សិក្ខាសាលា ស្ដីពី​ការតម្រង់ទិស​គម្រោង​​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​

295
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ សិក្ខាសាលា​មួយ ស្ដីពី​ការតម្រង់ទិស​គម្រោង​លើកកម្ពស់​ជីវភាព​​ប្រជាជន​ក្រីក្រ និង​ការប្រើប្រាស់​សៀវភៅ​ណែនាំ​ស្ដីពី​ការ អនុវត្ត​គម្រោង សៀវភៅ​ប្រតិបត្តិការ​សហគមន៍ របស់​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ ហៅ​កាត់​ថា (​គម្រោង​លាភ​) បាន​ប្រារព្វ​ធ្វើឡើង នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ប្រធាន​សម្របសម្រួល​គ​ម្រោ​ង និង ជា​ប្រធាន​គណៈកម្មាធិការ​តម្រង់​ទិស​អនុវត្ត​គម្រោង​លាភ និង លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប។​

លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​បញ្ជាក់ថា គោលបំណង​នៃ​គម្រោង​នេះ គឺ​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ និង​ក្រុម​ងាយ​រងគ្រោះ ដើម្បី​ទទួលបាន​សេវា​ហិរញ្ញវត្ថុ ហើយ​មានឱកាស​រកប្រាក់​ចំណូល និង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាតតូច រួមទាំង​ការត្រៀម​លក្ខណៈ​គាំទ្រ​ក្នុងករណី​ជួប​ហានិភ័យ ឬ​គ្រោះអាសន្ន​ណាមួយ​កើតឡើង​ជាយថា​ហេតុ ក្នុង​ឃុំ​គោលដៅ​របស់​គម្រោង។​

​លោក​បាន​បន្តថា ដើម្បី​ធានា​ឲ្យ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ខាងលើ​ឲ្យ​ទទួលបាន​ជោគជ័យ អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក៏មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​រួមចំណែក​ទ​ទួល​ខុសត្រូវ​សម្រាប់​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល តាមរយៈ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្តីពី​ការគ្រប់គ្រង រដ្ឋបាល​ឃុំ សង្កាត់ បទបញ្ជា និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន​។​

​លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ មាន​បញ្ជាក់ ថា នៅ​ឆ្នាំ​២០១៧ គម្រោង​លាភ​បាន​សិក្សា​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ក្នុងការ​ដាក់បញ្ចូល​ស​មាស​ភាព​គម្រោង​ថ្មី​លើ​ផ្នែក​សហគមន៍​ទីក្រុង (Urban) បន្ថែម​មួយទៀត សំដៅ​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​នៅ​ទីក្រុង និង​ជនបទ នៃ​តំបន់​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ឃុំ​គោលដៅ​នៃ​ខេត្តសៀមរាប​។​

លោក​បាន​បន្តថា តាមរយៈ​ការបង្កើត​និង​ពង្រឹង​ស្ថាប័ន​ស្វ័យគ្រប់គ្រង​របស់​អ្នកក្រីក្រ និង ការផ្ដល់​ឲ្យ​ស្ថាប័ន​ទាំងនោះ នូវ​លទ្ធភាព​ចាប់យក​ហិរញ្ញវត្ថុ ផ្សារភ្ជាប់​ស្ថាប័ន​ទាំងនោះ​ទៅ​ទីផ្សារ និង​មុខរបរ​សំខាន់ៗ ហើយ​គម្រោង​ថ្មី​នេះ មាន​វិសាលភាព​គ្រប់​ដណ្ដប់​លើ​ទីតាំង​ភូមិសាស្ត្រ ២​ខុសគ្នា គឺ ទី​១. ទីតាំង​ភូមិសាស្ត្រ​ជនបទ នៅក្នុង​ឃុំ ៤៧ នៃ​ស្រុក​ចំនួន ៩ ក្នុង​ខេត្តសៀមរាប និង​ទី​២. ទីតាំង​ភូមិសាស្ត្រ​ទីក្រុង​នៅលើ​សង្កាត់​ចំនួន​១៣ នៃ​ខណ្ឌ​១២ ក្នុង​រាជធានី​ភ្នំពេញ ។​

លោក​បាន​បញ្ជាក់ទៀតថា ប្រការ​សំខាន់ សុំ​ឲ្យ​ក្រុមការងារ គឺ ត្រូវ​រក្សា នូវ​សាមគ្គីភាព ពង្រឹង​កិច្ចសហប្រតិបត្តិការ ឲ្យ​បានជា​ប្រចាំ ខិតខំ​យកចិត្តទុកដាក់​បំពេញ​ការងារ​តាម​ភារកិច្ច​របស់ខ្លួន ដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ត្រូវអនុវត្ត​ឲ្យ​បាន​សមស្រប​តាម​គោលការណ៍ និង​នីតិវិធី​ដែល​បានចែង និង​កំណត់​ក្នុង​គ្រប់​លិខិតបទដ្ឋាន​អនុវត្ត​គម្រោង និង ផ្តល់​ការគាំទ្រ​រដ្ឋបាល និង​ការងារ​ចាត់ចែង ដល់​ថ្នាក់ក្រុង ស្រុក ខណ្ឌ និង​រចនាសម្ព័ន្ធ​ថ្នាក់ឃុំ សង្កាត់​ព្រមទាំង​ផ្តល់​ការគៀងគរ​សមត្ថភាព​ជំនាញ​បច្ចេកទេស​ពី​ថ្នាក់​រាជធានី ខេត្ត នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដល់​ក្រុមការងារ​អនុវត្ត​គម្រោង គាំទ្រ​ដល់​សកម្មភាព​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ថ្នាក់​សហគមន៍​។​

​លោក​បាន​បន្តទៀតថា ពិសេស​សូម​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ នៃ​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​ផ្ដល់ កិច្ចសហការ និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព នូវ​គ្រប់​សកម្មភាព​នានា បម្រើ​ដល់​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែលជា​គោលដៅ​របស់​គម្រោង ខិតខំ​អនុវត្ត​ឲ្យ​បាន​តាម​ផែនការ និង​ពេលវេលា​គ្រោងទុក ស្របតាម​ក្របខណ្ឌ​គតិយុត្តិ និង​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារពិភពលោក​អំពី​គម្រោង​នេះ ។​

​សូម​គូសបញ្ជាក់​ផង​ដែលថា គម្រោង​លាភ​បានចាប់ផ្ដើម​សិក្សា​សាកល្បង​លើកដំបូង​កាលពី​ឆ្នាំ​២០០៨ និង​បាន​ចាប់ដំណើរការ​យ៉ាង​ល្អ​នៅ​ឆ្នាំ​២០១០ គឺ​ចាប់ពី​ខែកក្កដា ឆ្នាំ​២០១០ នៅ​ឃុំ​/​សង្កាត់​ចំនួន​៦ នៃ​ស្រុក​ចំនួន​៥ ក្នុង​ខេត្តសៀមរាប រួមមាន (​ស្រុក​ប្រាសាទបាគង ស្រុក​ជីក្រែង ស្រុក​ពួក ស្រុក​អង្គរធំ និង​ក្រុង​សៀមរាប​) តែ​ត្រូវ​បញ្ចប់​ការសាកល្បង​នៅ​ឆ្នាំ​២០១២ (​ពី​ខែ កក្កដា ឆ្នាំ​២០១០ ខែមិថុនា ឆ្នាំ​២០១២) និង​លើក​ទី​២ បានចាប់ផ្ដើម​សិក្សា​សាកល្បង​នៅ​ឆ្នាំ​២០១៥ និង​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ នៅ​ឆ្នាំ​២០១៧ (២០១៧-២០២២)៕B/


#