សិង្ហ​បុរី​នឹង​សាកល្បង​រថយន្តក្រុង​បើក​ដោយ​ស្វ័យប្រវត្តិ អាច​កក់​បាន​តាមរយៈ App

348
ចែករម្លែក

​នៅ​សប្តាហ៍​ក្រោយនេះ សិង្ហ​បុរី​នឹង​ចាប់ផ្តើម​សាកល្បង​ជា​សាធារណៈ​នូវ​រថយន្តក្រុង​គ្មាន​អ្នកបើកបរ ដែល​អាច​កក់​បាន​ជាមួយ​កម្មវិធី​ទូរស័ព្ទ (App) ដែលជា​ផ្នែក​មួយ​នៃ​មហិច្ឆតា​ក្នុងការ​បង្កើត​យានយន្ត​ស្វ័យភាព​នៅ​ទូទាំង​រដ្ឋ​ទីក្រុង​មួយ​នេះ​។​

​ជា​ប្រទេស​មាន​សណ្តាប់ធ្នាប់​ល្អ​និង​មាន​បច្ចេកវិជ្ជា​ខ្ពស់ សិង្ហ​បុរី​បាន​ក្លាយជា​កន្លែង​សាកល្បង​សម្រាប់​យានយន្ត​បើកបរ​ដោយ​ខ្លួនឯង ដោយបាន​អភិវឌ្ឍ​បច្ចេកវិជ្ជា​ក្នុងស្រុក និង អញ្ជើញ​ក្រុមហ៊ុន​បរទេស​នានា​មក​សាកល្បង​បច្ចេកវិជ្ជា​របស់​ពួកគេ​។​

​ក្រុមហ៊ុន ST Engineering ដែល​នៅ​ពីក្រោយ​ការផលិត​រថយន្តក្រុង​ខ្នាតតូច​នេះ បាន​និយាយថា ឡានក្រុង​ខ្នាតតូច​គ្មាន​អ្នកបើកបរ​ចំនួន ៤ គ្រឿង​នឹងធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ប្រវែង ៥,៧ គីឡូម៉ែត្រ នៅលើ​កោះ​រមណីយដ្ឋាន​សិន​តូ​សា ចាប់ពី​ថ្ងៃទី ២៦ ខែសីហា​ដល់​ថ្ងៃទី ១៥ ខែវិច្ឆិកា​សម្រាប់​ការសាកល្បង​ជា​សាធារណៈ​។​

​ភ្ញៀវ​អាច​ប្រើ​កម្មវិធី​មួយ​នៅលើ​ទូរស័ព្ទ​របស់​ពួកគេ​ដើម្បី​កក់​រថយន្តក្រុង​នេះ ដែល​នឹង​ដឹក​ពួកគេ​ទៅកាន់​ទិសដៅ ដែល​បានជ្រើសរើស ដូចជា ក្លឹប​វាយ​កូន​ហ្គោល ឆ្នេរ​ខ្សាច់ និង​បន្ទាយ​ទាហាន​ប្រវត្តិសាស្ត្រ​។​

​អ្នក ដែល​មិនមាន​ទូរស័ព្ទដៃ អាច​កក់​រថយន្តក្រុង​ពី​បញ្ជរ​នៅតាម​ដងផ្លូវ ជាមួយ​សេវាកម្ម​ឥតគិតថ្លៃ​ដំណើរការ​រាល់ថ្ងៃ​ធ្វើការ រយៈពេល​បួន​ម៉ោង​។ រថយន្តក្រុង​នេះ​នឹងមាន​អ្នកបើកបរ​ម្នាក់​ដើម្បី​គ្រប់គ្រង​បញ្ជា​វា ប្រសិនបើ​ចាំបាច់​៕ ដោយ៖ កញ្ញាដាលីស

រថយន្តក្រុង​បើក​ស្វ័យប្រវត្តិ​នឹង​សាកល្បង​នៅ​សិង្ហ​បុរី​ឆាប់ៗ​នេះ
#