សាំ​យ៉ុង​បែក​កង់​ជ្រុល​ធ្លាក់​ផ្លូវ​ចូល​ប្រឡាយទឹក​, ស្លាប់​ព្រូឡាន​ម្នាក់ របួស​៤​នាក់ នៅ​ស្រុក​ពារាំង​

754
ចែករម្លែក

ដោយ​: ចាន់ ថន / ព្រៃវែង​: បុរស​ជា​ព្រូឡាន​ម្នាក់ មាន​ឈ្លក់ទឹក​ស្លាប់ ក្រោយពេល​រថយន្ត​បើក​បែក​កង់​ក្រោយ រួច​ជ្រុល​បោះពួយ​ចូល​ទឹក​ប្រឡាយ​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៨​ចន្លោះ Km 63-64 ចំណុច​ភូមិ​ត្នោត ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី រសៀល​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៨​។​

​លោក រស់ វណ្ណា ស្នងការរង​ខេត្តព្រៃវែង បាន​ថ្លែងថា រថយន្ត​បង្ក​ម៉ាក សាំ​យ៉ុង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក លេខ ភ្នំពេញ 2A 1116 បើកបរ​ដោយ ឈ្មោះ ឡាយ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ដោយ​ធ្វើតំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​កន្លែងកើតហេតុ រថយន្ត​បាន​បែក​កង់​ក្រោយ រអិល​ធ្លាក់​ពីលើ​ផ្លូវ​ចូលក្នុង​ប្រឡាយទឹក​ជាប់​ចិញ្ចើមថ្នល់​។
​បណ្តាល​ឲ្យ​ស្លាប់​ព្រូ​រថយន្ត​ម្នាក់​ឈ្មោះ ប៉ូ​យ ផូយ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ អង្គរ​បាន​៦ ឃុំ​អង្គរ​បាន​ស្រុក កងមាស ខេត្តកំពង់ចាម​។ ប្រភព​ដដែល​បន្តថា ក្រៅពី​អ្នកស្លាប់ នៅមាន​អ្នកបើកបរ និង​អ្នករួមតំណើរ​សរុប​៤​នាក់​ផ្សេងទៀត បាន​របួសស្រាល​។

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ទំនាក់ទំនង​រក​ក្រុមគ្រួសារ​ឲ្យ​មក​ទទួល​សព​ដើម្បី​ធ្វើបុណ្យ​។ ចំណែក​អ្នកបើកបរ បាន​ឃាត់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង ជា​បណ្ដោះអាសន្ន រីឯ​រថយន្ត​បង្ក​សមត្ថកិច្ច​កំពុង​រក​រថយន្តស្ទូច យកទៅ​រក្សាទុក​៕​