សិក្ខាសាលា​ស្តីពី​លទ្ធផល​គម្រោង​អភិរក្ស​និង​ជួសជុល​ប្រាសាទព្រះពិធូរ​នៅ​ទីក្រុង​សេ​អ៊ូ​ល​

1269
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ គណៈប្រតិភូ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដឹកនាំ​ដោយ​លោកស្រី ភឿង ស​កុ​ណា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​រួម​ដំណើរ​ដោយ​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខា​ស្ដីពី​លទ្ធផល​គម្រោង​អភិរក្ស​និង​ជួសជុល​ប្រាសាទព្រះពិធូរ នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ នាទី​ក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ​។

​សិក្ខាសាលា​នេះ​រៀបចំឡើង​ដោយ​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ Korea Cultural Heritage Foundation​និង​មានការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ដោយ​លោក​ឡុង​ឌី​ម៉​ង់​ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​តំណាង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​កូរ៉េ​KOICA​និង​រដ្ឋបាល​គ្រប់គ្រង​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ​។​

​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ខាងលើ​លោក​JinOKSub​ប្រធាន​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ​បាន​សម្ដែង​នូវ​អារម្មណ៍​សប្បាយរីករាយ​ក្រៃលែង​និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​គណៈប្រតិភូ​កម្ពុជា​ទាំងអស់​ដែល​បាន​ចំណាយពេល​ចូលរួម​ក្នុង​សិក្ខាសាលា​ដ៏​មាន​សារសំខាន់​នេះ​។​ការចូលរួម​នេះ​គឺ​បង្ហាញ​ពី​ការយកចិត្តទុកដាក់​នៃ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ក្នុង​កិច្ចការងារ​បេតិកភណ្ឌ​លើ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​កូរ៉េ​។​

​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​សម្ដែង​នូវ​ការ​អរគុណ​ដល់​ស្ថាប័ន​សំខាន់ៗ​មួយចំនួន​ដូចជា មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​កូរ៉េ KOICA រដ្ឋបាល​គ្រប់គ្រង​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ ដែល​បានផ្តល់​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ផ្នែក​បច្ចេកទេស និង​ថវិកា ក្នុង​កិច្ចសហប្រតិបត្តិការ​អភិរក្ស និង​ជួសជុល​ប្រាសាទព្រះពិធូរ​នាពេល​កន្លងមក​។

​ជាការ​ចែករំលែក​ចំណេះដឹង​អង្គសិក្ខាសាលា​ក៏មាន​ការធ្វើ​បទ​បង្ហាញ​គន្លឹះ​ចំនួន​ពីរ​ដោយ​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​លើ​ប្រធានបទ​លើ​ការគ្រប់គ្រង​ទឹក​និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​រមណីយដ្ឋាន​អង្គរ​។​ក្នុងនោះដែរ​អ្នកជំនាញ​អន្តរជាតិ​ដែល​បាន​ចូលរួម​ធ្វើការ​ស្រាវជ្រាវ​នៅ​ក្រុម​ប្រាសាទព្រះពិធូរ​ក៏បាន​ធ្វើ​បង្ហាញ​លើ​ប្រធានបទ​សំខាន់ៗ​ដូចជា​បុរាណវិទ្យា​ស្ថាបត្យកម្ម​ប្រវត្តិ​សិល្បៈ​និង​ការអភិរក្ស​។​ល​។​៕S/