សិង្ហ​បុរី​ចំណាយ​២០​លាន​ដុល្លារ​លើ​ជំនួប​កំពូល​ត្រាំ​-​គីម​

1084
ចែករម្លែក

​ប្រទេស​សិង្ហ​បុរី​នឹង​ចំណាយ​ប្រមាណ​២០​លាន​ដុល្លារ​សំរាប់​សន្តិសុខ​និង​សេវា​ផ្សេងៗ ក្នុងអំឡុង​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​មួយ​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​​និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នេះ​បើតាម​ការទម្លាយ​អោយដឹងពី​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក​លី សៀន​ឡុង​។​

​លោក​លី​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​បើ​អ្នក​សួរ​ខ្ញុំ​ថា​តើ​ព្រឹត្តិការណ៍​នេះ​ត្រូវ​ចំណាយ​ប៉ុន្មាន​…​ខ្ញុំ​អាច​និយាយថា​លើ​ឬ​ក្រោម​២០​លាន​ដុល្លារ​បន្តិចបន្តួច​។​យើង​អាច​ត្រូវ​​សង​ប៉ះប៉ូវ​មកវិញ​បន្តិចបន្តួច​នៃ​តំលៃ​នេះ តែ​វា​ជា​សោហ៊ុយ​មួយ​ដែល​យើង​នឹង​ចំណាយ​និង​ជាការ​ចូលរួម​របស់​យើង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អន្តរជាតិ​មួយ​នៅ​​ក្នុង​ផលប្រយោជន៍​ជាតិ​ដ៏​ជ្រាលជ្រៅ​របស់​យើង​”​។​

​លោក​លី​បាន​និយាយថា លុយ​នេះ​នឹងត្រូវ​ប្រើ​សំរាប់​រក្សា​សន្តិសុខ​និង​ការទាក់ទង​ក្នុងអំឡុងពេល​ប្រជុំ​។​

​ទោះជា​ការចំណាយ​ធ្ងន់ លោក​លី​បាន​និយាយថា​ជំនួប​កំពូល​នេះ​នឹង​ជួយ​ជំរុញ​ឋានៈ​របស់​សិង្ហ​បុរី​នៅលើ​ឆាក​អន្តរជាតិ​។​លោក​បាន​មានប្រសាសន៍​ដូច្នេះ​ថា​”​វា​ផ្តល់​​អោយ​យើង​សាធារណ​ភាព​។​ការពិត​គឺថា យើង​ត្រូវបាន​ជ្រើស​ជា​កន្លែង​ប្រជុំ​។​យើង​មិនបាន​ស្នើសុំ​ទេ តែ​យើង​ត្រូវបាន​គេ​ស្នើ​និង​ក៏​យល់ព្រម​។​គេ​និយាយ​អំពី​ទំនាក់​​ទំនង​របស់​សិង្ហ​បុរី​ជាមួយ​ភាគី​នានា ជាមួយ​អាមេរិក ជាមួយ​កូរ៉េខាងជើង និង​ឋានៈ​របស់​យើង​នៅក្នុង​សហគមន៍​អន្តរជាតិ​”​។​

​សូមបញ្ជាក់ថា ត្រាំ​និង​គីម​បាន​មកដល់​សិង្ហ​បុរី​កាលពី​ថ្ងៃអាទិត្យ​ទី​១០​មិថុនា​សំរាប់​ជំនួប​កំពូល​នៅ​ម៉ោង​៩​ព្រឹកស្អែក​ដើម្បី​និយាយ​គ្នា​អំពី​ការរំសាយ​ចោល​នុយក្លេអ៊ែរ​​និង​ការបញ្ចប់​សង្គ្រាម​កូរ៉េ​៕ដោយ៖វាសនា