សិង្ហ​បុរី​សហការ​ជាមួយ​ក្រុមហ៊ុន Volocopter ដើម្បី​បន្ថែម​តាក់ស៊ី​ហោះ​ក្នុង​ផ្ទៃមេឃ​របស់ខ្លួន​

344
ចែករម្លែក

​ក្រុមហ៊ុន​តាក់ស៊ី​ហោះ​របស់​អាល្លឺម៉ង់ Volocopter កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​សិង្ហ​បុរី​ដើម្បី​ណែនាំ​រថយន្ត​តាក់ស៊ី​ហោះ​នៅ​រដ្ឋ​ទីក្រុង​មួយ​នេះ ជាមួយ​ការហោះ​សាកល្បង​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំនេះ​។ អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​សិង្ហ​បុរី (CAAS) បានបង្ហាញ​ព័ត៌មាន​លម្អិត​នៅ​ពិព័រណ៍​ពាណិជ្ជកម្ម Rotorcraft Asia ថា ការសាកល្បង​ហោះហើរ​នឹងធ្វើ​ឡើង​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​សិង្ហ​បុរី ហើយនឹង​ហោះ​លើ​ផ្ទៃ​ទឹក​ដើម្បី​ធានា​សុវត្ថិភាព​អតិបរមា​អំឡុងពេល​ហោះហើរ​សាកល្បង​។​

​លោក តាន់ ជុន វៃ អនុប្រធាន​កម្មវិធី​ផ្លាស់ប្តូរ​បច្ចេកវិជ្ជា​នៅ CAAS បាន​បកស្រាយ​ថា “​យើង​នឹង​ចាប់​ហោះហើរ​ចេញពី​កន្លែង​ដែល​យើង​ចុះចត​។ សម្រាប់​ដំណាក់កាល​ទី​១ វា​មាន​លក្ខណៈ​ជាការ​ពិសោធន៍​ច្រើនជាង​។ សម្រាប់​ការចាប់ផ្តើម វា​នឹងធ្វើ​នៅលើ​ទឹក ហើយ​យើង​នឹងធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន Volocopter ស្តីអំពី​ទិដ្ឋភាព​សុវត្ថិភាព​ដើម្បី​ធានាថា​សូម្បីតែ​ហោះ​នៅលើ​ទឹក ក៏​វា​នឹងមិន​បង្កឱ្យមាន​គ្រោះថ្នាក់​ជា​សាធារណៈ​ឬ​សូម្បី​គ្រោះថ្នាក់​អាកាសចរណ៍​។ កន្លែង​ចុះចត​នឹង​ស្ថិតនៅ​កន្លែង​ណាមួយ​នៅ​ភាគខាងត្បូង​សិង្ហ​បុរី​”​។​

​សិង្ហ​បុរី​តែងតែ​នាំមុខគេ​ក្នុង​ការដឹក​ជ​ញ្ចូ​ន​នាពេល​អនាគត​ខណៈ​អនុម័ត​ច្បាប់​នានា​ដែល​ធ្វើឱ្យ​ការដឹកជញ្ជូន​នៅក្នុង​ប្រទេស​មាន​ភាពរ​លូន​និង​មាន​របៀបរៀបរយ​។ នៅក្នុង​របាយការណ៍​មួយ​កាលពី​ឆ្នាំមុន​ដោយ​លោក​ម៉ាក​ឃី​ន​សី (McKinsey) សិង្ហ​បុរី​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុងចំណោម​ទីក្រុង​ធំៗ​ចំនួន ២៤ នៅ​ជុំវិញ​ពិភពលោក​ទាក់ទង​នឹង​ប្រព័ន្ធ​ដឹកជញ្ជូន​តាម​ទីក្រុង​ដែលមាន​របៀប​បំផុត​។ សិង្ហ​បុរី​នាំមុខ​ទីក្រុង​ដទៃទៀត​ផងដែរ​ខាង​លទ្ធភាព​អា​ចរក​មធ្យោបាយ​ធ្វើដំណើរ​បាន​គ្រប់​ប្រភេទ ភាព​ធូរ​ថ្លៃ ប្រសិទ្ធភាព​ខ្ពស់ ចីរភាព និង​ភាពងាយស្រួល​៕ ដោយ៖ កញ្ញាដាលីស