សិលា​ចារិក​មួយ​ផ្ទាំង​ត្រូវបាន​រកឃើញ​នៅ​ស្រុក​អន្លង់វែង​

1797
ចែករម្លែក
សិលា​ចារិក​មួយ​ផ្ទាំង​ត្រូវបាន​រកឃើញ​នៅ​ស្រុក​អន្លង់វែង​

ដោយៈ លី សុខ​ឃាង ​នាយក​មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង​/ភ្នំពេញៈ​​សិលា​ចារិក​មួយ​ផ្ទាំង​ដ៏​កម្រ​ត្រូវបាន​ប្រទះ​​ឃើញ​នៅក្នុង​ស្រុក​អន្លង់វែង ដែលជា​តំបន់​តស៊ូ​ចុងក្រោយ​របស់ចលនា​ខ្មែរក្រហម​។ ផ្ទាំង​ថ្ម​ប​ញ្ឈនិង​ធ្វើ​អំពី​ថ្មភក់​កំពស់​១,២ ម៉ែត្រ និង​ទទឹង​៤១​សង់ទីម៉ែត្រ​មួយ​នេះ​មានចារិកអក្សរនៅ​ជ្រុងម្ខាងហើយត្រូវបាន​ជឿ​ជាក់ថា​បានយកចេញពីទីតាំងប្រាសាទបន្ទាយស្រី ដែលមាន ឈ្មោះ​ល្បីល្បាញ​អំពី​ក្បាច់ចម្លាក់​ដ៏​ល្អ​ឯក​ក្នុង​លោក​។​

​នៅវេលា​ម៉ោង​៥​ល្ងាច នៃ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨ យ៉ា ប៉ុន ដែលជា​សមាជិកក្រុមការងាររបស់មជ្ឈ​មណ្ឌល​​​​​សន្តិភាព​អន្លង់វែង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានទទួល​ដំណឹង​អំព​ការប្រទះ ឃើញ​សិលា​ចារិក​មួយ​ផ្ទាំង​នៅក្នុង​ដីចម្ការ​មួយកន្លែង ក្នុងភូមិ​របស់ខ្លួន​គឺ​ភូមិ​រំចេក ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​​។ ខណៈពេលដែល​កសិករ​ឈ្មោះ ឡុង ងិ​ល អាយុ​២៨​ឆ្នាំ កំពុង​បញ្ជា​ត្រាក់ទ័រ​ដើម្បី ពូន​រង​ដាំដំឡូង​មី សិលា​មួយ​ផ្ទាំង​នេះ​បាន​ផុស​ឡើង​។ ឡុង ងិ​ល ក៏បាន​រាយការណ៍​អំពី​ការ​រកឃើញ នេះ​ដល់ យ៉ា ប៉ុន ដើម្បី​អនុញ្ញាត​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ​ជ្រាប​ពី​កិច្ចការ​នេះ និង​ត្រៀម​ថែរក្សា​ទុក ជាស​ម្ប​តិ្ត​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​របស់​ប្រទេស​កម្ពុជា​។ ខ្ញុំបាទ (​លី សុខ​ឃាង​) បាន​ជូនដំណឹង​តាម​ទូរស័ព្ទ ទៅកាន់ ឯកឧត្តម​បណ្ឌិត ស ថា​វីអភិបា​នៃ​គណៈ​អភិបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក ហោ ជិន​វិ​រ​យុទ្ធ អភិបាល​នៃ​គណៈ​អភិបាលស្រុក​អន្លង់វែង លោក ហុងយឿន ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត ឧ​ត្ត​រ​មានជ័យ លោក ជុក ជំនោរ ប្រធាន​​នាយកដ្ឋានអភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍ និង​លោកស្រី ធិ​ន​នី មុនី​រស្មី ប្រធាន​​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ព្រមទាំង​លោក ឆាំង យុ នាយក មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​កំពុង​បង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ជាមួយ​លោក ផេង ពង្ស​រ៉ាស៊ី ក្នុង​មជ្ឈមណ្ឌលគរុកោសល្យ​ភូមិភាគ ខេត្តព្រៃវែង ដល់​លោកគ្រូ​អ្នកគ្រូ​ប្រវត្តិសាស្ត្រ​មកពី​ខេត្ត ស្វាយរៀង និង​ព្រៃវែងចំនួន​៥២​នាក់​។​

​តាម​ការអះអាង​ជំហាន​ដំបូង​របស់លោក​សាស្ត្រាចារ្យ វង្ស សុធា​រ៉ា នៃ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រវត្តិវិទ្យា​សាកល វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ថា​បន្ទះ​ស្តម្ភ​ត្រូវបាន​ចារិក​អក្សរ​ស្តីពី​ការ​ត្រាស់បង្គាប់​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៥ នៅក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​៩៦០ (​គឺ​ចន្លោះ​ពី​ឆ្នាំ​៩៦៨​ដល់​៩៧០)​។ លោក​សាស្ត្រាចារ្យ​បានបកស្រាយ​ទៀតថា​ «​អង្គ​ព្រះមហាក្សត្រ​បានចេញ​ព្រះរាជ​បញ្ជា ព្រះរាជទាន​ដីធ្លី និង​ភូមិដ្ឋាន​អនុគ្រោះ​ថ្វាយ​ប្រាសាទ​(​ប្រហែល​)​បន្ទាយស្រី ដោយសារ​មាន​បញ្ជាក់​នាម​ថា «​ឥ​ស្វរ​បុ​រ​:» (Isvarapura) និង​បោះ​គោល​កំណត់​ព្រំប្រទល់​ដែនដី​ទាំងអស់នោះ ថ្វាយ​ប្រាសាទ ព្រមទាំង​តង្វាយ​ភស្តុភារ​ជាច្រើន​ទៀត​សម្រាប់​ព្រះ​នោះ​»​។ បើទោះជា​លោក​សាស្ត្រាចារ្យ​បាន​អាន​សិលា​ចារិក​នេះ​តាមរយៈ រូបភាព​ដែល​ថត​មិនសូវ​ច្បាស់​យ៉ាងណា​ក៏ដោយ លោក យាន យ៉ា មន្ត្រី​នៃ​ការិយាល័យ​បេតិកភណ្ឌ ខេត្ត​ឧ​ត្ត​មានជ័យ បាន​យល់ឃើញ​ស្រដៀង​គ្នា​នេះដែរ​។

ការបកប្រែ​សិលា​ចារិក​នេះ​នឹងត្រូវ​ធ្វើឡើង​បន្តទៀត​។​​ដោយសារតែ​សិលា​ចារិក​នេះ​មាន​សារសំខាន់​ផ្នែក​វប្បធម៌​បេតិកភណ្ឌ និង​ទាមទារ​ឲ្យ​មាន​កិច្ចសហការ​ដ៏​ល្អ​ដើម្បី​រង់ចាំ​ស្ថាប័ន​ពាក់ព័ន្ធ​មក​ទទួលយក​សិលា​ចារិក ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​សន្តិភាព​អន្លង់វែង​បាន​ថែ​រក្សាទុក​នៅក្នុង​កន្លែង​មាន​សុវត្ថិភាព​ចំនួន​ពីរ​ថ្ងៃ​។ លុះដល់​វេលា​ម៉ោង​១២ រហូតដល់​១​ថ្ងៃត្រង់​នៃ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៨ យ៉ា ប៉ុន បានប្រគល់​សិលា​ចារិក​នេះ​ជូនទៅ លោក ផ្ល​ង់ លុច អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​, លោក អ៊ីង ពៅ ប្រធានការិយាល័យ​បេតិកភណ្ឌ និង លោក សុខ ចាន់ថន ប៉ូលីស​បេ​តិក​ភ័​ណ្ឌ​។

វត្តមាន​នៅក្នុង​ពិធី​ប្រគល់​សិលា​ចារិក​នេះ​មានដូចជា លោក ថន កុ​ត អភិបាលរង​ស្រុក​អន្លង់វែង​, លោក ទៀង សា​លីវ ប្រធានភូមិ​រំចេក​ខាងកើត និង ខ្ញុំបាទ (​លី សុខ​ឃាង​)​។ ស្របពេល​ជាមួយគ្នានេះដែរ លោក វ៉ាន់​ថា ពៅ​ដា​រ៉ា នាយករង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក៏បាន​សរសេរ​លិខិត​មួយច្បាប់​ជូនទៅ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ជម្រាប​អំពី​ការរកឃើញ​និង​ការប្រគល់​សិលា​ចារិក នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៨​នេះដែរ​។​

​គួរ​បញ្ជាក់ថា មាន​ប្រាសាទបុរាណ និង​ទីទួល​បុរាណ​ជាច្រើន​ទៀត​នៅក្នុង​ស្រុក​អន្លង់វែង ហើយក៏​កំពុងតែ​ទទួលរង​នូវ​ការខូចខាត​និង​បាត់បង់​ដែរ​។ កន្លងមក ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​សន្តិភាព​អន្លង់វែង ដែលជា​គំនិត​ផ្តួចផ្តើម​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ក្រសួងទេសចរណ៍ ធ្លាប់​ចុះទៅ​ចងក្រង និង​ថត​ខ្សែ​វីដេអូ​ឯកសារ​អំពី «​ប្រាសាទ​ដា​» នៅ​ខាងក្រោយ​ភូមិ​រំចេក​នេះ​។ ការ​បន្លាស់​ទី​របស់​សិលា​ចារិក​ពី​ទីតាំង​ប្រាសាទ​បន្ទាយស្រី​នេះ (​តាម​ការអះអាង​ជំហាន​ដំបូង​) ឆ្ពោះទៅ​ព្រំដែន​កម្ពុជា​ថៃ បាន​និងកំពុង​ក្លាយជា​ភស្តុតាង​មួយ ដែល​អាច​ឆ្លុះបញ្ចាំង​អំពី​ការបំផ្លិចបំផ្លាញ​សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ ខណៈដែល​ប្រទេស​កម្ពុជា​កំពុង​ធ្លាក់​ចូលក្នុង​សង្គ្រាមស៊ីវិល​ចាប់ពី​ឆ្នាំ​១៩៧៩ ដល់ ឆ្នាំង​១៩៩៨​។ ប្រទេស​កម្ពុជា​ក៏មាន​ការអនុវត្ត​ច្បាប់ និង​ផ្តន្ទាទោស​​ចំពោះ​ជន​ណា​ដែល​លួច​ស​ម្ប​តិ្ត​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​របស់​ជាតិ​ដែរ​។ សិលា​ចារិក​មួយ ផ្ទាំង​នេះ ប្រហែលជា​សារ​ដ៏​មានតម្លៃ ដែល​ទាមទារ​ឲ្យ​មានការ​រួបរួមគ្នា​ជា​ធ្លុង​មួយ​ដើម្បី​ថែរក្សា​និង​ការពារ ព្រមទាំង​ការសិក្សា​ស្រាវជ្រាវ​ស៊ីជម្រៅ​ដើម្បី​ស្វែងយល់​អំពី​ការខូចខាត និង​ការបាត់បង់សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​ជាច្រើន​របស់​ប្រទេស​កម្ពុជា នាពេល​កន្លងមក​៕មន