សិង្ហ​បុរី​អនុម័ត​ច្បាប់​ស្តីពី “​ព័ត៌មាន​ក្លែងក្លាយ​” ទោះបី​មានការ​រិះគន់​

532
ចែករម្លែក

​សភា​សិង្ហ​បុរី​កាលពី​ថ្ងៃ​ពុធ​ទី​៨​ឧសភា​បានអនុម័ត​ច្បាប់​ជាច្រើន​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង “​ព័ត៌មាន​ក្លែងក្លាយ​” ដែល​នឹង​អនុញ្ញាតឱ្យ​អាជ្ញាធរ​បញ្ជា​ឱ្យ​លុបចោល​មាតិកា​ព័ត៌មាន​លើ​អ៊ី​ន​ធឺ​ណេ​ត ទោះបី​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​បណ្តា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​និង​អង្គការសិទ្ធិមនុស្ស​ក្តី​។​

​ច្បាប់​ទាំងនោះ​ផ្តល់ឱ្យ​រដ្ឋមន្ត្រី​របស់រ​ដ្ឋា​ភិ​បាល​នូវ​អំណាច​ដើម្បី​បញ្ជា​ឱ្យ​បណ្តាញ​សង្គម​ដូចជា Facebook និង Twitter ដាក់​ការព្រមាន​នៅជាប់​នឹង​ផុស (Post) ដែល​អាជ្ញាធរ​ចាត់ទុកថា​ក្លែងក្លាយ​និង​ក្នុងករណី​ធ្ងន់ធ្ងរ​គឺ​លុបចោល​មាតិកា​ទាំងនោះ​ចេញ​តែម្តង​។​

​ប្រសិនបើ​សកម្មភាព​មួយ​ត្រូវបាន​វិនិច្ឆ័យ​ថា​ក្លែងក្លាយ​និង​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​សិង្ហ​បុរី នោះ​បណ្តា​ក្រុមហ៊ុន​ទាំងនោះ​អាច​ត្រូវបាន​ពិន័យ​ជា​ប្រាក់​រហូតដល់ ១ លាន​ដុល្លារ​សិង្ហ​បុរី (៧៣៥.០០០ ដុល្លារ​អាមេរិក​) ។​

​បុគ្គល​នីមួយៗ​អាច​ប្រឈម​នឹង​ការជាប់គុក​រហូតដល់ ១០ ឆ្នាំ​។​

​អាជ្ញាធរ​ក្នុងប្រទេស​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​នេះ​ដែល​គេ​រិះគន់​ជា​យូរ​មកហើយ​ចំពោះ​ការ​រឹតត្បិត​សិទ្ធិសេរីភាព​ស៊ីវិល​នោះ បាន​ទទូចថា​វិធានការ​ទាំងនេះ​គឺជា​ការចាំបាច់​ដើម្បី​បញ្ឈប់​ចរាចរណ៍​នៃ​ពាក្យ​កុហក​ដែល​អាច​សាបព្រោះ​ការបែកបាក់​ក្នុងសង្គម​និង​បំផ្លាញ​ជំនឿ​ទុកចិត្ត​មកលើ​ស្ថាប័នរដ្ឋ​នានា​។​

​ប៉ុន្តែ​ច្បាប់​ទាំង​នោះបាន​បង្កឱ្យមាន​កំ​ហឹ​ង​ពី​បណ្តា​អង្គការ​សិ​ទិ្ធ​មនុស្ស ដែល​បារម្ភ​ថា​ច្បាប់​ទាំងនោះ​អាច​រារាំង​ការពិភាក្សា​តាម​អ៊ី​ន​ធឺ​ណេ​ត ខ្ទប់​ដង្ហើម​បណ្តា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ដែលមាន​មូលដ្ឋាន​សំខាន់ៗ​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ និង អង្គភាព​សារព័ត៌មាន​។​

​លោក នី​កូ​ឡាស បេ​ក្វេ​លីន (Nicholas Bequelin) នាយក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​អាស៊ីអាគ្នេយ៍​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​និយាយថា ច្បាប់​ទាំងនេះ “​ផ្តល់ឱ្យ​អាជ្ញាធរ​សិង្ហ​បុរី​នូវ​អំណាច​ធូររលុង​ដើម្បី​បង្ក្រាប​ទស្សនៈ​នៅលើ​អ៊ី​ន​ធឺ​ណេ​ត ដែល​ខ្លួន​មិន​ពេញចិត្ត​”​។​

​លោក​បន្តថា “​វា​នឹងដាក់​ទោសទណ្ឌ​លើ​សេរីភាព​បញ្ចេញមតិ​និង​ផ្តល់ឱ្យ​រដ្ឋាភិបាល​នូវ​អំណាច​ដ៏​ធូររលុង​ដើម្បី​ហាមឃាត់​សំឡេង​ប្រឆាំង​។ វា​មិនបាន​ផ្តល់នូវ​និយមន័យ​ពិតប្រាកដ​នៃ​អ្វី​ដែលជា​ការពិត​ឬ​មិន​ពិត​ឬ​រឹតតែ​ព្រួយបារម្ភ​ជាងនេះទៀត​នោះ​គឺ ការយល់ច្រឡំ​”៕ ដោយ៖ កញ្ញាដាលីស

សិង្ហ​បុរី​អនុម័ត​ច្បាប់​ស្តីពី​ព័ត៌មាន​ក្លែងក្លាយ​កាលពី​ថ្ងៃ​ពុធ