សិល្បករ​ជំនាញ​៧​រូប បង្កើត​ស្នាដៃ​បង្ហាញ​សាធារណជន នៅ​ឧទ្យាន​ស្ថានទូត​បារាំង

1647
ចែករម្លែក
  • 24
    Shares
ស្ថានទូត​បារាំង បើកទ្វារ​ទទួល​សាធារណជន​ឱ្យចូល​ទស្សនា (​រូប ស្ថានទូត​បារាំង​)

​ដោយ​: សុផល / ភ្នំពេញ​៖ ឧទ្យាន​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា គឺជា​លំហ​បៃតង​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ​។ ទីតាំង​ដ៏​វិសេសវិសាល​នេះ ធ្លាប់ជា​ឆាក​នៃ​ព្រឹត្តិការណ៍​រីករាយ និង​សោកសៅ​ជា​បន្តបន្ទាប់ នៅក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​របស់​កម្ពុជា​។ ហេតុដូច្នេះ​ហើយ​បានជា​ឧទ្យាន​ស្ថានទូត​តែងតែ​ស្ថិតនៅក្នុង​ក្តី​ស្រមៃ​របស់​មនុស្ស​គ្រប់រូប​។

​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ឧទ្យាន​ស្ថានទូត​បារាំង នឹង​ប្រែ​ក្លាយទៅជា​វិចិត្រសាល​ធម្មជាតិ​ដ៏​ធំ​មួយ សម្រាប់​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី នៅ​ថ្ងៃ​សៅរ៍ ទី​២៤ និង​ថ្ងៃអាទិត្យ ទី​២៥ ខែមីនា​នេះ នៅក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​បារាំង​ពីរ​សប្តាហ៍​នៅ​ភ្នំពេញ​។ សិល្បករ​កម្ពុជា​៧​រូប នឹងដាក់​បង្ហាញ​ស្នាដៃ​សិល្បៈ​សហ​សម័យ​របស់ខ្លួន ដែល​រចនា​ឡើងជា​ពិសេស​សម្រាប់​ព្រឹត្តិការណ៍​នេះ ហើយ​ដែលមាន​លក្ខណៈ​ស្អាត​សមសួន​ជាមួយនឹង​បរិស្ថាន​ធម្មជាតិ​។ ពួកគាត់​សុទ្ធសឹងតែ​ជា​សិល្បករ​មានឈ្មោះ​បោះ​សំឡេង​នៅលើ​ឆាក​អន្តរជាតិ ហើយ​មួយចំនួន​ទទួលបាន​ការបណ្តុះបណ្តាល​នៅ​ប្រទេស​បារាំង​។​

​ជាមួយ​ជំនាញ​ផ្សេងៗ​គ្នា លោក ឯម រៀម លោក ភើ សុ​ផុន លោក ថាំង សុធា លោក នូ សារី លោក សុវណ្ណ ភី​ឡុង លោក អ៊ូ វណ្ណឌី និង​លោក តោ វុ​ដ្ឋា បាន​បង្កើត​ស្នាដៃ​ពិសេស​រៀងៗ​ខ្លួន ដើម្បី​ដាក់តាំង​បង្ហាញជូន​សាធារណជន​នៅក្នុង​សួនឧទ្យាន ដែល​មើលទៅ​ហាក់បីដូចជា​ការសន្ទនា​ដ៏​ស្ងៀមស្ងាត់​ប្រកបដោយ​មនោសញ្ចេតនារ​វាង​វត្ថុ និង​ធម្មជាតិ ឬ​វត្ថុ​និង​វត្ថុ​។ តាមរយ​:​ដំណើរ​ត្រាច់ចរ​និង​ការស្រមើស្រមៃ អ្នកទស្សនា​នឹងមាន​ឱកាស​គយគន់​ស្នាដៃ​របស់​សិល្បករ​នៅក្នុង​បរិស្ថាន​ដ៏​ស្រស់បំព្រង​មួយ​។ ការចូល​ទស្សនា​នឹងធ្វើ​ឡើង​ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១២​ថ្ងៃត្រង់ និង​ពី​ម៉ោង​៣​រសៀល​ដល់​ម៉ោង​៦​ល្ងាច​។

​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​បារាំង ក្នុង​ការជួយ​លើកស្ទួយ​ស្នាដៃ​សហ​សម័យ​របស់​សិល្បក​រ​កម្ពុជា និង​ពី​សារសំខាន់​ដែល​ប្រទេស​បារាំង ផ្តល់​ដល់​កិច្ចសហប្រតិបត្តិការ​វប្បធម៌​ជាមួយ​ប្រទេស​កម្ពុជា​។ បន្ទាប់ពី​ដាក់តាំង​បង្ហាញ នៅក្នុង​ឧទ្យាន​ស្ថានទូត​ស្នាដៃ​ទាំងនេះ នឹងត្រូវ​យកទៅដាក់​តាំង​ពិព័រណ៍ រយៈពេល​មួយខែ នៅ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​។​

​ដំណើរ​ត្រាច់ចរ​សិល្បៈ​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​បារាំង​ពីរ​សប្តាហ៍​នៅ​ភ្នំពេញ​ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​បារាំង រួមសហការ​ជាមួយ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា និង​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា ដើម្បី​លើកស្ទួយ​វប្បធម៌​បារាំង និង​វប្បធម៌​ខ្មែរ ក៏ដូចជា​ផ្សព្វផ្សាយ​អំពី​ជំនាញ​របស់​ក្រុមហ៊ុន​បារាំង​នានា ឱ្យ​សាធារណជន​កម្ពុជា​បាន​ស្គាល់​កាន់តែច្បាស់​៕L