សិង្ហ​បុរី​មាន​ប្រធានាធិបតី​ស្រី​លើកដំបូង ដោយ​មិនឆ្លងកាត់​ការបោះឆ្នោត​

137

​ជន​ល្បី​លេចធ្លោ​មួយរូប​ត្រូវបានតែងតាំង​ជា​ប្រធានាធិបតី​ស្រី​ដំបូង​របស់​សិង្ហ​បុរី​កាលពី​ថ្ងៃ​ពុធ​ទី​១៣​កញ្ញា ប៉ុន្តែ​ព្រឹ​ត្ដិ​ការណ៍​សំខាន់​នេះ​ត្រូវបាន​គ្របដណ្តប់​ដោយ​ការ​រិះគន់ថា ការជ្រើសរើស​លោកស្រី​គឺ​គ្មាន​ប្រជាធិបតេយ្យ បន្ទាប់ពី​លោកស្រី​ត្រូវបាន​ប្រគល់​ការងារ​ដោយ​គ្មាន​ការបោះឆ្នោត​។​

​លោកស្រី ហា​លី​ម៉ា យ៉ា​កូប (Halimah Yacob) ដែលជា​អតីត​ប្រធានសភា​មកពី​ជនជាតិភាគតិច​មូស្លីម​ម៉ា​ឡេ មិនបាន​ប្រឈម​នឹង​ការបោះឆ្នោត​សម្រាប់​តំណែង​គ្មាន​អំណាច​នេះ​ទេ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ខែ​នេះ បន្ទាប់ពី​អាជ្ញាធរ​បានសម្រេច​ថា​គូប្រជែង​របស់គាត់​មិនមាន​លក្ខណៈវិនិច្ឆ័យ​គ្រប់គ្រាន់​។

​វា​មិនមែនជា​លើកទីមួយ​ទេ​នៅក្នុង​រដ្ឋ​មាន​ស្តុក​ស្ត​ម​សម្បូរ​បែបនេះ ដែល​ត្រូវបាន​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​និង​ដឹកនាំ​ដោយ​គណបក្ស​ដដែល​អស់​ជាច្រើន​ទសវត្សរ៍ ដែល​ក្នុងនោះ​រដ្ឋាភិបាល​បាន​ដកសិទ្ធិ​បេក្ខជន​សម្រាប់​តំណែង​ប្រធានាធិបតី​ស្រេច​តែ​ចិត្ត ដោយ​ធ្វើឱ្យ​ការបោះឆ្នោត​លែង​ជាការ​ចាំបាច់​។​

ប៉ុន្តែ​មាន​ភាពស្រពិចស្រពិល​អំពី​ដំណើរការ​នេះ​ពីព្រោះ​វា​ជា​លើកទីមួយ​ហើយ​ដែល​តំណែង​ប្រធានាធិបតី​ត្រូវបាន​រក្សាទុក​សម្រាប់​ក្រុម​ជនជាតិភាគតិច ក្នុងករណីនេះ​គឺ​សហគមន៍​ម៉ាឡេស៊ី​ហើយ​ការសម្រេចចិត្ត​ប្រគល់​ការងារ​ឱ្យ​គាត់​ដោយ​គ្មាន​ការបោះឆ្នោត​បាន​បន្ថែម​កំហឹង​រឹតតែ​ខ្លាំង​។

​បណ្តាញ​សង្គម​គឺ​ពោរពេញ​ទៅដោយ​ការរិះគន់ នៅពេលដែល​លោកស្រី​ហា​លី​ម៉ា វ័យ ៦៣ ឆ្នាំ ដែល​ពាក់​ក្រណាត់​ជួតក្បាល ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ថា​ជា​ប្រធានាធិបតី​ជាប់ឆ្នោត ជាមួយ​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ផាត់ អេង​សរសេរថា “​ជាប់ឆ្នោត​ដោយ​គ្មាន​ការបោះឆ្នោត​។ ពិតជា​គួរឱ្យ​ចង់​សើច​មែន​”​។

​លោក ចូល គង់ និយាយ​នៅលើ​បណ្តាញ​សង្គម​នេះ​ថា “​ខ្ញុំ​នឹង​ហៅ​គាត់​ថា​ប្រធានាធិបតី​ជាប់ឆ្នោត​ពី​ឥឡូវនេះ​ទៅហើយ​” ខណៈ​ផុស​ហ្វេ​ស​ប៊ុ​ក​ខ្លះទៀត​ត្រូវបាន​កត់សម្គាល់​ជាមួយ​សញ្ញា​ទ្រុង​ជ្រូក​ភ្ជាប់​ជាមួយ​ពាក្យ HasmyPresident គឺ​យក​ស្ទីល​តាម​សារ​របស់​ប្រជាជន​អាមេរិក​ដែល​ខកចិត្ត បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​

​លោកស្រី​ហា​លី​ម៉ា ដែលជា​សមាជិកសភារ​បស់​គណបក្ស​សកម្មភាព​ប្រជាជន ដែលជា​បក្ស​កាន់អំណាច អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​មកនេះ មុនពេល​ចូលខ្លួន​មក​ប្រជែង​តំណែង​ប្រធានាធិបតី បាន​ចេញមុខ​ដោះស្រាយ​ការសង្ស័យ​អំពី​ដំណើរការ​នៃ​ការជ្រើសរើស​រូបគាត់​នៅក្នុង​សុន្ទរកថា​មួយ​ទៅកាន់​ហ្វូងមនុស្ស​ដែល​ស្រែក​អបអរ បន្ទាប់ពី​គាត់​ត្រូវបាន​គេ​ជ្រើសរើស​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​។

​លោកស្រី​បាន​និយាយថា “​ខ្ញុំ​ជា​ប្រធានាធិបតី​សម្រាប់​មនុស្ស​គ្រប់គ្នា​។ ទោះបីជា​គ្មាន​ការបោះឆ្នោត​ក៏ដោយ ក៏​ការប្តេជ្ញាចិត្ត​របស់ខ្ញុំ​ក្នុងការ​បម្រើ​អ្នក​ទាំងអស់គ្នា​នៅតែមាន​ដូចដើម​” ។

​អាជ្ញាធរ​បានសម្រេច​អនុញ្ញាតឱ្យ​មានតែ​បេក្ខជន​មកពី​សហគមន៍​ម៉ា​ឡេ​ប៉ុណ្ណោះ​ដែល​ប្រជែង​សម្រាប់​តំណែង​ប្រធានាធិបតី ក្នុង​បំណង​ដើម្បី​ជំរុញ​សុខដុមរមនា​នៅក្នុង​រដ្ឋ​ទីក្រុង​ដែលមាន​ប្រជាជន ៥,៥ លាន​នាក់​ដែល​គ្របដណ្ដប់​ដោយ​ជនជាតិ​ចិន​នេះ​។

​ប្រមុខរដ្ឋ​សិង្ហ​បុរី​មានអំណាច​តិចតួច​ណាស់ រាប់បញ្ចូល​ទាំង​ការតែងតាំង​មន្ត្រីជាន់ខ្ពស់ ប៉ុន្តែ​បុគ្គល​លេចធ្លោ​តែងតែ​មកកាន់​តំណែង​នេះ និង​កម្រ​មាន​ភាព​តានតឹង​ជាមួយ​រដ្ឋាភិបាល​ណាស់​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី ហា​លី​ម៉ា យ៉ា​កូប (​ស្តាំ​) និង​ស្វាមី មហាម៉ាត់ អាប់​ឌុល​ឡាស់ អាឡាប់​ស៊ី (​ឆ្វេង​)