សិល្បៈ​គូ​គំនូរ​លើ​ជញ្ជាំង​សណ្ឋាគារ​បូ​ទិច​ទទួលបាន​ប្រាក់ចំណូល​ស្មាន​មិន​ដល់​

2622
ចែករម្លែក
  • 122
    Shares

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​ក្រៅពី​ផ្ទាំងគំនូរ​បែប​ទេសភាព ធម្មជាតិ មនុស្ស សត្វ និង​ប្រាសាទបុរាណ​ផ្សេងៗ របស់​អ្នកសិល្បៈ​គូ​គំនូរ ដែល​បាន​ដាក់តាំង​លក់ ជាច្រើន​កន្លែង​ក្នុង​ក្រុង​ទេសចរ​សៀមរាប​អង្គរ​។ វិចិត្រករ​វ័យ​ជាង​៣០​ម្នាក់ ក៏បាន​បង្ហាញ​អំពី​គំនូរ របៀប​ប្រើ អារម្មណ៍​មួយបែប​ទៀត ដោយ​គូ​តាម​ជញ្ជាំង​សណ្ឋាគារ បូ​ទិច ហាង​ការ​ហ្វេ ឬ​តា​មកា​រិ​ល័យ​។

​សិល្ប​:​នៃ​ការ​គំនូរ​បែប​ប្រើ​អារម្មណ៍​នេះ បាន​កំពុង​ពេញនិយម សម្រាប់​ម្ចាស់​សណ្ឋាគារ បូ​ទិ​ក នៅ​ខេត្ត សៀមរាប​យ៉ាងខ្លាំង ពិសេស​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍​។​ជាមួយនិង​ការជួយ​លើ​កម្ពស់​ស្នាដៃ​កូន​ខ្មែរ ផ្នែក​គូ​គំនូរ​នេះ ប្រាក់ចំណូល​សម្រាប់​អ្នកជំនាញ​រូបនេះ ក៍​ទទួលបាន​សមរម្យ ដែល​អ្នកផង​ស្មាន​មិន​ដល់​។​
​ស្ថិតក្នុង​វ័យ​៣៥​ឆ្នាំ លោក អ៊ុន សាវ៉ា​ន់ អាជីព​ជា​អ្នកសិល្បៈ​គូ​គំនូរ​តាម​ជញ្ជាំង​សណ្ឋាគារ បូ​ទិ​ក បានឱ្យដឹងថា​ដោយសារ​មានការ​ស្រលាញ់​និង​ចូលចិត្ត​គំនូរ​តាំងពីក្មេង​លោក​បាន​ខិតខំ​រៀនសូត្រ​ផ្នែក​គូ​គំនូរ​នេះ​រហូត​ក្លាយជា​អ្នក​គូ​គំនូរ​អាជីព​អស់​រយ​:​ពេល​ពីរ​ឆ្នាំ​។ នៅ​ឆ្នាំ​២០០៤ រូបលោក​បានចេញ​អនុវត្ត​ផ្ទាល់​ដោយ​ដើរ​សម្លឹងមើល​រូបភាព​តាម​ប្រាសាទ ហើយ​អង្គុយ​គូ​តែម្តង​។

ដោយ​ផ្តោតលើ​រូប​និង​រចនាបទ​ជាក់ស្តែង​។ ក្រោយ​ទទួលបាន​ស្នាដៃ​ល្អ លោក​ក៏បាន​ចេញទៅ​ជួយ​បង្រៀន​ដល់​ក្មេងៗ​៥​ទៅ​៦​អង្គការ​ទៀត រហូតដល់​ស្នាដៃ​នេះ លេចឮ​ដល់ ម្ចាស់​សណ្ឋាគារ បូ​ទិ​ក និង​បណ្តា​ហាង​ផ្សេងៗ ចាប់អារម្មណ៍ ទាក់ទង​ឱ្យ​គូ​រូប​បែបនេះ រហូតដល់​បច្ចុប្បន្ន​។

​លោក​បន្តថា នៅក្នុង​ខេត្តសៀមរាប​បច្ចុប្បន្ននេះ អ្នក​គូ​គំនូរ​ភាគច្រើន គឺ​គេ​គូររូប​ប្រាសាទបុរាណ ឬទេ​ស ភាព​នៅ​តំបន់​ស្រុកស្រែ​នៅលើ​ផ្ទាំង​ក្រ​ណាក់​សម្រាប់​ដាក់លក់​ជាពិសេស​លក់​ឱ្អ្ន​ក​ទេសចរ​។​ប៉ុន្តែ​សម្រាប់​លោក​វិញ គឺ​បាន​ចាប់យក​ការ​គូ​គំនូរ​តាម​ជញ្ជាំង​សណ្ឋាគារ បូ​ទិច តាម​ហាង​ការ​ហ្វេ ឬ​តាម​ការិយាល័យ​ផ្សេងៗ​ដោយសារ​នៅ​ខេត្តសៀមរាប កំពុង​ពេញនិយម​ក្នុងការ​គូ​គំនូរ​បែបនេះ​។

ជាពិសេស​គំនូរ​ដែល​លោក​គូរ​នៅលើ​ជ​ញ្ជំ​ង​ក្នុង​បន្ទប់​សណ្ឋាគារ គឺ​បានបង្ហាញ​ឱ្យ​អ្នកទេសចរ​បរទេស ដែល​ចូលមក​ស្នាក់នៅ​បានឃើញ និង​ស្វែងយល់​ពី​វប្បធម៌​ខ្មែរ និង​ស្នាដៃ​គំនូរ​កូន​ខ្មែរ​ផងដែរ​។​

​វិចិត្រករ អ៊ុន សាវ៉ា​ន់ បញ្ជាក់ថា បច្ចុប្បន្ននេះ​ការងារ​លើ​វិស័យ​ផ្សេងៗ ក៏មាន​ជាច្រើន​សម្រាប់​ឱ្យ​លោក​ធ្វើ​។ ប៉ុន្តែ​មិនអាច​ចោល​អាជីព​អ្នក​គូរគំនូរ​នេះ​បានទេ​ព្រោះ​ទី​១ ដោយសារតែ​ស្រលាញ់​និង​ចូលចិត្ត​។ ទី​២​ងាយស្រួល​រកប្រាក់​ចំណូល​។ ទី​៣​ចង់​ចូលរួម​លើកស្ទួយ​សិល្បៈ​គូរគំនូរ​របស់​កូន​ខ្មែរ​នេះ​ឱ្យនៅ​តែមាន​ភាពល្បីល្បាញ ព្រោះ​នូវ​រាល់​គំនូរ​ភាគច្រើន​សុទ្ធតែ​បានបង្ហាញ​ពី​វប្បធម៌ ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ​។

គំនូរ​ដែល​លោក​គូរ​នៅលើ​ជញ្ជាំង​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ផ្ទាំង​មាន​ទំហំ​១​ម៉ែត្រ​គុណ​២​ម៉ែត្រ​មានតម្លៃ​ពី​១៥០​ទៅ​២០០​ដុល្លារ​ដោយ​ប្រើ​រយៈពេល​គូរ​៣​ម៉ោង សម្រាប់​គំនូរ​សរ​ខ្មៅ និង​ពេញ​មួយថ្ងៃ​សម្រាប់​គំនូរ​ព័ណ៌​។

រាល់​គំនូរ​ភាគច្រើន ប្រើ​គំនិត​ឆ្នៃប្រឌិត​ថ្មី ធ្វើ​យ៉ាង ណា​ឱ្យ​ប្លែក ស្អាត មានការ​អាចារ​ម្មណ៍ ប៉ុន្តែ​តាម​លំនាំ​និង​ក្បាច់រចនា​របស់​ខ្មែរ​។ ចំណុច​នេះហើយ ដែល​រូបលោក និយាយបានថា ប្រាក់ចំណូល​សមរម្យ​និង​ស្មាន​មិន​ដល់ នេះ​បើ​ប្រៀបធៀប និង​ការងារ​សំណង់​។​

​សា​វ៉ាន់​បញ្ជាក់ទៀតថា​គ្រប់​ម្ចាស់​សណ្ឋាគារ​បូ​ទិ​ក​។​ល​។​ប្រសិនបើ​ពួកគាត់​ហៅ​ទៅ​គូ​គំនូ​លើ​ផ្ទាំង​ជញ្ជាំង​បន្ទប់​ណាមួយ តាម​ការចង់បាន ហើយ​ទីតាំង​នោះ មិន​សាក​សមនិង​ប្រើ​រូបគំនូរ​បែប​នោះ​។ លោក​មិន​គូ​ដាច់ខាត ព្រោះថា ក្រៅពី​គ្មាន​ភាព​ទាក់ទាញ និង​ខុស​រចនាបទ​របស់​ខ្មែរ វា​ធ្វើអោយ​ស្នាដៃ​លោក​ធ្លាក់ចុះ ទៅវិញ​។ ការ​គូ​រូប​បែប​ប្រើ​អារម្មណ៍​នេះ គឺ​រំលេច​នូវ​អ្វីដែល​គយគន់​យូ បង្ហាញ​ភាព​ទាក់ទាញ កាន់តែ​ជក់ចិត្ត​។​

​ជាមួយគ្នានេះ លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​គាំទ្រ​ស្នាដៃ​គំនូរ​កូន​ខ្មែរ ព្រោះ​គំនូរ​ជា​ចំណែក​មួយ​ដ៍​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ​វប្បធម៌​តាមរយៈ​អ្នកទេសចរ​បានឃើញ និង​ទិញ​គំនូរ​យកទៅដាក់​តាំងនៅ​ប្រទេស​គេ​។ មានន័យថា អ្នកទេសចរ​នៃ​ប្រទេស​ណា​ម្នាក់​ដែល​បាន​ទិញ​គំនូរ​ពី​ស្នាដៃ​កូន​ខ្មែរ វប្បធម៌​ខ្មែរ​ក៍បាន​ផ្សព្វផ្សាយ​ទៅដល់​ប្រទេស​នោះដែរ​៕S/

​សិល្បៈ​គូ​គំនូរ​លើ​ជញ្ជាំង​សណ្ឋាគារ​បូ​ទិច​ទទួលបាន​ប្រាក់ចំណូល​ស្មាន​មិន​ដល់​

#