សិក្ខាកាម​១៨​រូប​បានទទួល​អាជ្ញាប័ណ្ណ​គ្រូ​ជំនួយ​

756

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: វគ្គ​បណ្ដុះបណ្ដាល​គ្រូ​ជំនួយ​តេ​ក្វាន់​ដូ WTF (World Taekwondo Federatuon) ដែល​បាន​បើក​កាលពី​ថ្ងៃទី​១៧​មក​នោះ បានបញ្ចប់​ហើយ​នៅ​យប់​ថ្ងៃទី​២១​កញ្ញា​។​

​វគ្គ​នេះ ឧទ្ទេសនាម​ដោយ​គ្រូ​ជនជាតិ​កូរ៉េ លោក Choi Yong Sok ដែលជា​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុ​ជា និង​មាន​សិក្ខាកាម​ចំនួន​១៨​រូប មកពី​បណ្ដា​ក្លិប​នានា ក្នុង​រាជធានី​ភ្នំពេញ​។​

ទិដ្ឋភាព​ធ្វើតេស្ត និង​ប្រគល់​អាជ្ញាប័ណ្ណ​គ្រូ​ជំនួយ​

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ជាតិ ខេមរា ដែលជា​សមាជិក​ប្រតិបត្តិ​របស់​សហព័ន្ធ​នោះ​ថា សិក្ខាកាម​ទាំងអស់​សុទ្ធ​ទទួលបាន​លទ្ធផល​ល្អ​។​

​នៅ​យប់​ថ្ងៃ​បិទ​វគ្គ​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា និង​ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស និង​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​សិក្ខាកាម​ដែល​ចូលរួម​ទាំងអស់​។​

​លោក ហង់​ជួន ណា​រ៉ុ​ន បាន​មានប្រសាសន៍​បាន​ថ្លែងអំណរគុណ ដល់​សិក្ខាកាម​ទាំងអស់​ដែល​ចូលរួម​វគ្គ​បណ្តុះបណ្តាល​អាជ្ញាប័ណ្ណ​គ្រូ​ជំនួយ​តេ​ក្វាន់​ដូ​នេះ ដើម្បី​បង្កើន​សមត្ថភាព និង​ដើម្បី​ឲ្យ​ខ្លួន​មាន​គរុកោសល្យ និង​វិធីសាស្ត្រ​គ្រប់គ្រាន់​ក្នុងការ​បង្វឹក​សិស្ស​របស់ខ្លួន​។​

​ជាមួយគ្នានេះ លោក​ក៏បាន​អរគុណ​ចំពោះ​គ្រូឧទ្ទេស​ជនជាតិ​កូរ៉េ​ទាំង​៣​រូប ដែល​បាន​ចំណាយពេល​វេលា​មក ជួយ​បណ្ដុះបណ្ដាល​ដល់​ធនធាន​តេ​ក្វាន់​ដូ​កម្ពុជា​៕