សិង្ហ​បុរី​បញ្ជូន​ចេញ​យន្តហោះ​ប្រដេញ​២​គ្រឿង ​ទៅ​អម​យន្តហោះ​ដឹក​អ្នកដំណើរ​ដែល​មាន​គ្រាប់បែក តែ​…

604
ចែករម្លែក

​យន្តហោះ​ប្រដេញ​ធុន​F-15SG​ចំនួន​២​គ្រឿង​របស់​កងទ័ពអាកាស​សិង្ហ​បុរី ត្រូវបាន​បញ្ជូន​ចេញ​ភ្លាម​ដើម្បី​ទៅ​អមដំណើរ​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​មក​ពី​ក្រុង​សេប៊ុ​យ ប្រទេស​​ហ្វីលីពីន​ កាលពី​ថ្ងៃអាទិត្យ​ទី​២​មិថុនា ក្រោយ​មាន​ការភ័យខ្លាច​អំពី​គ្រាប់បែក​បង្កប់​ក្នុង​យន្តហោះ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី​ លោក ង៉ អេង​ហេន បាន​សរសេរ​បង្ហោះ​នៅក្នុង​ទំព័រ​ហ្វេ​សប៊ុក​មួយ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា យន្តហោះ​ប្រដេញ​២​ត្រូវបាន​បញ្ជូន​ចេញទៅ​អម​យន្តហោះ​​ដឹក​មនុស្ស​១៥០​នាក់ តែ​ទីបំផុត​ព័ត៌មាន​អំពី​គ្រាប់បែក​នេះ​ជាការ​បញ្ឆោត​ភូតកុហក​មួយ​។​

​អ្នកនាំពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍​Scoot បាន​អះអាង​ថា ពិតជា​មាន​«​ការ​គំរាម​សន្តិសុខ​»​មែន​នៅលើ​យន្តហោះ​ជើងហោះហើរ​TR385​ពី​ក្រុង​សេប៊ុ​យ​មកកាន់​សិង្ហបុរី​។​ក្រុមហ៊ុន​​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការស៊ើបអង្កេត​។​

​តែ​ការ​គំរាម​នេះ​បាន​ក្លាយ​ជា​ការ​បញ្ឆោត ឬ​ក្លែងក្លាយ​និង​យន្តហោះ​បាន​ចុះចត​ដោយ​សុវត្ថិភាព​នៅ​អាកាសយានដ្ឋាន​ឆាង​ហ្គី​ នៅ​ម៉ោង​៤:៥០​រសៀល​។​អ្នកដំណើរ​១៤៤​នាក់​និង​​សមាជិក​នាវិក​៦​នាក់​បាន​ចេញ​ពី​យន្តហោះ​ធម្មតា​។​

​រំលឹកថា កាលពី​ថ្ងៃ​២៦​មីនា យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​SIA​មួយ​ហោះ​មក​ពី​ក្រុង​មុំ​បៃ ប្រទេស​ឥណ្ឌា​ក៏​បាន​ចុះ​ដោយ​សុត្ថិភាព ក្រោយ​ពី​អាកាសយានិក​បាន​ព្រមាន​អំពី​គ្រាប់​​បែក​ក្នុង​យន្តហោះ​។​កាលពី​ឆ្នាំ​២០១៨ បុរស​ម្នាក់​ក៏​ត្រូវបាន​ពិន័យ​ប្រាក់​៤.៥០០​ដុល្លារ​ក្រោយពី​និយាយ​លេងសើច​ថា​ខ្លួន​មាន​គ្រាប់បែក​នៅក្នុង​ថង់​អីវ៉ាន់​របស់​ខ្លួន​ក្នុងពេល​ជិះ​យន្ត​​ហោះ​នៃ​ក្រុមហ៊ុន​Scoot នេះ​៕ដោយ៖វាសនា/Ha

សិង្ហ​បុរី​ខំ​តែ​បញ្ជូន​ចេញ​យន្តហោះ​ប្រដេញ​២ តែ​ការ​គំរាម​បែរជា​ក្លែងក្លាយ​និង​យន្តហោះ​បាន​ចុះ​ដោយ​សុវត្ថិភាព​នៅ​ម៉ោង​៥:៥០​រសៀល​ថ្ងៃ​អាទិត្យ​

#