សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា (CSDGs)

355
ចែករម្លែក

ដោយ:វិបុល/​ភ្នំពេញ​ ៖ នៅ​ថ្ងៃទី១៣ ខែកញ្ញា ​ឆ្នាំ២០១៩ សមាគម​អតីត​កម្មសិក្សាការី​កម្ពុ​ជា​-​កូរ៉េ​(CAMKAA) បានរៀបចំ​សិក្ខាសាលា​ស្តីអំពី​ “​ការផ្សព្វផ្សាយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​(CSDGs)” នៅ​សណ្ឋាគារ​ភ្នំពេញ ក្រោម​ការ​ទ​គាំទ្រ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(​ក​យ​កា​)​។ កម្មវិធី​នេះ ត្រូវបាន​រៀបចំ ឡើង​ក្រោម​អធិបតីភាព លោក នោ ហ្យ​ន់​ជុន នាយក ទីភ្នាក់ងារ​សហ​ប្រតិ​ប​ត្ត​ការ​អន្តរជាតិ​កូរ៉េ​កម្ពុជា​(​ក​យ​កា​)​ និង លោក លី​ សាវុធ ប្រធាន​សមាគម​អតីត​កម្មសិក្សា ការី​កម្ពុ​ជា​-​កូរ៉េ (CAMKAA)​។​
​ ​ ​ ​ ​ ​
​លោក លី​សាវុធ ប្រធាន​សមាគម​អតីត​កម្មសិក្សាការី​កម្ពុ​ជា​-​កូរ៉េ (CAMKAA) បាន​ឲ្យ​ដឹងថា CAMKAA ជា​សមាគម​អតីត​សិក្សា​ការី​កម្ពុជា​-​កូរ៉េ ដែល​ត្រូវបាន​ចងក្រង​ដោយ​និស្សិត អតីត​និស្សិត​ដែល​ធ្លាប់​សិក្សា​នៅ​ប្រទេស​កូរ៉េ តាមរយៈ​កម្មវិធី​បណ្តុះ​បណ្តាល និង​បញ្ចប់​ការសិក្សា​រប​ស់កយ​កា​។ សមាគម​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(​ក​យ​កា​) ក្រោម​ការផ្តល់​ជា​គម្រោង​នៃ​ជំនួយការ​បច្ចេកទេស និង​ការចូលរួមចំណែក​ពី​សមាជិក​របស់ខ្លួន។

​លោក​បាន​បន្ថែមថា ឆ្នាំ​២០១៩ នេះ​ជា​អាណត្តិ​ចុងក្រោយ​របស់​គណៈកម្មាធិកា​រ​ប្រតិបត្តិ CAMKAA (២០១៧-២០១៩) ហើយ CAMKAA នឹង​រៀបចំ​ការបោះឆ្នោត​ដើម្បី​ស្វែងរក​បេក្ខជន​ឈរឈ្មោះ​ជា​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ CAMKAA ក្នុង​ឆ្នាំ (២០២០-២០២២) នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា​ឆ្នាំ ២០១៩។ គណៈកម្មាធិការ​ប្រតិបត្តិ នឹង​ត្រូវមាន​សមាជិក​ចំនួន​៧​រូប និង​មាន​តួនាទី​ដូចខាងក្រោមៈ ប្រធាន​ចំនួន​(១) អនុប្រធាន​ចំនួន​(១) លេខាធិការ​ចំនួន​(១) ហេរញ្ញិក​ចំនួន​(១) សវន​ករ​ចំនួន​(១) និង​មន្ត្រី​ទំនាក់ទំនង​សាធារណៈ​ចំនួន​(២) ។

លោក លី​សាវុធ បាន​ស្វា​គម​ន៏ និង​លើកទឹកចិត្ត​ដល់​អ្នកចូលរួម​ទាំងអស់​ដែល​ចាប់​អារម្មណ៍​មុខតំណែង​នៃ​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ CAMKAA​ មួយណា ដើម្បី​ដាក់ពាក្យ​ស្នើរ​សុំ​ឈរឈ្មោះ បេក្ខជន សម្រាប់​ការបោះឆ្នោត ជា​ផ្នែក​មួយ​នៃ​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ CAMKAA ក្នុង​ឆ្នាំ​(២០២០-២០២២) តាមរយៈ​ការផ្ញើ​ប្រវត្តិរូប មកកាន់​ល​ការិយាល័យ​ក​យ​កា រឺ CAMKAA ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​(២០១៩)​។​
​លោក នោ ហ្យ​ន់​ជុន (Rho Hyeon Jun) នាយក​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​កម្ពុជា (​ក​យ​កា​)​បាន​បញ្ជាក់ថា សិក្ខាសាលា​ថ្ងៃនេះ​ត្រូវបាន​រៀបចំឡើង​ក្រោម​ប្រធានបទ “​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​(CSDGs) ។ CSDGs គឺ​មិន​គ្រាន់តែ​ជា​បញ្ហា​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​ពិភពលោក​ទាំង​ចំនួន​១៧​ចំណុច ដែលមាន​គោលដៅ​ចំនួន​១៦៩​សម្រាប់​ជា​ប្រព័ន្ធ​ត្រួតពិនិត្យ ដែល​ត្រូវ​បានកំណត់​សម្រាប់​ជា “​ចក្ខុវិស័យ​សន្តិភាព​”​គឺ​គ្មាន​នរណាម្នាក់​ត្រូវបាន​ទុកចោល​ឡើយ ។ ក​យ​កា កំពុង​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ការសម្រេច​នូវ​របៀបវារៈ​ពិភពលោក​SDGs ឆ្នាំ​២០៣០​នេះ ។ ក​យ​កា ​បានកំណត់​គុណ​តម្លៃ​ស្នូល​ចំនួន​៤ ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​រួមមាន​៖ ប្រជាជន (​សុខុមាលភាព​របស់​ម​នុស្ស​ទាំងអស់​) វិបុលភាព​(​ការបន្ត​កំណើនសេដ្ឋកិច្ច និង​បច្ចេកវិទ្យា​) សន្តិភាព (​ការពារ​សន្តិភាព​) និង​ភពផែនដី​(​ការការពារ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ផែនដី​) ។

​មាន​មន្ត្រី​រដ្ឋាភិបាល​ប្រមាណ​ជាង​១៨០ រូប​មកពី បណ្តា​ក្រសួង​ពាក់ព័ន្ធ​នៅក្នុង​សិក្ខាសាលា និង មាន​បទ​បង្ហាញ ជាច្រើន​ប្រធានបទ​រួមមាន ៖ ១)“ ការផ្សព្វផ្សាយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​” បទ​បង្ហាញ​ដោយ ឯកឧត្តម ប៉ូច សូ​វណ្ណឌី អគ្គនាយករង នៃ​នាយកដ្ឋាន​ផែនការ នៃ​ក្រសួងផែនការ ២)“ ការចែករំលែក​ចំណេះដឹង​ពី​ប្រទេស​កូរ៉េ​លើ​កម្មវិធីសិក្សា ភាពជា​ដៃគូ​សកល និង​បង្កើន​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ប្រកបដោយ​ប្រសិទ្ធភាព​(GPEDC LAP) ” បទ​បង្ហាញ​ដោយ លោក ហ៊ុយ អង្គ​តុលា ជំនួយការ​ឯកឧត្តម​រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ គណៈកម្មាធិការ នីតិសម្បទា និង​អភិវឌ្ឍ​ន៏​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៏​កម្ពុជា លោក បម្រើការ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៏​កម្ពុជា ទទួលបន្ទុក រៀបចំ​គោលនយោបាយ និង ការអភិវឌ្ឍ​សមត្ថភាព ជា​អតីត​និស្សិត​ក​យ​កា​។ ៣)“ សិទ្ធិ​ស្ត្រី និង​គោលនយោបាយ ការអភិវឌ្ឍ​យេនឌ័រ​” ដោយ​លោកស្រី ហ៊ូ សុ​ផ​លិ​ការ ប្រធាន​ផ្នែក​ផែនការ និង​សហប្រតិបត្តិការ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី (​ក្រសួង​កិច្ចការនារី​) ជា​អតីត​និស្សិត​ក​យ​កា​៕​B/

​ ​ ​ ​ ​