សិល្បករ អ្នក​ច្នៃ​ម៉ូដ យក​សំរាម​មក​បង្កើតជា​វត្ថុ​សិល្បៈ ច្នៃ​ម៉ូដ​សម្លៀកបំពាក់

2295
ចែករម្លែក

​ដោយៈ​សុផល / ភ្នំពេញៈ​«​យុទ្ធនាការ​ភ្នំពេញ​ស្អាត​» ដែលជា​ផ្នែក​មួយ​នៃ «​គម្រោង​ស្អាត​» បានបញ្ចប់​ជា​ស្ថាពរ​នូវ​ដំណើរការ​ប្រចាំឆ្នាំ​២០១៨ របស់ខ្លួន នា​ល្ងាច​ថ្ងៃ​ពុធ ទី​២៨ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ នៅ​ផ្សារ​ទំនើប​អេ​អន​ម៉​ល​សែន​សុខ​ស៊ី​ធី​។​

​ការបិទ​បញ្ចប់​នេះ​ក្រោយពី​បានសម្រេច​ផែនការ​សកម្មភាព​ផ្សព្វផ្សាយ​និង​អប់រំ ដែល​គួរឱ្យ​ចាប់អារម្មណ៍​ទាក់ទង​នឹង​ការគ្រប់គ្រង​សំរាម តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម សារព័ត៌មាន និង​ជាពិសេស តាមរយៈ​ការចុះ​បញ្ជ្រាប​សារ «​ភ្នំពេញ​ស្អាត​» នៅតាម​បណ្តា​គ្រឹះស្ថាន​មធ្យមសិក្សា​រដ្ឋ និង​ឯកជន​ជាង ៣០ កន្លែង និង​នៅតាម​ទីផ្សារ​ទំនើប​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​។​

​ក្នុង​កម្មវិធី​បិទ​នេះ​ផងដែរ មានការ​បង្ហាញ​សិល្បៈ​ពាក់ព័ន្ធ​នឹង​ការលើកកម្ពស់​បរិស្ថាន និង​ការកែច្នៃ​សំរាម​ចំនួន ៤ ប្រភេទ ដែល​សុទ្ធសឹងតែ​ជា​ស្នាដៃ​កម្រ និង​ស​ម្រឹត​សម្រាំង​នៃ​សិល្បករ សិល្បការិនី អ្នក​ច្នៃ​ម៉ូត អ្នក​ថតរូប​ល្បីឈ្មោះ និង​មាន​ទេព​កោ​លស​ល្យ​នៃ​ប្រទេស​កម្ពុជា ដែលមាន​ដូចជា​លោក​ហ៊ូ រ៉េ​មមី កញ្ញា ហេ​ហ្សេ​ន ផូ លោក ឯម រៀម លោក យុន រតនៈ លោក ភើ សុ​ផុន លោក ឈន វិច្ឆិកា លោក ឈន កក្កដា និង​លោក ម៉ក់ រ៉េមី​ហ្សា​។ សិល្បៈករ សិល្បការិនី អ្នក​ច្នៃ​ម៉ូត អ្នក​ថតរូប​ល្បីឈ្មោះ​ទាំងអស់គ្នា​នេះ បាននាំគ្នា​បង្កើតជា​វត្ថុ​សិល្បៈ រូបថត ម៉ូដ​សម្លៀកបំពាក់​គំនូរ​ឌូ​ដល ព្រមទាំង​វត្ថុ​សិល្បៈ​ជាច្រើន​ទៀត ដែល​សុទ្ធសឹងតែ​កែច្នៃ បង្កើតឡើង​ដោយ​ប្រើប្រាស់​សំរាម ដែលមាន​ដូចជា​បំពង់​បឺត ដប់​ទឹក និង​របស់របរ​ប្លា​ស្ទីក​ដទៃទៀត​។​

​គោលបំណង​សំខាន់​នៃ​ការបង្ហាញ​សិល្បៈ​បរិស្ថាន​នៃ «​យុទ្ធនាការ​ភ្នំពេញ​ស្អាត ឆ្នាំ​២០១៨» នេះ គឺ​ចង់​ប្រើប្រាស់​វត្ថុ​សិល្បៈ​នានា ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ទៅ​សាធារណជន​ទូទៅ ពី​ផលប៉ះពាល់​អវិជ្ជមាន ដែល​កើតឡើង​ពី​ការ​ទុកដាក់​សំរាម​មិន​ត្រឹមត្រូវ ជាពិសេស​ចង់​បំផុស​គុណ​តម្លៃ​នៃ​សំរាម តាមរយៈ​ការប្រើប្រាស់​ឡើងវិញ​អោយអស់​លទ្ធភាព​ក្នុងទិសដៅ​កាត់បន្ថយ​កាកសំណល់​នានា ជាពិសេស​កាត់បន្ថយ​ប្លា​ស្ទិ​ក ព្រមទាំង​បំផុសស្មារតី​ទទួលខុសត្រូវ​ពី​ប្រជាពលរដ្ឋ​ទាំងអស់គ្នា តាមរយៈ​ការចូលរួម​ស្វែងរក​ដំណោះស្រាយ ដើម្បី​បរិស្ថាន​ស្អាត គ្មាន​សំរាម ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្ត​ភាព​។

​សូម​ជម្រាប​ផងដែរ​ថា «​យុទ្ធនាការ​ភ្នំពេញ​ស្អាត​» នេះ​ធ្វើឡើង​នូវ​រៀងរាល់ឆ្នាំ ក្នុងអំឡុង​ខែវិច្ឆិកា ដែល​ត្រូវ​យុទ្ធនាការ​នេះ បាន​ប្រសិទ្ធ​នាម​ថា​ជា «​ខែ​ស្អាត​»​។ ហើយ​ឆ្នាំនេះ គឺជា​ឆ្នាំ​ទី​២​នៃ​យុទ្ធនាការ​ភ្នំពេញ​ស្អាត ដែល​នឹង​ប្រព្រឹត្តឡើង​ពេញ​មួយខែ​វិ​ចិ្ឆ​កា ត្រូវបាន​អនុវត្ត​ដោយ​ស្ម័គ្រចិត្ត ដោយមាន ការចូលរួម​ពី «​យុវជន​សុ​ឆន្ទៈ​ស្អាត​»​ចំនួន ២០០ នាក់​។ ជាក់ស្ដែង យុវជន​សុ​ឆន្ទៈ​ស្អាត ដែលជា​អ្នក​ពាំនាំ​សារ​របស់​យុទ្ធនាការ នឹង​បំពេញការងារ​ស្ម័គ្រចិត្ត ដោយយោង​ទៅតាម​ផែនការ​សកម្មភាព ៩ ធំៗ មានដូចជា​៖ សិក្ខាសាលា​ស្ដីពី​ការបញ្ជ្រាប​ការអប់រំ​ទៅតាម​បណ្តា​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន (​គ្រោង ៣៤ គ្រឹះស្ថាន​អប់រំ​), វេទិកា​វោហា​សព្វ​ជា​សាធារណៈ​, ការ​បំផុស​យុទ្ធនាការ​តាមរយៈ Social media Challenge «​ផ្ទះ​ខ្ញុំ​ស្អាត ភ្នំពេញ​ស្អាត​», ការបង្កើត​កម្មវិធី​ប្រកួតប្រជែង​វីដេអូ​អប់រំ​ខ្លី​, បន្ត​ការចុះ​ផ្សព្វផ្សាយ​តាមរយៈ​ការបិទ​ស្ទី​គ័​រ «​ស្អាត​» និង​ជំរុញ​ការទទួលយក​ទស្សនាទាន​«​ស្អាត​»​ឱ្យបាន​ទូលំទូលាយ​, បន្ត​ការផ្សព្វផ្សាយ​បទ​ចំរៀង​ភ្នំពេញ​ស្អាត និង ខ្លី​ប​វីដេអូ​តុក្កតា​ខ្លី​អប់រំ​ពី​ការថែរក្សា​អនាម័យ​ទីក្រុង តាមរយៈ​ស្ថានីយទូរទស្សន៍ និង​ប្រព័ន្ធ​សារពត៌មាន ។​ល​។ និង ។​ល​។

​ទស្សនាទាន​ចម្បង​នៃ​គម្រោង​ស្អាត ដែល​បង្កើតឱ្យមាន «​យុទ្ធនាការ​ភ្នំពេញ​ស្អាត​» គឺ​សំរាម​មិនមែនជា​របស់​នរណាម្នាក់ ពោលគឺ​វា​កើតចេញពី​យើងទាំងអស់គ្នា ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួមចំណែក​ទទួលខុសត្រូវ​រួមគ្នា​ក្នុងទិសដៅ​រួមគ្នា​គឺ «​ស្អាត​» បានន័យថា «​គ្មាន​សំរាម​ពាសវាល​ពាសកាល​»​។ បុព្វ​ហេតុនេះ បាន​នាំអោយ​គោលបំណង​ជា​សារវន្ត​របស់ «​យុទ្ធនាការ​ភ្នំពេញ​ស្អាត​» គឺ​ផ្ដោតទៅលើ​ការផ្លាស់ប្ដូរ​ឥរិយាបទ​តាមរយៈ​ការអប់រំ និង​ផ្សព្វផ្សាយ​ក្នុងការ​គ្រប់គ្រង​កាកសំណល់​ក្នុងប្រទេស​កម្ពុជា ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ក្រោម​ពាក្យស្លោក​៖ “​សំរាម​មិន​ធ្លាក់​ដល់​ដី ភ្នំពេញ​កាន់តែ​ប្រពៃ​»​។​

«​យុទ្ធនាការ​ភ្នំពេញ​ស្អាត​» នឹង​ក្លាយជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​សំរាម​នៅ​កម្ពុជា​ជាពិសេស​ការអប់រំ​ប្រជាជន យុវជន និង​កុមារ ក្នុង​គោលបំណង​ចែករំលែក​នូវ​ចំណេះដឹង បទពិសោធន៍ យុទ្ធសាស្ត្រ ក្នុងការ​ការពារ​បរិ​ស្ថាន សោភ័ណភាព និង​សុខុមាលភាព ប្រកបដោយ​និរន្តរភាព​។

​គួរបញ្ជាក់​ផងដែរ​ថា គម្រោង «​ភ្នំពេញ​ស្អាត​» គឺជា​យុទ្ធនាការ​មួយ​ដែល​កំពុងតែ​ត្រូវការ ការចូល​រួមសហការ រវាង​ក្រសួង​ពាក់ព័ន្ធ ស្ថាប័នរដ្ឋ​និង​ឯកជន ព្រមទាំង​តាម​បណ្ដា​សាកលវិទ្យាល័យ និង​សាលារៀន​នានា​។ នៅក្នុង​នោះ​ផងដែរ​ក៏មាន​ការចូលរួម​គាំទ្រ​ពី ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួងបរិស្ថាន​, ក្រសួងទេសចរណ៍​, គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​, ក៏ដូចជា រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ដូចនេះ​យុទ្ធនាការ​ភ្នំពេញ​ស្អាត ចាប់ផ្តើម​បើក​ដំណើរការ​ជា​លើក​ទី​ពីរ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​ក្នុង​ឆ្នាំ​បន្តបន្ទាប់ ជាមួយនឹង​ប្រធានបទ​ថ្មីៗ​ទាក់ទង​នឹង​ការគ្រប់គ្រង​សំរាម រហូត​ទាល់តែ​ប្រជាពលរដ្ឋ​គ្រប់រូប​កែ​ទម្លាប់ និង​ប្តូរ​ឥរិយាបថ​ក្នុងការ​ទុកដាក់​សំរាម​អោយបាន​ត្រឹមត្រូវ ពោលគឺ​លែងមាន​សំរាម​ធ្លាក់​ដល់​ដី​នៅ​ទីក្រុង​ភ្នំពេញ ឲ្យ​ដូច​ពាក្យស្លោក​របស់​យុទ្ធនាការ​ភ្នំពេញ​ស្អាត «​សំរាម​មិន​ធ្លាក់​ដល់​ដី ភ្នំពេញ​កាន់តែ​ប្រពៃ​»​។​

​កម្មវិធី​ប្រកា​សបិទ​ជា​ផ្លូវការ​និង​ការបង្ហាញ​សិល្បៈ​បរិស្ថាន​នៃ​«​យុទ្ធនាការ​ភ្នំពេញ​ស្អាត​សម្រាប់ ឆ្នាំ​២០១៨» នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សហ​ស្ថា​និក «​គម្រោង​ស្អាត​» ៖ លោក ហ៊ុន ម៉ា​នី សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, លោក ជី សីលា អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay, លោកស្រី ជា សុ​ផល្លា អគ្គនាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន Emerald Plus, លោកស្រី ហេង ធីតា នាយិកា​ផ្នែក​សេវាកម្ម​ហិ​រញ្ញា​វត្ថុ​បុគ្គល​នៃ​ធនាគារ CIMB Cambodia PLC, លោក ហៃ ភិរម្យ អគ្គនាយក​ក្រុមហ៊ុន Bosch នៅក្នុង​ប្រទេស​កម្ពុជា និង​លោកស្រី ទេព កូ​លាប សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU)​។ ក្នុងនោះដែរ មានការ​ចូលរួម​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ ដែលជា​ថ្នាក់ដឹកនាំ​នៃ​បណ្តាល​ក្រុមហ៊ុន​ឯកជន សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ស្ថានទូត និង​ជា​ម្ចាស់​ឧបត្ថម្ភ​នៃ​គម្រោង​ភ្នំពេញ​ស្អាត សមាជិក សមាជិកា នៃ​ក្រុមការងារ​ប្រតិបត្តិ​គម្រោង​ស្អាត យុវជន​សុ​ឆន្ទៈ​ស្អាត សិល្បករ សិល្បការី ព្រមទាំង​មហាជន​ដែល​ទាំងអស់​មាន​ចំនួន​សរុប​ជាង ៤០០នាក់​៕