កិច្ចសន្យា​ថ្មី​នេះ​ធ្វើឡើង​ដោយ​ពុំ​បញ្ចេញ​តម្លៃ​ខ្លួន​នោះទេ​។​

​គ្រូបង្វឹក Liverpool លោក​ជួ​ហ្គិ​ន ក្លប់ បាន​និយាយថា កិច្ចសន្យា​ថ្មី​សម្រាប់​សាឡា​គឺជា​សញ្ញា​នៃ​មហិច្ឆតា​របស់​ក្លិប​នេះ​។​

​គាត់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្លិប​កាលពី​ថ្ងៃ​ចន្ទ​ទី​២​កក្កដា​ថា “​យើង​ចង់ឱ្យ​កីឡាករ​មាន​ទេពកោសល្យ​លំដាប់​ពិភពលោក​មើលឃើញថា ពួកគេ​មានផ្ទះ​នៅ Anfield កន្លែង​ដែល​ពួកគេ​អាចបំពេញ​នូវ​ក្តី​សុបិន​អាជីព​និង​មហិច្ឆតា​របស់​ពួកគេ​។ យើង​កំពុង​ប្រឹងប្រែង​ទាំងអស់គ្នា​ដើម្បី​សម្រេចបាន​រឿងនេះ​។ នៅពេល​នរណាម្នាក់​ដូចជា ម៉ូ​សាឡា​ប្តេជ្ញា​ហើយ​និយាយថា​ឥឡូវនេះ​កន្លែង​នេះ​គឺជា​ផ្ទះ​របស់ខ្ញុំ វា​គឺ​រឿង​អស្ចារ្យ​ណាស់​”​។​

​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​មិនត្រូវ​បានបង្ហាញ​ឱ្យដឹង​ទេ​។​

​សាឡា​ស៊ុត​បញ្ចូល​ទី ៤៤ គ្រាប់​ពី ៥២ ប្រកួត​សម្រាប់ Liverpool កាលពី​រដូវ​កាល​មុន​នៅក្នុង​ការប្រកួត​ទាំងអស់ រួមទាំង​ការ​ស៊ុត ៣២ គ្រាប់​នៅក្នុង​ក្របខ័ណ្ឌ Premier League៕ ដោយ៖ កញ្ញាដាលីស

សាឡា​ចុះ​កុងត្រា ៥ ឆ្នាំ​ជាមួយ Liverpool