សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី​“​វិទ្យុគមនាគមន៍​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ២០១៧” ត្រូវបាន​បញ្ចប់​ប្រកបដោយ​ជោគជ័យ​

63

(​ភ្នំពេញ​)៖​បន្ទាប់ពី​បាន​ប្រព្រឹត្តទៅ​រយ​:​ពេល​៤​ថ្ងៃ ពីថ្ងៃ​ទី​០៤ ដល់​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧​រួចមក​នៅ​រាជធានី​ភ្នំពេញ សិក្ខាសាលា​ថ្នាក់​​តំបន់​ស្តីពី​“​វិទ្យុគមនាគមន៍​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ២០១៧” ត្រូវបាន​បញ្ចប់ ប្រកបដោយ​ជោគជ័យ​។

​វេទិកា​ថ្នាក់​តំបន់​នេះ​មានការ​ធ្វើ​បទ​បង្ហាញ និង​ពិភាក្សា​ដោយ​អ្នកជំនាញ​នានា​មកពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ក្រសួង​-​ស្ថាប័ន​ជាតិ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ប្រតិភូ​តំណាង​ប្រទេស​ជា​សមាជិកសហភាពទូរគមនាគមន៍អន្តរជាតិ​ITU មកពី​ជាង​២០​ប្រទេស ប្រតិបត្តិ​ករ​ទូរ​​គមនាគមន៍ និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត លើ​ប្រធានបទ​ជាច្រើន​ដែល​ពាក់ព័ន្ធ ដំណើរ​ឆ្ពោះទៅ​បច្ចេកវិទ្យា 5G​ក្នុងនោះ​រួមមាន​​ប្រធានបទ​ស្តីពី​មាគ៌ា​បង្ហាញផ្លូវ​នៃ​ទូរគមនាគមន៍​ចល័ត​អន្តរជាតិ ២០២០ និន្នាការ​នៃ​ការគ្រប់គ្រង​វិសាល​គម​ន៍​ជាតិ តួនាទី​នៃ​ប្រព័ន្ធ​​ផ្កាយរណប​ក្នុង​បច្ចេកទេស​5G ការផ្លាស់ប្តូរ​ទៅ​ប្រព័ន្ធ​ឌីជីថល​និង​ការ​ប្រឈម​និង​កាលានុវត្តភាព​ទៅលើ​វិសាល​គម​ន៍​បច្ចុប្បន្ន​និង​​អនាគត​។​

​នាឱកាស​បិទ​វគ្គ លោក សុខ ពុទ្ធិ​វុ​ធ អនុរដ្ឋលេខាធិការ នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​មានប្រសាសន៍​ស្តីពី​អត្ថ​ប្រ​យោ​​ជន៍​នៃ​ផ្លាស់ប្តូរ​ទៅ​បច្ចេកវិទ្យា​5G​ថា​៖​បច្ចេកវិទ្យា​5G​ដែល​កាន់តែ​ខិត​មក​ជិត​នេះ នឹង​ផ្លាស់ប្តូរ​សង្គម និង វិស័យ​ផ្សេងៗ​ទាំងមូល ដូចជា​វិស័យ​កសិកម្ម សុខាភិបាល អប់រំ និង​បែបផែន​ជីវិត​ដែល​យើង​រស់នៅ​បន្ថែមទៀត​។ បច្ចេកទេស​នេះ​នឹង​ក្លាយជា​វេទិកា​កាន់​​តែ​ទូលំទូលាយ​មួយ​សម្រាប់​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​ក្នុងការ​ផ្លាស់ប្តូរ​គ្នា ដោយ​សេរី​នូវ​គំនិត និង​ចក្ខុវិស័យ​នានា​សម្រាប់​អនាគត​​នៃ​វិស័យ​ទូរគមនាគមន៍​។ យើង​គួរ​មានការ​ពិភាក្សា និង​ជំរុញ​រួមគ្នា​នូវ​តម្រូវការ​និង​ការគ្រប់គ្រង​វិសាល​គម​ន៍ ក្នុង​គោលដៅ​តែមួយ ។ ជាមួយគ្នានេះ​យើង​គួរ​គិត​ផងដែរ​ដល់​ស្តង់ដារ​អន្តរជាតិ​នៃ​ប្រព័ន្ធ​5G​មួយ​ដែលមាន​សារៈសំខាន់​ដល់​ការផ្សារភ្ជាប់​លក្ខណៈ​ខុសគ្នា​នៃ​ឌីជីថល​។​

​លោក​បន្តថា វេទិកា​ថ្នាក់​តំបន់​នេះ​បានបញ្ចប់​ប្រកបដោយ​ជោគជ័យ ដោយបាន​ផ្តល់នូវ​ព័ត៌មាន​ពី​ការ​ប្រឈម​នានា និង​កាលា​នុ​វត្ត​​ភាព​នៃ​ដំណើរ​ឆ្ពោះទៅ​ប​ច្ចក​វិទ្យា​5G ការត្រៀមខ្លួន​របស់​ប្រទេស​និ​មួយៗ​នៅក្នុង​តំបន់ និង​ការប្រើប្រាស់​នៃ​បច្ចេកទេស​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ​ភាព ដែល​ធ្វើអោយ​អត្ថប្រយោជន៍​នៃ​បច្ចេកវិទ្យា​អាច​ត្រូវ​ទាញ យកបាន​ដោយ​ប្រជាជន​គ្រប់គ្នា រហូតដល់​ជនបទ​៕ ដោយៈ​សាវ​រក្ស​/sn

លោក សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

​សិក្ខាសាលា​ថ្នាក់​តំបន់​ស្តីពី​“​វិទ្យុគមនាគមន៍​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ២០១៧”