សិក្ខាសាលា​ស្តីពី​ការពង្រឹង​ការគ្រប់គ្រង​កសិដ្ឋាន​ចិញ្ចឹមសត្វ នៅ​ខេត្តសៀមរាប

189
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​ ៖ នាយកដ្ឋាន​ផលិតកម្ម​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បានរៀបចំ​សិក្ខា​សាលា​មួយ​នៅ​ខេត្តសៀមរាប ស្តីពី​ការពង្រឹង​ការគ្រប់គ្រង​កសិដ្ឋាន​ចិញ្ចឹមសត្វ ដោយមាន​សមាសភាព ចូលរួម​ជាម​ន្ត្រី​នាយកដ្ឋាន​ផលិតកម្ម​សត្វ , មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តសៀមរាប , ម្ចាស់​ឬ​តំណាង​ក្រុមហ៊ុន , កសិដ្ឋាន , កន្លែង​ចិញ្ចឹមសត្វ​មកពី​វិស័យ​ឯកជន​ក្នុង​ខេត្តសៀមរាប​។​

សិក្ខាសាលា​នេះ​បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩​នេះ ដោយមាន​ការចូលរួម​ពី លោក ស៊ា​ង សុខ​លីម ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​សត្វ នៃ​ក្រសួង កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ។​

លោក ស៊ា​ង សុខ​លីម បាន​បញ្ជាក់ថា ពិធី​បើក​សិក្ខាសាលា​នេះ​គឺ​ក្នុង​គោលបំណង​ពង្រឹង​ការគ្រប់គ្រង និង​ការ​ចិញ្ចឹមសត្វ​តាម​កសិដ្ឋាន​សម្រាប់​ពាណិជ្ជកម្ម , ការគ្រប់គ្រង​និង​ការត្រួតពិនិត្យ​ចំណី​សត្វ និង​ជាពិសេស ផ្សព្វផ្សាយ​និង​ជំរុញ​ការអនុវត្ត​ប្រកា​ស​លេខ​៥៤៩ របស់​ក្រសួងកសិកម្ម ស្តីពី​ចំណាត់ថ្នាក់​ខ្នាត បទដ្ឋាន​បច្ចេកទេស និង​និតិ​វិធី សម្រាប់​ការផ្តល់​លិខិតអនុញ្ញាត​ការចិញ្ចឹម​សត្វ និង​បង្កាត់​ពូជ​សត្វ។

លោក​បាន​បន្តថា​ការចិញ្ចឹម​សត្វ​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម នោះ កត្តា​សំខាន់​គឺ​ផ្តោតទៅលើ​ការគ្រប់គ្រង ការថែទាំ និង ការត្រួតពិនិត្យ​ទៅលើ​គុណភាព​ចំណី ព្រោះថា​ដើម្បីឱ្យ​មុខរបរ​នេះ​ទទួលបាន​ជោគជ័យ កសិករ​និង​ម្ចាស់​កសិដ្ឋាន ត្រូវ​ចេះ​រៀបចំ​ផែន ការ​ក្នុងការ​ចិញ្ចឹម , ចេះ​ពី​របៀប​កែច្នៃ​ចំណីអាហារ ធ្វើ​យ៉ាង ណា​ឱ្យ​ទុន​ផលិតកម្ម​មានតម្លៃ​ទាប និង​ចេះ​វិភាគ​ស្ថាន ភាព​សេដ្ឋកិច្ច​ទីផ្សារ ដូច្នេះ​ចំណី​សម្រាប់​សត្វ​ជា​ធាតុ​ចូល និង​ជា​កត្តា​សំខាន់បំផុត ក្នុងការ​កំណត់​ពី​ជោគវាសនា​នៃ​ការចិញ្ចឹម​សត្វ​ទទួលបាន​ភាពបរាជ័យ​ឬ​ជោគជ័យ ហើយ​បើ​យើង​មិនបាន​គិតគូរ​អំពី​ចំណី​ទេនោះ គឺ​មិនអាច​អភិវឌ្ឍន៍​ការចិញ្ចឹម​សត្វ​ទទួលបាន​ជោគជ័យ​ឡើយ៕B/