សិក្សា​បន្ថែម​លើ​លទ្ធភាព​បង្កើត​គម្រោង​រោងចក្រ​ដុត​សំរាម​នៅ​ខេត្តកំពង់ចាម​បន្លែង​ជា​ថាមពល​អគ្គិសនី

142
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អាជ្ញាធរខេត្ត​កំពង់ចាម​បានសម្រេច​ឲ្យ​ក្រុមហ៊ុន​របស់​ប្រទេស​ចិន​ឈ្មោះ​« CONCH VENCHHER HOLDING GROUP(​ខន​វេន​ឆ័​រ​ហូល​ឌី​ង​គ្រប់​)»​សិក្សា​បន្ថែម​លើ​លទ្ធ​ភាព​បង្កើត​រោងចក្រ​ដុត​សំរាម​ដំណើរការ​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​បច្ចេកវិជ្ជា​ខ្ពស់​គឺមាន​សមត្ថភាព​ដុត​សំរាម​ក្នុង​មួយថ្ងៃ​ពី ៣០០ ទៅ ៥០០​តោន​ហើយ​បន្លែង​ជា​ថាមពល​អគ្គិសនី ។​

លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​ក្រោយពី​ស្តាប់​បទ​បង្ហាញ​របស់​ក្រុមហ៊ុន​ខាងលើ​នៅក្នុង​សាលាខេត្ត​នេះ​កាលពី​រសៀល​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៩​បាន​មានប្រសាសន៍​តប​ថា​សូម​ថ្លែងអំណរគុណ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុងការ​ចូលរួម​ថែរក្សា​បរិស្ថាន​ក្នុង​ខេត្តកំពង់ចាម​។​ដើម្បី​ឲ្យ​គម្រោង​បង្កើត​រោងចក្រ​ដុត​សំរាម​ឲ្យ​ក្លាយជា​ថាមពល​អគ្គិសនី​ទទួលបាន​ជោគជ័យ​ទាំងអស់គ្នា​គឺ​សូម​ផ្តោតលើ​តម្លៃ​ជាសំខាន់​សិន​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ទៀតថា​បច្ចុប្បន្ន​ខេត្តកំពង់ចាម​មាន​សំរាម​សរុប​ក្នុង​មួយថ្ងៃ​ជាង​១០០​តោន​ដែល​ប្រមូល​ពី​ក្រុង​សួង​ខេត្ត​ត្បូងឃ្មុំ​និង​នៅ​ក្រុង​កំពង់ចាម​នេះ​។​ប៉ុន្តែ​បើ​បរិមាណ​សំរាម​នេះ​មិនទាន់​គ្រប់​ស្តង់ដារ​របស់​ក្រុមហ៊ុន​សូម​ចូលរួម​សហការ​សិក្សា​លើ​បរិមាណ​សំរាម​លើ​ទីតាំង​ស្រុក​ចំនួន​បួន​បន្ថែមទៀត​គឺ​ស្រុក​កំពង់សៀម​ស្រុក​ចម្ការលើ​ស្រុក​ព្រៃឈរ​និង​ស្រុក​កងមាស​។​

​បន្ទាប់​មកជួប​ជ​ជែង​គ្នា​ម្តងទៀត​។​តំណាង​ក្រុមហ៊ុន CONCH VENCHHER HOLDING GROUP បានធ្វើ​បទ​បង្ហាញ​ជា​ភាសា​អង់គ្លេស​តាមរយ​:​អ្នកបកប្រែ​ថា​«​ខន​វេន​ឆ័​រ​ហូល​ឌី​ង​គ្រុប​»​ជា​ក្រុមហ៊ុន​ឯកជន​មួយ​របស់​ប្រទេស​ចិន​ដែល​យកចិត្តទុកដាក់​លើ​បរិស្ថាន​គឺ​បន្លែង​សំរាម​ទៅជា​ថាមពល​អគ្គិសនី​។ ដោយមាន​បច្ចេកវិជ្ជារ​បស់​ប្រទេស​ជប៉ុន​មាន​លក្ខណ​:​ស្តង់ដារ​អន្តរជាតិ​របស់​ក្រុមហ៊ុន​បច្ចេកទេស​កា​វ៉ា​សា​គិ ដែល​បច្ចុប្បន្ន​មាន​គម្រោង​ចំនួន ២០០ លើ​ពិភពលោក​។​

​ក្នុងនោះ​ជាទូទៅ​ក្រុមហ៊ុន​អាចបង្កើត​រោងចក្រ​ដុត​សំរាម​បាន​ក្នុង​មួយថ្ងៃ​ពី​៣០០​ទៅ​៥០០​តោន​បន្លែង​ជា​ថាមពល​អគ្គិសនី​គឺ​មិន​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ទឹកដី​និង​ខ្យល់​។​ក្រោយពី​ការដុត​បន្លែង​សំរាម​ទម្ងន់​មួយ​តោន​គឺ​នៅសល់​កាត់​សំណល​កខ្វក់​ចំនួន​០,០៣​ភាគរយ​។​នេះ​ជា​ស្តង់​រោងចក្រ​ដុត​សំរាម​បន្លែង​ថាមពល​អគ្គិសនី ដំណើរការ​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​បច្ចេកវិជ្ជា​ខ្ពស់ មិន​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន និង​ទីកន្លែង​ផលិត​គ្មាន​ក្លិន​។​

​ប៉ុន្តែ​តាម​ការសិក្សា​កន្លងមក​ប្រទេស​កម្ពុ​ជាមាន​លក្ខណ​:​សំរាម​ប្រៀប​ដូច​ប្រទេស​ចិន​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។​ដោយ​កម្ពុជា​ប្រមូល​សំរាម​ពី​ផ្ទះ​ប្រជាពលរដ្ឋ​ទៅ​ដា​ក់នៅ​ទីលាន​ចាក់សំរាម​គឺ​សំរាម​នៅតែ​ជា​សំរាម​ដដែល​មិនបាន​បន្លែង​ទៅជា​អ្វី​ផ្សេង​។​យោងតាម​ការសិក្សា​ដំបូង​នេះ​ក្រុមហ៊ុន​មានលទ្ធភាព​វិនិយោគ​បង្កើត​រោងចក្រ​ប្រមូល​សំរាម​មក​ដុត​ក្នុង​រង្វង់​ចម្ងាយ​ផ្លូវ ៥០​គីឡូម៉ែត្រ​៕S/​