សិង្ហ​បុរី​ជាទី​ក្រុង​ថ្លៃ​បំផុត​ទី​៤​លើ​ពិភពលោក​សម្រាប់​ជនបរទេស ខណៈ​ហុងកុង​ជា​ក្រុង​ថ្លៃ​បំផុត​លើ​ពិភពលោក​

1669
ចែករម្លែក

​ប្រទេស​សិង្ហ​បុរី​ឥឡូវនេះ​បានក្លាយ​ជាទី​ក្រុង​ថ្លៃ​បំផុត​ទី​៤​សម្រាប់​ជនបរទេស ដោយបាន​រំកិល​ឡើងលើ​មួយ​កាំ​ធៀប​នឹង​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ការស្ទង់មតិ​ចុងក្រោយ​ស្តីពី​ការចំណាយ​លើ​ការរស់នៅ​ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ផ្នែក​ធនធានមនុស្ស​សកល Mercer ។​

​ទីក្រុង​ហុងកុង​គឺជា​ទីក្រុង​ថ្លៃ​ជាងគេ​បំផុត​នៅលើ​ពិភពលោក ដែល​តាម​ពីក្រោយ​ដោយ​ទីក្រុង​តូ​ក្យូ និង ទីក្រុង​ហ្សួ​រិច របស់​ស្វី​ស​។​

​លោក ម៉ា​រី​អូ ហ្វើ​រ៉ា​រ៉ូ អ្នកដឹកនាំ​ការអនុវត្ត​ចល័ត​សកល​របស់​ក្រុមហ៊ុន Mercer នៅ​អាស៊ី មជ្ឈិមបូព៌ា អាហ្វ្រិក និង​តួ​ក​គី បាន​និយាយថា “​ការឡើង​ចុះ​តម្លៃ​រូបិយ​បណ្ណ​និង​អតិផរណា​សម្រាប់​ទំនិញ​និង​សេវា​កម្មបាន​ជំរុញឱ្យមាន​ការចំណាយ​លើ​ការ​រស់នៅក្នុង​បណ្តា​ទីក្រុង​នៅ​អាស៊ី​។ ខណៈដែល​សិង្ហ​បុរី​បាន​ឡើង​កម្រិត​មួយ​កាំ​ទៀត​ក្នុងការ​ចំណាយ​ក្នុងការ​រស់នៅ​ប្រចាំ​កាលពី​ឆ្នាំមុន ចំណាត់ថ្នាក់​នេះ​គឺមាន​តុល្យភាព​ជាមួយនឹង​ប្រាក់ខែ​ខ្ពស់​និង​សេដ្ឋកិច្ច​មាន​ស្ថិរភាព​”​។​

​ទីក្រុង​អាស៊ី​ជាច្រើន​បានជា​ប់​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​១០ នៅពេល​និយាយ​ដល់​ការចំណាយ​ក្នុង​ការរស់នៅ​សម្រាប់​ជនបរទេស ដោយមាន ៦ ទីក្រុង​ជាប់​ក្នុង​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន Mercer ។

​ទីក្រុង​ថ្លៃ​បំផុត​ទាំង ១០ ប្រចាំឆ្នាំ ២០១៨ ៖
១. ហុងកុង (​ចិន​)
២. តូ​ក្យូ (​ជប៉ុន​)
៣. ហ្សួ​រិច (​ស្វី​ស​)
៤. សិង្ហ​បុរី​
៥. សេ​អ៊ូ​ល (​កូរ៉េខាងត្បូង​)
៦. លូន​ដា (​អង់​ហ្គោ​ឡា​)
៧. សៀង​ហៃ (​ចិន​)
៨. យ៉ា​មេ​ណា (​ឆាដ​)
៩. ប៉េកាំង (​ចិន​)
១០. បឺ​ន (​ស្វី​ស​)៕ ដោយ៖ កញ្ញាដាលីស

សិង្ហ​បុរី​ឥឡូវនេះ​បានក្លាយ​ជាទី​ក្រុង​ថ្លៃ​បំផុត​ទី​៤​សម្រាប់​ជនបរទេស