សិក្ខាសាលា​ស្តីពី​”​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ក្រុង​បាត់ដំបង​”

235
ចែករម្លែក

ដោយ​: ប៊ុន​ណាត​
​បាត់ដំបង​:
កាលពី​ព្រឹក​ថ្ងៃ​ទៅ​៩​ខែកក្កដា​ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​ប្រេ​ស៊ី​ដង់​ក្រុង​បាត់ដំបង មាន​រៀបចំ​សិក្ខាសាលា​ស្តីពី “​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ក្រុង​បាត់ដំបង​” ក្រោម​អធិបតីភាព​លោក ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ តំណាង​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រ​សូង​ទេសចរណ៍ និង​លោកស្រី​សុំ ចិន្តា អភិបាលរង​ខេត្ត តំណាង​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​។​

​លោក​អ៊ុច អ៊ុ​ភី​និស្សា​រ៉ា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា ក្នុង​ឆមាស​ទីមួយ​ឆ្នាំ​២០១៩ ភ្ញៀវទេសចរ​ដែល​បានមក​ទស្សនា​កម្សាន្ត នៅក្នុង​ខេត្តបាត់ដំបង សរុប​ចំនួន​៣៤០,២៧៩​នាក់ កើនឡើង​២,១៩​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆមាស​ទី​១​ឆ្នាំ​២០១៨(​មាន​៣៣២,៩៨៨​នាក់​) ក្នុងនោះ ភ្ញៀវទេសចរ​ក្នុងស្រុក​មាន​ចំនួន​២៨៨,៨៩៣​នាក់ កើនឡើង​២,៤៥​ភាគរយ និង​ភ្ញៀវទេសចរ​អម្តរ​ជាតិ​មាន​ចំនួន​៥១,៣៨៦​នាក់ កើនឡើង​០,៧៨​ភាគរយ ក្នុងនោះ​ភ្ញៀវទេសចរ​ជនជាតិ​បារាំង ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១​។​

​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​គូសបញ្ជាក់ថា ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ផលប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន ដែល​កើតឡើង​ពី​ផលិតផល​ថ្នាំជក់ មន្ទីរ​ទេសចរណ៍​ខេត្ត​តែង​ចាត់​មន្ត្រី​ជំនាញ ដើម្បី​ចុះ​ត្រួតពិនិត្យ​និង​ពន្យល់​ណែនាំ​អំពី​ការអនុវត្តន៍​យុទ្ធនាការ “​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​” ជាប្រចាំ នៅតាម​បណ្តា​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ទូទាំង​ខេត្ត​។ មិនតែប៉ុណ្ណោះ​រាល់​ការស្នើសុំ​អាជ្ញា​ប៏​ណ្ណ​ទេសចរណ៍​ថ្មី​និង​បន្តបន្ទាប់​។ ការិយាល័យ​ជំនាញ បាន​បញ្ចូល​ការទាក់ទង​នឹង​បរិស្ថាន​គ្មាន​ផ្សែង​បារី​នេះ​ផងដែ រ​ក្នុង​កិច្ចសន្យា​ដើម្បី​ធានា​ឱ្យបាន​ថា ការអនុវត្ត​យុទ្ធនាការ​នេះ​ប្រកបដោយ​ប្រ​សិ​ទ្អ​ភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។​

​លោក​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​ធ្វើ​សិក្ខាសាលា​នេះ​នៅ​ខេត្តបាត់ដំបង ហើយ​លើកយក​វិធានការ​ចម្បង​ពីរ​ដែល​គណៈកម្មការ​ប​រិ​ស្ថាន​គ្មាន​ផ្សែង​បារី​ប្រកាន់យក​គឺ វិធានការ​អប់រំ​និង​វិធានការ​រដ្ឋបាល​។ បច្ចុប្បន្ន​យើង​បាន​នឹង​កំពុង​អនុវត្ត​វិធានការ​ទី​១ គឺ​វិធាន​ការអប់រំ ដោយបាន​រៀបចំ​ជា​សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល ប្រជុំ​ផ្សព្វផ្សាយ ប៉ាណូ​និង​រៀបចំ​បោះពុម្ព​សម្ភារៈ​ផ្សព្វផ្សាយ និង​ណែនាំ​ឱ្យ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​ទាំងអស់​យកចិត្តទុកដាក់​គោរព អនុវត្ត​តាមច្បាប់ ស្តីពី​ការគ្រប់គ្រង​ផលិតផល​ថ្នាំជក់​ដែល​បានដាក់​ឱ្យប្រើ​ប្រាស់ តាំងពី​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៥​មកម្ល៉េះ​។ ចំពោះ​វិធានការ​ទី​២ ដែល​នឹងត្រូវ​បន្ត​អនុវត្ត​ជា​វិធានការ​រដ្ឋបាល គឺ​ការផាកពិន័យ​ចំពោះ​បុគ្គល​អ្នក​ជក់​នៅ​ទីកន្លែង​ហាមឃាត់ ម្ចាស់​អាជីវកម្ម ដែល​អនុញ្ញាត​នៅ​ទីតាំង​របស់ខ្លួន​ការតាំង​លក់​ផលិតផល​ថ្នាំជក់​ខុសពី​ការកំណត់ និង​ផាកពិន័យ​រហូតដល់​ក្រុមហ៊ុន​បារី​ដែល​នាំ និង​លក់​ផលិតផល​ថ្នាំជក់​គ្មាន​សារ​ព្រមាន​ជា​រូបភាព ផ្សាយពាណិជ្ជកម្ម​បារី​ខុសច្បាប់​….​។ ការផាកពិន័យ​អន្តរកាល នឹង​ធ្វើតាម​ប្រកាស​អនុ​ក្រិ​ត្យ​របស់​ក្រសួង​រវាង​ក្រសួងសុខាភិបាល និង​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ដោយ​ក្រុមអធិការកិច្ច​ក្រសួងសុខាភិបាល​ផងដែរ​។​

​លោក​ហោ សារុន បាន​បន្តថា អត្រា​ស្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា មាន​ប្រមាណ​១៥,០០០​នាក់​ជា​រៀងរាល់ឆ្នាំ ដោយសារ​ជំងឺ​នានា ទាក់ទង​នឹង​ថ្នាំជក់​ដែល​ក្នុងនោះ​៣៣​ភាគរយ​ ​ស្ថិតក្នុង​ចំណោម​អ្នក​ដែលមាន​ប្រាក់ចំណូល​ទាប​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៦​កន្លងទៅនេះ​ការប្រើប្រាស់​ថ្នាំជក់​បណ្តាលឱ្យ​មានការ​ខាតបង់​ផលិតភាព​សេដ្ឋកិច្ច ដែល​គិត​ជា​ប្រាក់ចំណូល​មាន​ចំនួន​រហូតដល់​២,៧​ទ្រី​លាន​រៀល ប្រមាណ​ជា​៣​ភាគរយ នៃ​ផលទុន​សរុប​ក្នុងស្រុក​(GDP)​។​

​លោក​អនុរដ្ឋលេខាធិការ​បាន​គូសបញ្ជាក់ថា កម្ពុជា​ក៏​ជា​ប្រទេសមួយ ដែល​ទទួលរង​គ្រោះ​ដោយ​ផលិតផល​ថ្នាំជក់​ផងដែរ​ព្រមទាំង​ជា​អ្នកគាំទ្រ និង​ប្តេជ្ញា​អនុវត្តតាម​គោលការណ៍​ណែនាំ ដែល​មានចែង​ក្នុង​អនុសញា​ត្រួតពិនិត្យ​ថ្នាំជក់​របស់​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​។ ប្រទេស​កម្ពុជា​បានផ្តល់​សច្ចាប័ន​ចូល​ជា​សមាជិក​អនុសញ្ញា ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៥ ក្នុងការ​គាំទ្រ​និង​ណែនាំ​ដែលមាន​ចែង​ក្នុង​អនុសញ្ញា​របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​កាត់បន្ថយ​កា​ប្រើប្រាស់​ថ្នាំជក់ និង​រួមចំណែក​ផលប៉ះពាល់​លើ​សុខភាព បរិស្ថាន​និង​សេដ្ឋកិច្ច​៕ ល​