សិក្ខាសាលា​ពិគ្រោះ​យោបល់ លើ​សេចក្តីព្រាងច្បាប់ ស្តីពី​យន្តការ​ភាពជា​ដៃគូ រវាង​រដ្ឋ និង​ឯកជន លើក​ទី​២

378
ចែករម្លែក
សិក្ខាសាលា​ពិគ្រោះ​យោបល់ លើ​សេចក្តីព្រាងច្បាប់ ស្តីពី​យន្តការ​ភាពជា​ដៃគូ រវាង​រដ្ឋ និង​ឯកជន លើក​ទី​២

ដោយ​:​ស៊ា ថាំង​/​ភ្នំពេញៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានអោយដឹងថា នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី​២ លើ​សេចក្តីព្រាងច្បាប់ ស្តីពី​យន្តការ​ភាពជា​ដៃគូ រវាង​រដ្ឋ និង​ឯកជ​ន‍​› សម្រាប់​គម្រោង​វិនិយោគសាធារណៈ​តាម​យន្តការ​ភាពជា​ដៃគូ រវាង​រដ្ឋ​និង​ឯកជន ដែល​ហៅ​កាត់ ជា​ភាសា​អង់គ្លេស​ថា PPP ។​


​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចូលរួម​ជា​អធិបតី​ក្នុង សិក្ខាសាលា​នេះ​ដោយមាន ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រាជរដ្ឋាភិបាល​, ដៃគូ​អភិវឌ្ឍន៍​, អ្នកវិនិយោគ​, ក្រុមហ៊ុន​មេធាវី ព្រមទាំង​សភាពាណិជ្ជកម្ម​ជាតិ និង​អន្តរជាតិ​។​


​លោក​រដ្ឋលេខាធិការ​ប្រចាំការ វ​ង្សី វិស្សុត បាន​មានប្រសាសន៍ថា ការរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី​២ នេះ មាន​គោលបំណង​ប្រមូល​នូវ​ធាតុ​ចូល​បន្ថែមទៀត ដើម្បី​សម្រិតសម្រាំង​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នេះ​ឱ្យ​កាន់​តែមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​, មាន​សង្គតិភាព និង​អាច​យកទៅ​អនុវត្តបាន ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​ដើម្បី​ធ្វើឱ្យ​សេចក្តីព្រាងច្បាប់​ស្តីពី​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជ​ន‍ ក្លាយទៅជា​ក្របខ័ណ្ឌ​រួមមួយ​សម្រាប់​បង្កើត​បរិ​យា​កាស​ឱ្យ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​យន្តការ PPP អាច​ចូលរួម​ដោយ​តម្លាភាព ស្មើភាព និង​យុត្តិធម៌ ក្នុង​គោលដៅ​ប្រើប្រាស់​ធនធាន​របស់​ជាតិ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​


​លោក​បាន​គូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ មាន​គោលបំណង​ដោះស្រាយ​បញ្ហា​ទាំងឡាយ ពាក់ព័ន្ធ​នឹង​យន្តការ​ភាពជា​ដៃគូ រវាង​រដ្ឋ​និង​ឯកជន ក្នុង​ការផ្តល់​សេវាសាធារណៈ និង​ការវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​ដើម្បី​ជំរុញ​ការ​វិនិយោគឯកជន និង​ស្រូបយក​នូវ​លំហូរ​ទុន​បន្ថែម ទាំងពី​ប្រភព​មកពី​ក្រៅប្រទេស និង​ទាំងពី​ប្រភព​ក្នុងស្រុក​។


​លោក វ​ង្សី វិស្សុត បាន​មាន​ប្រសា​ស៍​ថា ការជំរុញឱ្យ​មានការ​អនុវត្ត​យន្តការ PPP គឺ​បានចង្អុលបង្ហាញ​នៅក្នុង​មុំ​ទី​៣ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​-​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។
​លោក​បាន​បន្តថា តម្រូវការ​ធនធាន​ហិរញ្ញវត្ថុ ក្នុង​ការផ្តល់​សេវាសាធារណៈ​គ្រប់​ប្រភេទ​ជូន​ប្រជាជន និង​ការវិនិយោគ​សាធារណៈ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​គោលដៅ​ទ្រទ្រង់​កំណើន និង​ផលិតភាព​សេដ្ឋកិច្ច សម្រាប់​ឈានទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០ នឹងមាន​ទំហំធំធេង​ណាស់ ហើយ​រដ្ឋ​មិនអាច​រ៉ាប់រង​ការចំណាយ​នេះ​ដោយ​ថវិកាជាតិ​ទាំងស្រុង​បានឡើយ​។ ដូចនេះ កម្ពុជា​ត្រូវការ​គៀរគរ​ធនធាន​បន្ថែម​ពី​វិស័យ​ឯកជន ដើម្បី​សម្រាល​បន្ទុក​ចំណាយ​ថវិកាជាតិ​។ ទន្ទឹមនឹងនេះ វិស័យ​ឯកជន ក៏​អាច​នឹង​នាំមក​នូវ​ប្រសិទ្ធភាព​, នវានុវត្តន៍​, ចំណេះដឹង និង​ចំណេះធ្វើ ដែល​នឹង​ធ្វើឱ្យ​សេដ្ឋកិច្ច​កាន់តែ​មាន​ប្រសិទ្ធភាព និង​ផលិតភាព ហើយ​មានតម្លៃ​បន្ថែម​កាន់តែ​ខ្ពស់​ថែមទៀត​។


​រដ្ឋលេខាធិការ​ប្រចាំការ​វ​ង្សី វិស្សុត មានប្រសាសន៍​ផងដែរ​ថា សេចក្តីព្រាងច្បាប់​នេះ គ្រោង​នឹងមាន​វិសាលភាព​គ្របដណ្តប់​លើ​រាល់​កិច្ចសន្យា PPP ទាំងឡាយ ដែល​បាន​ចុះ​រវាង​ភាគី​រដ្ឋ និង​ភាគី​ឯកជន ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ និង​/​ឬ ផ្ដល់​សេវាសាធារណៈ ហើយនឹង​អាច​ជំនួស​ច្បាប់​ស្តីពី​សម្បទាន ស្របទៅតាម​ស្ថានភាព​នៃ​ការវិវត្តន៍​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា ក៏ដូចជា​និន្នាការ​ពិភពលោក និង​តំបន់​។ ក៏ប៉ុន្តែ​សេចក្តីព្រាងច្បាប់​នេះ នឹង​មិនមាន​វិសាលភាព​គ្របដណ្តប់​លើ​ច្បាប់​ស្តីពី​ការវិនិយោគ​ទេ តែ​សេចក្តីព្រាងច្បាប់​នេះ​នឹង​ជួយ​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​។​
​ជារួម​សេចក្តីព្រាងច្បាប់​នេះ នឹង​ស្នើ​ឱ្យមាន​៖ ទី​១.​ការរៀបចំ​បង្កើត​យន្ត​ការ​ស្ថាប័ន និង​កំណត់​ការទទួលខុសត្រូវ ដើម្បី​គ្រប់គ្រង​គម្រោង PPP ជា​លក្ខណៈ​ប្រព័ន្ធ ទី​២.​ការរៀបចំ​បង្កើត​ក្របខ័ណ្ឌ សម្រាប់​រៀបចំ អនុវត្ត និង​តាមដាន​គម្រោង PPP, ទី​៣.​ការរៀបចំ​បង្កើត​នីតិវិធី​កិច្ចលទ្ធកម្ម​សម្រាប់​គម្រោង PPP និង ទី​៤.​ការកំណត់​យន្តការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ការលើកទឹកចិត្ត​វិនិយោគ និង​កាតព្វកិច្ច​ដទៃទៀត​រប​ស់រ​ដ្ឋ សម្រាប់​គម្រោង PPP ៕SRN